នាង​ឆ្នាស​ប៉ុន្តែ​គួរ​ឱ្យ​ស្រឡាញ់

  • 2015-11-16 17:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

កាល​ខ្ញុំ​រៀន​ឆ្នាំ​ទី​មួយ​ គ្រួសារ​ខ្ញុំ​បាន​រើ​ផ្ទះ​ពី​បឹង​កេងកង​មក​នៅ​ភ្នំពេញ​ថ្មី​ ហើយ​នៅ​រំលង​​ផ្ទះ​ខ្ញុំ​ពីរ បី​ផ្ទះ​មាន​ផ្ទះ​ចិន​លក់​ចាប់ហួយ​មួយ​ ដែល​ល្បី​ថា​មាន​កូន​ស្រី​ស្អាត​ហើយ​កំពូល​ឆ្នាស​ ឈ្មោះ ឃីម។​ ខ្ញុំ​ឆ្ងល់​ដល់​ហើយ​ ម៉េច​ក៏​ស្រី​ស្អាត​ចាំ​បាច់​ត្រូវ​តែ​ឆ្នាស​​អញ្ចឹង? ធ្វើ​ស្លូត​ៗ​ខ្លះ​ទៅ​មិន​បាន​ទេ​ហ្អី?

 

រី​ឯ​​ខ្ញុំ​មិន​តម​ស្រី​ស្អាត​ទេ ទោះ​ជា​ឆ្នាស​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ចង់​តែ​ពុត​និស្ស័យ​នោះ​ចេញ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​ទៅ​ផ្ទះ​របស់​នាង​ដើម្បី​ទៅ​ទិញ​ ទឹក​ផ្លែ​ឈើ​មួយ​កេស​ ចៃដន្យ​នាង​នៅ​ផ្ទះ​លក់​តែ​ម្នាក់​ឯង​ បាន​ដៃ​ខ្ញុំ​បណ្ដោយ... មិន​មែន​ចង់​បំពារ​បំពាន​លើ​នាង​ទេ តែ​ចង់​ដឹង​ថា​នាង​នោះ​ឆ្នាស​ប៉ុណ្ណា?

 

«អ្នក​លក់!» ទៅ​ដល់​ខ្ញុំ​ហៅ​ភ្លាម​ «យក​អី?» នាង​ដក​ភ្នែក​ពី​ទូរទស្សន៍ ហើយ​សួរ​ខ្ញុំ​កំបុតកំបុយ​គួរ​ឱ្យ​ក្នាញ់ «ទឹក​ក្រូច​មួយ​កេស» នាង​ក៏​ដើរ​តាំង​ៗ​ទៅ​លើក​ទឹក​ក្រូច​មួយ​កេស​ដូច​លើក​សំឡី​ត្បាល់​ត្រចៀក​ ហើយ​ទម្លាក់​ព្រុស​លើ​ ធុង​ទឹកកក​ក្រហម​។ «ខ្ញុំ​អត់​យក​អា​ហ្នឹង​ទេ​យក​អា​ក្រោម​គេ​បំផុត» «ស្អី?» នាង​ធ្វើ​មុខក្រមូវ «យក​ឱ្យ​អត់? បើ​មិន​យក​ទៅ​ទិញ​តូប​ផ្សេង​ក៏​បាន​ដែរ» ខ្ញុំ​គំរាម​ទើប​នាង​ដើរ​ទៅ​រើ​ម្ដង​មួយៗ។ បាន​ធ្វើ​បាប​នាង​ពិត​ជា​ពេញ​ចិត្ត​ខ្ញុំ​តែ​ម្ដង​ហើយ។

 

