Junsu ក្រុម JYJ តារាល្បីកូរ៉េ ដែលធ្លាប់សង់ផ្ទះនិងសាលារៀនសម្រាប់ប្រជាជនកម្ពុជា
- 2015-12-08 22:17:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Junsu ក្រុម JYJ តារាល្បីកូរ៉េ ដែលធ្លាប់សង់ផ្ទះនិងសាលារៀនសម្រាប់ប្រជាជនកម្ពុជា
ចន្លោះមិនឃើញ
Kim Junsu គឺជាសមាជិកក្រុមចម្រៀង JYJ ដែលជាក្រុមល្បីនាំមុខមួយនៅប្រទេសកូរ៉េខាងត្បូង។ តាមរយៈអាជីពសិល្បៈដ៏ជោគជ័យ តារាវ័យ ២៨ឆ្នាំរូបនេះអាចរកចំណូលបានមិនក្រោមលានដុល្លារឡើយក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងនោះ Junsu បានចំណាយប្រាក់មួយចំណែករបស់គេសម្រាប់សកម្មភាពមនុស្សធម៌ ហើយកន្លងមកគេធ្លាប់បានជួយដល់ប្រជាជនកម្ពុជាទៀតផង។
កាលពីឆ្នាំ២០១១ Junsu បានឧបត្ថម្ភសម្រាប់ការសាងសង់សាលារៀនមួយខ្នងនៅតំបន់ដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ ដែលមានបន្ទប់រៀន៦បន្ទប់ បង្គន់អនាម័យមួយ និងបន្ទប់ប្រជុំមួយ។ មូលហេតុដែលនាំឲ្យ Junsu សម្រេចចិត្តសាងសង់សាលារៀននៅទីនោះ គឺដោយសារម្ដាយរបស់គេធ្លាប់មកធ្វើការងារស្ម័គ្រចិត្តនៅតំបន់នោះ និងបានសាកសួរប្រជាពលរដ្ឋថាតើពួកគេចង់បានអ្វីជាងគេ។ ពេលនោះ អ្នកភូមិជាច្រើនបានឆ្លើយដោយមិនស្ទាក់ស្ទើរថាពួកគេត្រូវការសាលារៀន។
ក្រោយទទួលដំណឹងនេះ Junsu មានអារម្មណ៍រំភើបនឹងទឹកចិត្តអ្នកភូមិដែលចង់ស្វែងរកការអប់រំដើម្បីអនាគតកូនៗរបស់ខ្លួន បើទោះជាកំពុងមានជីវភាពលំបាកយ៉ាងណាក្ដី ហើយក៏ចាប់ផ្ដើមបរិច្ចាគប្រាក់សម្រាប់សាងសង់សាលារៀននេះតែម្ដង។ ក្រោយសាលារៀននោះត្រូវបានសាងសង់រួច Junsu បានឧបត្ថម្ភប្រាក់ខែសម្រាប់គ្រូបង្រៀននៅទីនោះពេញមួយឆ្នាំ។
ត្រលប់ទៅឆ្នាំ២០០៨ វិញ Junsu រួមជាមួយក្រុមអ្នកគាំទ្ររបស់គេបានបរិច្ចាគប្រាក់សម្រាប់សាងសង់ផ្ទះថ្មីជាច្រើនខ្នងសម្រាប់ប្រជាជនក្រីក្រក្នុងភូមិមួយនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ បើទោះជា Junsu មិនធ្លាប់មកជួបផ្ទាល់ ប៉ុន្តែអ្នកភូមិនៅទីនោះបានស្គាល់គេយ៉ាងច្បាស់តាមរយៈរូបថត និងបានហៅឈ្មោះភូមិនោះថាភូមិ Xiah Junsu ទៀតផង។
សម្រាប់នៅប្រទេសកំណើតរបស់ខ្លួនវិញ តារាចម្រៀងរូបនេះក៏ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌ជាច្រើនដែរ ដូចជាសាងសង់ផ្ទះសម្រាប់មនុស្សចាស់ កុមារក្រីក្រ និងស្ត្រីចំណាស់គ្មានគ្រួសារ និងធ្លាប់ឧបត្ថម្ភអាហារូបករណ៍សម្រាប់យុវជនដែលមានទេពកោសល្យផ្នែកសិល្បៈ ៕
ចុចអាន៖ទឹកចិត្តសប្បុរសរបស់តារាកូរ៉េជាច្រើនទៀត ចំពោះប្រជាជនកម្ពុជា
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo ,mwave