វិល​វិញ​បាន​ទេ ​ឲ្យ​ចៅ​​​សម្រេច​សន្យា​សិន?

  • 2015-07-30 20:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សនៅក្នុងការចងចាំរបស់ខ្ញុំ​​​គឺ​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​ខ្ញុំ​បំផុត…​ជា​មនុស្ស​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​គ្រប់​ពេល​បើក​ឬ​បិទ​ភ្នែក​…ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្វើ​អោយ​ចរិត ​កាច​ឆ្នាស​ រឹង​រុះ​មិន​ចេះ​ចុះចាញ់​ របស់​ខ្ញុំ​សាបរលាប…​គាត់​គឺ​ជា​មនុស្ស​ស្រី​ដ៏​អស្ចារ្យ​នោះ​គឺ​យាយ​របស់​ខ្ញុំ។​

 

អតីតកាល​

 

ការ​ពិត​ភាព​កក់ក្ដៅ​តាំង​ពី​វ័យ​កុមារភាព​គឺ​ខ្ញុំ​តែង​ទទួល​បាន​ពី​លោក​យាយ​របស់​ខ្ញុំ​ច្រើន​ជាង​ពី​ម៉ាក់​និង​ប៉ា​​​ព្រោះ​ថា​កាល​នោះ​ទាំង​ម៉ាក់​និង​ប៉ា​គឺ​សុទ្ធសឹងតែ​រវល់​ប្រកប​កិច្ចការ​រៀងៗ​ខ្លួនៗ។ ម៉ាក់​យក​ខ្ញុំ​ទៅ​ផ្ញើ​នឹង​យាយ​ដែល​មាន​តូប​លក់​ចាប់ហួយ​តួច​មួយ​នៅ​ផ្សារចាស់។​

 

ពេល​ខ្ញុំ​ចេញ​ពី​សាលា​គឺ​តែងតែ​ទៅ​នៅ​តូប​យាយ​ជួយ​លក់​គាត់​តិចតួច​ឬ​ជួយ​ស្រែក​ហៅ​គាត់​ពេល​មាន​គេ​មក​ទិញ​ព្រោះ​កាល​​នោះ​ខ្ញុំ​នៅ​អាយុ​៥​ឆ្នាំ​អី​នៅ​ឡើយ។​ ពេលទំនេរ​ខ្ញុំ​ជួយ​លីង​សណ្តែក​ដី​​​ និង​ ច្រក​ឥវ៉ាន់​គាត់​ខ្លះៗ។​យាយ​តែង​អោយ​លុយ​ខ្ញុំ​​ចាយ​និង​ទិញ​បង្អែម​ឬ​នំ​បញ្ចុក​អោយ​ខ្ញុំ​ញ៉ាំ​រាល់​ពេល ​​ព្រោះ​គាត់​ខ្លាច​ខ្ញុំ​ឃ្លាន។ ​​ពេល​ឃើញ​ទីងមោង​ឬ​ព្រះសង្ឃ​ខ្ញុំ​តែង​រត់​យំ​ទៅ​​​រក​​យាយ​ ហើយ​ទម្រាំ​ជើង។

 

 

មាន​យាយ​នៅ​ក្បែរ​គ្មាន​អ្នកណា​អាច​ធ្វើ​បាប​ខ្ញុំ​បាន​ទេ... មាន​យាយ​នៅ​ក្បែរ​ខ្ញុំ​មាន​អារម្មណ៍​ថា​  ​​​កក់​ក្ដៅ​និង​សុវត្ថិភាព​បំផុត។ ពេល​ខ្ញុំ​ធំ​បន្តិច​យាយ​តែង​យក​ខ្ញុំ​ទៅ​វត្ត​ជាមួយ​គាត់​រាល់ថ្ងៃ​សីល​ហើយ​អួត​ប្រាប់​អាចារ្យ​និង​មិត្តភ័ក្ដិ​គាត់​ថា​នេះ​ហើយ​ចៅស្រី​ខ្ញុំ​វា​ធំ​ហើយ​...វា​ខំ​រៀន​ ហើយ​រៀន​ពូកែ​ណាស់។​

 