លុះ​ក្រោយៗ​មក​ទៀត​ ខ្ញុំ​ក៏​ទៅ​ញ៉េះញ៉ោះ​នាង​ទៀត​តែ​មិន​មែន​ទៅ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ហៅ​គ្នា​ បួន ប្រាំ​ម៉ូតូ​ទៅ​ទិញ​ឥវ៉ាន់​ផ្ទះ​នាង ហើយ​ពួក​ម៉ាក​ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​ថា ឃីម​ ហ្នឹង​ឆ្នាស​ដូច​ខ្ញុំ​ថា​ឬ​ក៏​អត់។ តែ​រឿង​មិន​គួរ​កើត ​បាន​កើត​ឡើង​ ដោយ​សារ​មិត្តភ័ក្ដិ​ខ្ញុំ​និយាយ​ញ៉ោះ​នាង​ថា «ចង់​ទិញ​អ្នក​លក់​»។ នាង​ក៏​មិន​អន់​ដែរ ក៏​តប​មក​ថា «ស្អី​ពួក​អា​ឡប់​ឯង?»។ មិត្តភ័ក្ដិ​ខ្ញុំ​នោះ​វា​ក្ដៅ​ស្លឹក​ត្រចៀក​ដែល​មាន​ស្រី​ជេរ​ដូច្នេះ​ ព្រោះ​កន្លង​មក​​ធ្លាប់​តែ​មាន​ស្រី​អែបអប​​វា តែ​ស្រី​ភ្នែក​តឹង​នេះ​ជេរ​វា​កប់​ៗ​មាត់។ វា​គំហក​ទៅ​កាន់​ឃីម​ខ្លាំង​ៗ ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា ស្រី​ល្អិត​ភ្នែក​តឹង​ហ្នឹង​ហ៊ាន​យក​អា​ចាន​ដែក​ដែល​ត្រង​ទឹកកក​រលាយ​ក្រោម​ធុង​មក​ជះ​លើ​ពួក​ខ្ញុំ​ដែរ។ គ្នា​ខ្ញុំ​៧ នាក់​មិន​មាន​អ្នក​ណា​ឮ​មាត់​ទេ គឺ​ឮ​តែ​មាត់​ស្រី​ល្អិត​នោះ​ញ៉ែត​ៗ ដូច​ម៉ែ​ផាន់។ នាង​ជេរ​បាន​ពីរោះ​ណាស់​រហូត​ដល់​ខ្ញុំ​សរសេរ​មិន​ចេញ​ មួយ​សន្ទុះ​ក្រោយ​មក​ម៉ា​របស់​នាង​ក៏​ចេញ​មក​ គាប់​ជួន​ប៉ា​ខ្ញុំ​ជិះ​ឡាន​ទៅ​ធ្វើ​ការ​កាត់​តាម​នោះ​ដែរ ឃើញ​ហេតុការណ៍​នេះ​ក៏​ចុះ​មក​អន្តរាគមន៍​ដែរ​ ចុង​ក្រោយ​ចាស់ៗ​កាត់​សេចក្ដី​​ឱ្យ​ពួក​យើង​សុំទោស​គ្នា​ទៅ​វិញ​ទៅ​មក។

 

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ ឱ្យ​តែ​ពេល​ខ្ញុំ​ទៅ​ទិញ​អី​នៅ​ផ្ទះ​របស់​នាង​ នាង​តែង​តែ​ថា​គ្មាន​លក់​ទេ ស្អី​ក៏​ដោយ​ក៏​នាង​ថា​អត់​មាន​លក់​ដែរ សូម្បី​តែ​ខ្ញុំ​ឃើញ​របស់​នោះ​ដាក់​តាំង​ជ្រងោ​ៗ​ ក៏​ដោយ។ ប្រហែល​ជា​នាង​ខឹង​នឹង​ខ្ញុំ​ហើយ មាន​អី! ខ្ញុំ​ដឹង​ថា​នាង​ខឹង​តើ តែ​ខ្ញុំ​ចូល​ចិត្ត។

 

ថ្ងៃ​មួយ​ពេល​ទៅ​ទិញ​របស់​នៅ​ទី​នោះ​ ក៏​ជួប​នឹង​ម៉ា​របស់​នាង​នៅ​លក់​តែ​ម្នាក់​ឯង គាត់​ពីមពើម​លក់​តែ​ម្នាក់​ឯង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​គេច​សាលា​មួយ​ថ្ងៃ​ជួយ​លក់​ចាប់ហួយ​គាត់។ លុះ​ល្ងាច​បន្តិច​​គាត់​កាន់​ទូរសព្ទ​មួយ​ហុច​មក​ខ្ញុំ​ ឱ្យ​តេ​ទៅ​ចៅ​របស់​គាត់​ ផ្ដាំ​ឱ្យ​នាង​ទិញ​ម្ហូប​ផង។ ខ្ញុំ​ចុច​រក​ឈ្មោះ​ចៅ​គាត់​ហើយ ខ្ញុំ​ឱ្យ​គាត់​អ្នក​និយាយ​ តែ​ខ្ញុំ​ក៏​បាន​កត់​លេខ​នាង​ទុក​ដែរ។

 