នៅ​ចាំ​បាន​ថា​យាយ​បាន​ផ្លាស់មក​នៅ​ជុំ​ជាមួយ​គ្រួសារ​ខ្ញុំ​បន្ទាប់​ពី​គាត់​បាន​រអិល​ដួល​ហើយ​ជើង​ខាង​ស្តាំ​​​របស់​គាត់​ក៏​ពិការ។ ​ទោះ​ជា​យ៉ាងណា​ ​​ទឹក​ចិត្ត​គុណធម៌​ដ៏​មហិមា​របស់​យាយ​មិន​បាន​បាត់​​បង់​ឡើយ។

 

យាយ​នៅ​តែ​ធ្វើការ​ឥត​មាន​ឈប់ឈរ។ ​​​គាត់​លែង​លក់​ចាប់ហួយ​ទៀត​ហើយ.. ​តែ​គាត់​បាន​ក្លាយ​ជា​ស្ត្រី​មេផ្ទះ​ជំនួស​ម៉ាក់​របស់​ខ្ញុំ​ម្ដង។​យាយ​ធ្វើ​ម្ហូប​មួយ​ថ្ងៃ​៣ពេល​ ​​​ហើយ​យាយ​ឆ្លៀត​ធ្វើ​នំ​ធ្វើ​បង្អែម​អោយ​ពួក​ខ្ញុំ​ញ៉ាំ​ទៀត។​

 

តាំង​ពី​ដើម​មក​យាយ​មិន​ដែល​សំដី​ធំ​ដាក់​ចៅៗ​ណា​មួយ​ម៉ាត់​ទេ។ ​គាត់​គួរ​អោយ​គោរព​បំផុត​ហើយ​ចាស់ៗ​ជំនាន់​គាត់​ចូលចិត្ត​​​ ​​​​ស្រលាញ់​គាត់​គ្រប់ៗ​គ្នា។​យាយ​តែង​​​​ទុក​ចំណែក​អោយ​ខ្ញុំ​ច្រើន​ជាង​ប្អូន​របស់​ខ្ញុំ​រហូត។​ពេល​ត្រូវ​មាត់​ប៉ា​យាយ​តែង​ជា​អ្នក​ ចេញ​មុខ​ការពារ​ខ្ញុំ​ហើយ​លួងលោម​ខ្ញុំ​ជានិច្ច។ ​​​យាយ​តែង​អោយ​លុយ​ខ្ញុំ​ទៅ​រៀន​ពី​លើ​របប​ដែល​ម៉ាក់​អោយ​ ​​ហើយ​ពេល​យាយ​ទំនេរ​គាត់​កាត់​ខោអាវ​ ​​ដេរ​ក្រមា​ ​​កាបូប​ប៊ិច​អោយ​ខ្ញុំ​ទៀត។

 

យាយ​អោយ​ខ្ញុំ​រៀន​សូត្រ​ធម៌​ជាមួយ​គាត់​ហើយ​បង្រៀន​អោយ​ខ្ញុំ​ស្លៀក​សារុង​នៅ​ផ្ទះ​  ​​​​​​គាត់​ចង់​អោយ​​ខ្ញុំ​ធ្វើ​ជា​ស្ត្រី​មេផ្ទះ​ច្រើន​ជាង​ជា​ស្ត្រី​ធ្វើការ​ក្នុង​សង្គម។

 

ពេល​ថ្ងៃៗ​មុន​យាយ​ចូល​សម្រាន្ត​គាត់​តែង​និយាយ​ពី​ប្រវត្តិ​ស្នេហា​របស់​គាត់​កាល​នៅ​ក្មេង​ប្រាប់​ខ្ញុំ​ ​​​​ហើយ​និយាយ​ពី​រឿងរ៉ាវ​ច្រើន​ទៀត​ដែល​សុទ្ធ​សឹង​ជា​រឿង​អតីតកាល​ក្នុង​នោះ​រឿង​ជូរចត់​ក៏​មាន​ ​​​រឿង​កំប្លែង​ក៏​មាន។

 

យាយ​តែង​ប្រាប់​ខ្ញុំ​អោយ​ធ្វើ​ជា​មនុស្ស​អត់ធ្មត់​គ្រប់​ស្ថានភាព​ទាំងអស់​កុំ​អាង​អី​អាង​ទឹកភ្នែក។​​ ​​​​យាយ​គឺ​ជា​វីរនារី​គឺ​ជា​ស្រី​គ្រប់​លក្ខណ៍​បំផុត​លើ​លោក​..ខ្ញុំ​មិន​ដែល​លឺ​យាយ​និយាយ​អាក្រក់ពី​អ្នកណា​ឡើយ...​ហើយ​ក៏​មិន​ដែល​ឃើញ​យាយ​ច្រណែន​អ្នក​ណា​ដែរ។​ ​​​​​​តែ​យាយ​មាន​ជំងឺ​ប្រចំា​កាយ​គឺ​ជំងឺបេះដូង​ និង​ជំងឺ​លើស​ឈាម។

 

កាល​ពី​៨ឆ្នាំ​មុន​យាយ​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង​គ្រូពេទ្យ​បាន​អោយ​គ្រួសារ​របស់​ពួកខ្ញុំ​ត្រៀម​ចិត្ត​សម្រាប់​គាត់​ព្រោះ​គាត់​អាច​រស់​នៅ​យ៉ាង​យូរ​​បំផុត​ត្រឹម​១ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដោយសារ​បេះដូង​​​​របស់​គាត់​ដាច់​សរសៃ​តូចៗ​ជា​ច្រើន​ហើយ។

 

បន្ទាប់​ពី​ដំណឹង​នេះ​គ្រួសារ​របស់​ខ្ញុំ​នឹង​មីងៗ​របស់​ខ្ញុំ​ទាំងអស់​បាន​បង្កើត​ដំណើរ​កម្សាន្ត​ជុំ​គ្នា​លើកដំបូង​បំផុត​រវាង​៥​គ្រួសារ​ទៅ​ខេត្ត​កោះកុង​... ​​​វា​ពេលវេលា​ដ៏​ល្អ​បំផុត​ដែល​មិន​អាច​បំភ្លេច​បាន​ដោយ​បាន​ឃើញ​ស្នាម​ញញឹម​របស់​យាយ​ ​​និង​ ​​ទឹក​មុខ​ដ៏​រីករាយ​របស់​យាយ។​ ​​​យាយ​តែងតែ​ទទូច​សុំ​អោយ​កូនៗ​និង​ចៅៗ​គាត់​ទាំងអស់​ដើរ​លេង​ជុំ​គ្នា​តែ​ដោយ​ហេតុផល​រវល់​ពួក​​យើង​តែងតែ​មើល​រំលង​ពី​ក្ដី​សុបិន​របស់​គាត់។

 

នៅ​ចាំ​បាន​ថា​យាយ​ចង់​អោយ​ខ្ញុំ​ខំ​ញ៉ាំ​អោយ​ច្រើន​អោយ​ធាត់​មាន​សាច់​ជាង​នេះ។​ ​​​​​​គាត់​តែង​ប្រាប់​ខ្ញុំ​ថា​បំណង​របស់​គាត់​គឺ​ចង់​ទៅ​លេង​ភ្នំ​បូកគោ​ព្រោះ​ទីនោះ​ត្រជាក់​ ​​គាត់​ចង់​ចាប់​ពពក​ ​​និង​ចំណាយ​ពេល​វេលា​ជា​មួយ​ចៅៗ​អោយ​បាន​ច្រើន​បំផុត​តាម​លទ្ធភាព​ដែល​ពួក​ខ្ញុំ​អាច​ផ្តល់​អោយ​បាន។​​​ ​​​​ការ​សន្យា​បាន​ត្រឹមតែ​សន្យា​ពួក​ខ្ញុំ​ធ្លាប់​បាន​សន្យា​ជាច្រើន​ ​​ច្រើន​រាប់​មិន​អស់​ ​​តែ​ទី​បំផុត​ពាក្យ​សន្យា​ទាំង​នោះ​បាន​ត្រឹម​តែ​ជា​ការ​សោកស្ដាយ​ព្រោះ​ទម្រាំ​ដល់​ពេល​ដែល​ការ​ ​​​​​​​សន្យា​ទាំងនោះ​វិវត្តន៍​ទៅ​ជា​ការ​ពិត​រូប​យាយ​បាន​ចាកចេញ​ពី​យើង​ទៅ​ហើយ។​