ពីរ​បី​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​ក៏​តេ​ទៅ​នាង​ អុក​ឡុក​នាង​ពេញ​មួយ​យប់​ ដោយ​ខ្ញុំ​បាន​ទិញ​ស៊ីម​ជា​ច្រើន​ទុក​ធ្វើ​បាប​នាង។ ជួន​ទៅ​​ខ្ញុំ​ក៏​តេ​ទៅ​ទារ​លុយ​តុង​ទីន​នាង ជួន​ទៅ​ក៏​តេ​ទៅ​ចោទ​ថា​នាង​ប្រពន្ធ​ចុង​គេ ជួន​ទៅ​តេ​ទៅ​នាង​ម៉ោង ១២​យប់​លេង ឯ​ជួន​កាល​ទៀត​តេ​ទៅ​ប្រាប់​នាង​ឱ្យ​មក​បូម​លូ​បង្គន់។ គ្រប់ពេល​​ដែល​ខ្ញុំ​ធ្វើ​បាប​ នាង​ដឹង​តែ​ជេរ​ហើយ​ស្រី​ឆ្នាស​​ហ្នឹង​នោះ កំពុង​តែ​ជំនាញ​ខាង​ជេរ​ផង។

 

 

 

(រូបតំណាង)

 

​​​​តែ​លើក​នេះ​ចង់​ធ្វើ​បាប​នាង​ទៀត​​ក៏​លែង​បាន​ព្រោះ​នាង​បិទ​ទូរសព្ទ​ ស្អែក​ហើយ​ ស្អែក​ទៀត​ ស្អែក​ប៉ុន្មាន​ដង​ក៏​នាង​បិទ​ទូរសព្ទ​ដែរ។ ពេល​ទៅ​ទិញ​ឥវ៉ាន់​ផ្ទះ​នាង​ ក៏​មិន​ឃើញ​គឺ​ឃើញ​តែ​ម៉ាក់​របស់​នាង​ និង​ម៉ា​របស់​នាង​ប៉ុណ្ណោះ។

 

ខ្ញុំ​មាន​អារម្មណ៍​ថា​​បាត់​នាង ដូច​បាត់​ការ​ងារ​មួយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ដែរ​អញ្ចឹង ព្រោះ​ពី​មុន​យ៉ាង​ហោច​ណាស់​​ក៏​ចំណាយ​ ១០ នាទី​រាល់​ថ្ងៃ​ក្នុង​ការ​រក​រឿង​នាង​ដែរ។

 

ប្រហែល​ជា​មួយ​អាទិត្យ​ក្រោយ​មក​ខ្ញុំ​ដាច់​ចិត្ត​លប​សួរ ម៉ា​របស់​នាង​ គាត់​ក៏​ប្រាប់​ថា​នាង​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​ថៃ​បាត់​ហើយ។ ស្មាន​តែ​នាង​ជេរ​ពូកែ​ តែ​រៀន​ក៏​ពូកែ​ដែរ! ខ្ញុំ​ឮ​ហើយ​ស្រងាក​ចិត្ត​ភ្លាម ដឹង​ដែរ​ថា​នាង​មិន​ត្រូវ​ជា​ស្អី​នឹង​ខ្ញុំ​ទេ​តែ ដូច​ម៉េច​មិន​ដឹង​ទេ​ ពិបាក​និយាយ​ ពិបាក​រៀប​រាប់។

 

២​ឆ្នាំ​ក្រោយ​មក​ទៀត គឺ​នៅ​ពេល​ដែល​ខ្ញុំ​រៀន​ឆ្នាំ​ទី​បី​ ប៉ា​ម៉ាក់​ ខ្ញុំ​ហើយ​និង​ប្អូន​ប្រុស​ខ្ញុំ នាំ​គ្នា​ទៅ​លេង​​ថៃ ជា​ចៃដន្យ​ខ្ញុំ​ក៏​បាន​ជួប​នាង​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​នៅ​បាងកក​​ពេល​ត្រឡប់​មក​ពី​ដើរ​ផ្សារ​វិញ។ នាង​ជា​មួយ​នឹង​មិត្តភ័ក្ដិ​ខ្មែរ​នាង​ជា​ច្រើន​ទៀត​ មិន​បាន​ឃើញ​ខ្ញុំ​ទេ​ តែ​ខ្ញុំ​ឯ​ណេះ​វិញ​ ឃើញ​គេ​ហើយ​ដូច​រើស​បាន​លុយ​ មួយ​រយ​ដុល្លារ​អញ្ចឹង។ ភ្នែក​នាង​នៅ​តែ​តូច​ដូច​ដើម ឯ​ការ​ស្លៀក​ពាក់​ស៊ីវិល័យ​គួរ​សម ខ្ញុំ​ខំ​ដើរ​ទៅ​ក្បែរ​ប្រុង​សួរ​នាំ​នាង​ដែរ​ប៉ុន្តែ ដល់​ស្ថានីយ​ដែល​ពួក​ខ្ញុំ​ត្រូវ​ចុះ​ទៅ​សណ្ឋាគារ​វិញ​ហើយ ខ្ញុំ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ចុះ​មុន​នាង​បាត់​ទៅ។