 

អំឡុង​​​ពេល​ចុង​ក្រោយ​​ដែល​ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន​ថា ​​​យាយ​នឹង​ចាកចេញ​ខ្ញុំ​បាន​រៀប​គម្រោង​ជាច្រើន​នឹង​ប្រាប់​យាយ​ថា​ចៅ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ជោគជ័យ​ហើយ​ចៅ​ធាត់​ជាង​មុន​ហើយ​  ចៅ​កាត់សក់​ខ្លី​ហើយ​ ​​ចៅ​មាន​ការងារ​ធ្វើ​ហើយ ​​​​​​ចៅ​ត្រៀម​ខ្លួន​នឹង​ទទួល​យកប្រាក់​ខែ​ដំបូង​ហើយ​ ​​​ចៅ​នឹង​នាំ​យាយ​ទៅ​លេង​ភ្នំ​បូកគោ​ ​​​ចៅ​នឹង​ជូន​យាយ​ទៅ​វត្ត​រាល់​សីល​  ​​​ចៅ​​​​នឹង​កំដរ​យាយ​ធ្វើ​ម្ហូប​ ​​ចៅ​នឹង​ច្របាច់​ជើង​អោយ​យាយ​រាល់​យប់​មុន​យាយ​សម្រាន្ត​  ចៅ​នឹង.......​ ការ​ពិត​ដែល​គួរ​អោយ​ឈឺចាប់​។

 

 

ឈុនលីន និង​យាយ

 

សំឡេង​ទូរស័ព្ទ​បាន​មក​កាត់​ការ​ស្រមៃ​ជាមួយ​នឹង​គម្រោង​ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ​សម្រាប់​យាយ...​ម៉ាក់​ថា​យាយ​ដួល​ព្រឹក​មិញ​ ឥលូវ​នៅ​តាម​ផ្លូវ​ទៅ​ពេទ្យ​កាល់ម៉ែត​ហើយ​មីង​ទាំងអស់​របស់ខ្ញុំ​ក៏​មក​ជា​មួយ​ដែរ។​ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​រៀបចំ​ខ្លួន​ប្រញាប់​បំផុត​ដើម្បី​ទៅ​មើល​យាយ។​ ​​ខ្ញុំ​តាំងចិត្ត​ជា​ស្រេច​ថា​នៅ​មន្ទីរពេទ្យ​ទោះ​យាយ​ស្ថិត​ក្នុង​សភាព​បែប​ណា​ក៏​ខ្ញុំ​មិន​ទន់​ខ្សោយ​បង្ហូរ​ទឹក​ភ្នែក​ដែរ​ព្រោះ​យាយ​នឹង​មិន​សប្បាយចិត្ត​បើ​គាត់​ឃើញ​ខ្ញុំ​យំ។

 

តែ​អ្វីៗ​មិន​ដូច​ការ​តាំងចិត្ត​របស់​ខ្ញុំ​ឡើយ ... ​ទឹកភ្នែក​ខ្ញុំ​ហូរ​តាំង​ពី​ឃើញ​មីងៗ​របស់​ខ្ញុំ​អង្គុយ​ចាំ​យាយ​នៅ​ក្រៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ម្ល៉េះ ... ​យាយ​យ៉ាងម៉េច​ហើយ​មីង?​ គ្មាន​ចម្លើយ... ខ្ញុំ​សុំ​ពេទ្យ​ចូល​មើល​យាយ​គេ​អោយ​ចូល​បាន​តែ​ពីរ​នាក់​ទេ   ​​​​​​​មីង​ខ្ញុំ​ម្នាក់​ត្រូវ​ចេញ​ហើយ​ដូរ​អោយ​ខ្ញុំ​ចូល​មើល​យាយ​ម្ដង...​ ​​​ខ្ញុំ​ដើរ​ចូល​ក្នុង​បន្ទប់​ទាំង​សង្ឃឹម​ថា​យ៉ាង​ហោច​ណាស់​ក៏​យាយ​អាច​មើល​ឃើញ​រូបរាង​ខ្ញុំ​ដែរ​។​ ​​​ផ្ទុយ​ពី​ការ​​​គិត​យាយ​បិទ​ភ្នែក​ទាំង​ពីរ​ជិត​ឈឹង​ ​​​​ខ្លួន​យាយ​កម្រើក​ដោយ​សារ​ខ្យល់​អុកស៊ីសែន​ដែល​បញ្ចូល​តាម​ច្រមុះ​និង​សរសៃ​ទាញ​តែ​ប៉ុណ្ណោះ​។ ​​ខ្ញុំ​ហៅ​យាយ​រហូត​តែ​គាត់​មិន​បាន​តប​នឹង​ខ្ញុំ​ទេ​គាត់​មិន​មើល​មុខ​ខ្ញុំ​មិន​លឺ​សំឡេង​​ខ្ញុំ​ហៅ​គាត់​ទេ។​ខ្ញុំ​យំ​ហើយ​នៅ​តែ​ព្យាយាម​ហៅ​យាយ​តិចៗ​ល្មម​តែ​លឺ​ពីរ​នាក់​ព្រោះ​ខ្ញុំ​មិន​ចង់​រំខាន​អ្នក​ជំងឺ​ដែល​នៅ​ក្បែរ​នោះ​ទេ។​ ​​​​ម៉ាក់​ចូល​មក​រៀប​រាប់​ស្ថានភាព​របស់​យាយ​យាយ​ដួល​នៅ​ក្នុង​បន្ទប់ទឹក​យូរ​ដែរ​ទើប​ប៉ា​និង​ប្អូន​ពៅ​ខ្ញុំ​ដឹង។​ ​​​​​​មីង​ទី​មួយ​ខ្ញុំ​យំ​រហូត​ខ្យល់​គ​នៅ​ទីនោះ ...​ខ្ញុំ​ជូត​ទឹកភ្នែក​ហើយ​សួរ​គ្រូពេទ្យ​នៅ​ទីនោះ... ​យាយ​ខ្ញុំ​យ៉ាងម៉េច​ហើយ​អ៊ំ​ពេទ្យ? គាត់​ដាច់​សរសៃ​ខួរក្បាល​ច្រើន​កន្លែង​គ្មាន​លទ្ធភាព​នឹង​ព្យាបាល​គាត់​ទេ​ ​​​​​​ពេទ្យ​អោយ​នាំ​គាត់​មក​ផ្ទះ​វិញ។

 

មិន​អាច​ទេ...​ខ្ញុំ​ទើប​តែ​ខល​ទៅ​យាយ​២​ថ្ងៃ​មុន​នេះ​ទេ​គាត់​និយាយ​ជាមួយ​ខ្ញុំ​ច្រើន​ណាស់​ ​​​ហើយ​ពួក​យើង​និយាយ​ត្រូវ​គ្នា​ណាស់​។ ​​​​​យាយ​សើច​រហូត​ហើយ​យាយ​បាន​ប្រាប់​ថា​ពេល​ខ្ញុំ​ទៅ​ពោធិ៍សាត់​គាត់​នឹង​ធ្វើ​ស៊ុប​មាន់​ខ្មៅ​ដែល​ខ្ញុំ​ចូលចិត្ត​អោយ​ខ្ញុំ​ញ៉ាំ​ទៀត​ចុះ​ថ្ងៃនេះ​ម៉េចក៏​អ៊ុំពេទ្យ​ថា​យាយ​ខ្ញុំ​គ្មាន​សង្ឃឹម? ពេទ្យ​រុញ​យាយ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ស្កេន​ខួរ​ក្បាល​ឆ្អឹង​នឹង​​សរសៃ ​ផ្សេងៗ។ ​ខ្ញុំ​ ​​​​បង​ជីដូនមួយ​ខ្ញុំ​ ​​និង​ប្អូន​ជីដូនមួយ​ខ្ញុំ​ម្នាក់​ទៀត​រត់​តាម​គ្រែ​ដែល​គេរុញ​យាយ​រហូត​យើង​ចង់​លឺ​ណាស់​ថា​យាយ​មិន​អីទែ​តែ​ផ្ទុយ​ទៅ​វិញ​យើង​បាន​ឃើញ​ត្រឹម​តែ​ទឹកមុខ​អស់​សង្ឃឹម​ពី​គ្រូពេទ្យ...​យាយ​ខ្ញុំ​គ្មាន​សង្ឃឹម​នឹង​ដឹង​ខ្លួន​វិញ​ទេ​មែនទេ?