 

ចាប់​តាំង​ពី​ពេល​​មក​ពី​ថៃ​វិញ​មិន​ដែល​ជួប​នាង​សោះ​​ ចង់​ជួប​នាង​ខ្លាំង​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ កាល​នៅ​លើ​រថភ្លើង​បាន​ជួប​ហើយ​តែ​ពេល​វេលា​មិន​អំណោយ​ផល។

 

ឥឡូវ​នេះ​ហួស​អស់​ហើយ​ ប៉ះ​ចំ​ប៉ា​ខ្ញុំ​កំពូល​អ្នក​រើ​ផ្ទះ​ផង​ ឱ្យតែ​​ចេះ​ចំណេញ​លក់​ៗ​ហើយ​ ដូច្នេះ​ខ្ញុំ​ក៏​ត្រូវ​រើ​ផ្ទះ​ម្ដង​ទៀត​ ទៅ​នៅ​ម្ដុំ​តាខ្មៅ​វិញ​ព្រោះ​ជិត​កន្លែង​ធ្វើ​ការ​គាត់។ ឥឡូវ​រៀន​ចប់​អនុបណ្ឌិត​ហើយ​មាន​ការងារ​ធ្វើ​ ពួក​ម៉ាក​​ជំនាន់​ទៅ​រករឿង​​ឃីម​ជា​មួយ​ខ្ញុំ​នោះ​មាន​កូន ពេញ​ផ្ទះអស់​​ហើយ​   នៅ​តែ​ខ្ញុំ​ទេ ព្រោះ​ចេះ​តែ​ចាំ​ៗ​ទៅ​ក្រែង​បាន​ជួប​នាង! តែ​បើ​ពីរ​ឆ្នាំ​ទៀត​នៅ​តែ​មិន​បាន​ជួប​ទៀត​ ធ្វើ​ម៉េច​ទេ​ចឹង បើ​គ្មាន​និស្ស័យ​ មាន​តែ​យក​ប្រពន្ធ​តាម​ម៉ាក់​តាម​ប៉ា​ទៅ។

 

ប៉ុន្តែ... កាល​ពី​មុន​ភ្ជុំ​ខ្ញុំ​ក៏​សាក​ល្បង​ទៅ​ភ្នំពេញ​ថ្មី​ម្ដង​ទៀត​ក្រែង​លោ នាង​ត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ​។ ការ​គិត​របស់​ខ្ញុំ​នៅ​តែ​មិន​ខុស​មែន​ នាង​បាន​ត្រឡប់​មក​វិញ​ហើយ​ ភ្នែក​នាង​​នៅ​តែ​តែ​តឹង​ដដែល តែ​ពោះ​នាង​ធំ​ដូច​អ្នក​ផឹក​ខួប​ប្រាំង​ ខួប​វស្សា​​ ខ្ញុំ​ថែម​ទាំង​បាន​ឃើញ​ប្រុស​ម្នាក់​អាយុ​ប្រហែល​​សាមសិប​ឆ្នាំ​ជាង​​អង្គុយ​​នៅ​ក្នុង​ផ្ទះ​លក់​ចាប់​ហួយ​​នោះ​ទៀត​ផង ហើយ​ឃើញ​នាង​កំពុង​តែ​អង្គុយ​ចុច​ទូរសព្ទ​ក្បែរ​ប្រុស​ម្នាក់​ហ្នឹង​ មិន​ប្រាប់​ក៏​ដឹង​ដែរ​ថា​នាង​រៀប​ការ​ហើយ​ មាន​កូន​ក្នុង​ផ្ទៃ​ទៀត​។

 

ខ្ញុំ​គ្មាន​មុខ​ទៅ​រក​រឿង​នាង​ដូច​កាល​មុន​ទេ មាន​តែ​បក​ឡាន​ត្រឡប់​​ទៅ​ផ្ទះ​នៅ​តាខ្មៅ​វិញ​ ហើយ​ជូន​ពរ​ឱ្យ​ស្រី​ឆ្នាស​របស់​ខ្ញុំ​ឱ្យ​ឆ្លង​ទន្លេ​ដោយ​សុវត្ថិភាព​៕

 

ចុចអាន៖ លួច​ស្រលាញ់​មនុស្ស​ម្នាក់​រយៈពេល​៨ឆ្នាំ ទី​បំផុត…

ចុចអាន៖ វិល​វិញ​បាន​ទេ ​ឲ្យ​ចៅ​​​សម្រេច​សន្យា​សិន? អត្ថបទ៖ P.T ​​​​​​

 

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បានសូមចុចត្រង់នេះ

 

អត្ថបទថ្មី