 

ភាព​អស់​សង្ឃឹម​បាន​មក​បន្លាច​យើង​ម្ដង​ទៀត​នៅ​ពេល​ដែល​គ្រូពេទ្យ​និយាយ​ចុង​ក្រោយ​ថា​សភាព​របស់​យាយ​ទោះ​យក​ទៅ​ដល់​ប្រទេស​ណា​ក៏​គ្មាន​សង្ឃឹម​ដែរ​យាយ​អាច​រស់​បាន​ដោយ​សារ​អុកស៊ីហ្សែន​ក្នុង​ពេល​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។​ ​​​​ខ្ញុំ​គ្មាន​មាន​កម្លាំង​នឹង​ស្ដាប់​ពាក្យ​អ៊ំ​ពេទ្យ​និយាយ​ទៀត​ឡើយ...​បងៗ​និង​មីងៗ​ខ្ញុំ​ម្នាក់ៗ​យំ​រហូត​ទន់​ដៃ​ទន់​ជើង​ក្នុង​សភាពការណ៍​បែប​នេះ​ម៉ាក់​​ខ្ញុំ​រឹងមាំ​ជាង​គេ​គាត់​សម្រេចចិត្ត​ភ្លាមៗ​ថា​យក​យាយ​ត្រលប់​ទៅ​វិញ​ ​​​​ហើយ​អញ្ជើញ​តាអារ្យ​សូត្រធម៌​អោយ​យាយ​ស្ដាប់​មុន​គាត់​ផុត។​ ​​​​​ខ្ញុំ​ទទួល​យក​មិនបាន​ទេ...​យាយ​នៅ​ស្រស់​ញញឹម​ទើប​​នឹង​បង្អាប់​ខ្ញុំ​ថ្មីៗ​ចុះ​ឥលូវ?

 

ទោះ​ចង់​ឬ​មិន​ចង់​នេះ​ជា​ជម្រើស​តែ​មួយ​គត់​ដើម្បី​អោយ​យាយ​ទៅ​បាន​ស្ងប់​យើង​គ្រប់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​ព្រោះ​យាយ​ជរា​ណាស់​ហើយ​បេះដូង​យាយ​ខ្សោយ​ខ្លាំង​ហើយ​លទ្ធផល​ស្កេន​ក៏​បាន​បង្ហាញ​ថា​សរសៃ​ក្បាល​របស់​យាយ​ដាច់​ស្ទើរ​តែ​ទាំងស្រុង​ទៅ​ហើយ​ទោះ​យក​យាយ​ទៅ​សិង្ហបុរី​ក៏​មិន​ប្រាកដ​ថា​អាច​សង្គ្រោះ​គាត់​បាន​ដែរ​។ ​​​ពួក​ខ្ញុំ​បាន​ត្រឹម​តែ​យំ​អោយ​យាយ​ហើយ​ហៅ​យាយ​ទាំង​គិត​ថា​ពួក​យើង​នឹង​បាត់បង់​យាយ​យ៉ាង​ប្រាកដ។

 

…………………………………………………………………………..

 

១៨​ថ្ងៃ​នៅ​ផ្ទះ​ឯ​ខេត្ត​ពោធិ៍សាត់

 

 ម៉ាក់​បាន​អញ្ជើញ​អាចារ្យ​មក​សូត្រ​ធម៌​ជូន​យាយ​រាល់​ល្ងាច​។ ​​​​អារ្យ​សុទ្ធ​តែ​ស្គាល់​យាយ​ ​​ពួក​គាត់​ខ្លះ​យំ​ពេល​ឃើញ​សភាព​របស់​យាយ​គាត់​រៀបរាប់​ទាំង​ទឹកភ្នែក​ស្រណោះ​យាយ​ធ្លាប់​ឃើញ​កាន់​ឈើច្រត់​ទៅ​វត្ត​មិន​ដែល​ខាន​មួយ​សីល​ដល់​មក​ឥលូវ​គេង​ស្ដូក​មួយ​កន្លែង​មិនមាត់​មិនក​។ ​​​លឺ​គាត់​និយាយ​ពួក​ខ្ញុំ​កាន់​តែ​ក្ដុកក្ដួល... ​យាយ​អើយ​ដឹង​ខ្លួន​វិញ​មក​យាយ​! បើក​ភ្នែក​ឡើង​និយាយ​មក​រក​ចៅៗ​មួយ​ម៉ាត់​មក....​យាយ......​ អ្នក​ជិតខាង​មក​សួរ​សុខ​ទុក្ខ​យាយ​មិន​លោះ​ពេល​ឡើយ​ ​​​​ម្នាក់ៗ​មក​សុទ្ធ​តែ​យំ​ហើយ​រៀបរាប់​កាល​ពី​យាយ​នៅ​មាន​ស្មារតី។​ ​​​បងប្អូន​នៅ​ដល់​ណា​ក៏​មក​កំដរ​យាយ​ដែរ​ ​​​រហូត​មាន​អ៊ុំខ្ញុំ​ម្នាក់​សម្រេច​ចិត្ត​បួស​ដើម្បី​អោយ​យាយ​បាន​ស្ងប់​គាត់​នៅ​សូត្រ​ធម៌​កំដ​រយាយ​រហូត​តាំងពី​យាយ​លែង​ដឹងខ្លួន។ ​​​ពួក​ខ្ញុំ​ផ្លាស់​វេន​គ្នា​នៅ​ចាំ​មើល​សភាព​របស់​យាយ​រហូត​ដល់​យប់ជ្រៅ។​យាយ​ពិសា​​មិន​កើត​ទេ​ពួក​ខ្ញុំ​បាញ់​ទឹក​សណ្ដែក​ បបរថ្នាំ​ និង​​​​ផ្លែឈើ​ផ្សេងៗ​តាម​បំពង់​ដែល​តរហូត​ដល់​ក្រពះ​គាត់​តែ​ម្ដង។ ​​​នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​សម្រាប់​យាយ​ជា​លើក​ចុង​ក្រោយ​បំផុត។

 

មួយ​ថ្ងៃ​ពួក​យើង​ជូត​ខ្លួន​អោយ​យាយ​និង​ផ្លាស់​ខោអាវ​គាត់​ពី​រ​​ទៅ​បី​ដង។​ ​​ពេល​យប់​យើង​បន្តក់​ថ្នាំ​ភ្នែក​ ​​​ហើយ​ខ្សឹប​ក្នុង​ចិត្ត​សុំ​អោយ​យាយ​ដឹង​ខ្លួន​មើល​ឃើញ​កូនៗ​និង​ចៅៗ​នៅ​ជុំវិញ​ខ្លួន។​ ​​តែ​​ហាក់​គ្មាន​លទ្ធផល​អ្វី​ឡើយ។​ជិត​ពីរ​សប្ដាហ៍​យាយ​ហាក់​ប្រែប្រួល​ច្រើន​ពេល​ខ្លះ​ខ្ញុំ​ឃើញ​ទឹកភ្នែក​យាយ​ហូរ​ពេល​ ​ខ្ញុំ​អោន​ថើប​គាត់​ ​ហើយ​និយាយ​ថា​បើ​យាយ​ដឹង​ខ្លួន​ចៅ​ព្រម​ធ្វើតាម​យាយ​គ្រប់​យ៉ាង​។ ​​​ចៅ​នឹក​យាយ​នឹក​យាយ​គ្រប់​ពេល​ចៅ​ចង់​ពាក់​ខោ​ដែល​យាយ​កាត់​អោយ​ ​​​ចង់​ស្ដាប់​រឿង​យាយ​កាល​នៅ​ក្មេង​ ​​​នឹក​ចម្រៀង​ដែល​យាយ​ធ្លាប់​ច្រៀង​ ​​នឹក​ម្ហូប​ដែល​យាយ​តែង​តែធ្វើ​ពិសេស​នឹក​ស្នាម​ញញឹម​និង​ទឹក​មុខ​ដែល​យាយ​ងរ​ពេល​ចៅលលេង​....​នឹក​យាយ​ណាស់​នឹក​បំផុត។​

 

ដៃ​ម្ខាង​របស់​យាយ​ចាប់ផ្ដើម​កម្រើក​នៅ​ចុង​សប្ដាហ៍​ទី២​ក្ដី​សង្ឃឹម​ចាប់ផ្ដើម​ចេញ​រូបរាង​ពួក យើង​គិត​ថា​យាយ​នឹង​ដឹង​ខ្លួន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​យាយ​នឹង​មិន​ទៅ​ណា​ចោល​យើង​ដូច​អ៊ុំ​ពេទ្យ​​នោះ​ចេះ​តែ​និយាយ​ទេ។​ ពួក​យើង​និយាយ​រក​យាយ​រាល់ថ្ងៃ​អោប​យាយ​រាល់​ថ្ងៃ​ហើយ​​ទន្ទឹង​​យ៉ាង​អន្ទះសា​ចាំ​យាយ​ដឹង​ខ្លួន​ហើយ​ឆ្លើយតប​នឹង​យើង​វិញ។​

អ្នកណា​ទៅ​ដឹង​នៅ​ថ្ងៃ​ទី​១៨​នៃ​ជំងឺ​របស់​យាយ​គាត់​មិន​ត្រឹម​តែ​មិន​ធូរ​ស្រាល​នោះ​ទេ​តែ​គាត់​បាន​ទៅ​ចោល​យើង​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ..... ​នៅ​ចំពោះ​មុខ​ខ្ញុំ​ទឹក​មុខ​យាយ​ប្រែ​ទៅ​ជា​ស្វាយ​យ៉ាង​លឿន​ខ្លួន​យាយ​ចាប់​ផ្ដើម​ត្រជាក់ស្រេប​ម៉ាក់​និយាយ​ថា​យាយ​ផុត​ហើយ....​ពុទ្ធោ​យាយ.....។

 

…………………………………………………………………………………….

 

បាត់បង់​មនុស្ស​ជា​ទី​គោរព​ស្រលាញ់​អ្នក​ដែល​ធ្លាប់​ជួប​ប្រទះ​ប្រាកដ​ជា​ដឹង​ថា​ឈឺ​ប៉ុណ្ណា​...​ ឈឺខ្លាំង​..​ ខ្លាំង​ណាស់....​ ខ្ញុំ​តែង​ច្រណែន​អ្នក​ដែល​មាន​យាយ​នៅ​ក្បែរ​។ ​​ខ្ញុំ​តែង​ច្រណែន​អ្នក​មាន​វាសនា​ហៅ​ពាក្យ​យាយ​ ​តែ​ខ្ញុំ​គ្មាន​យាយ​ហៅ​នឹង​គេ​ទៀត​ទេ​យាយ​ដែល​ខ្ញុំ​ស្រលាញ់​បំផុត​បាន​ទៅ​ចោល​ខ្ញុំ​ហើ យ​គាត់​ទៅ​ទាំង​ដែល​ខ្ញុំ​បាន​ជំពាក់​សន្យា​ជា​ច្រើន​ជាមួយ​គាត់...។ ​យាយ​ចៅ​ស្រលាញ់​យាយ​ពី​មុន​ និង ​ពេលនេះ​គឺ​មិន​ផ្លាស់​ប្ដូរ​នោះ​ទេ​ យាយ​នៅ​តែ​ស្ថិត​​នៅ​ក្នុង​ការ​ចងចាំ​របស់​ចៅ​ជានិច្ច។ សូម​យាយ​ទៅកាន់​សុគតិភព៕

 

អត្ថបទ៖ ​ឈុនលីន​

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទថ្មី