យាង សិដ្ឋសមប្រាថ្នា ប្រឹងជួយកុមារ រហូតអង្គការ UNICEF សរសើរថា ជាយុវជនឆ្នើម
- 2015-12-16 15:58:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យាង សិដ្ឋសមប្រាថ្នា ប្រឹងជួយកុមារ រហូតអង្គការ UNICEF សរសើរថា ជាយុវជនឆ្នើម
ចន្លោះមិនឃើញ
យាង សិដ្ឋសមប្រាថ្នា ជាយុវជនឆ្នើមមួយរូបក្នុងចំណោមយុវជនផ្សេងទៀត ដែលបានក្លាយជាសមាជិក គណៈកម្មការបង្កើតផែនការ សកម្មភាព លុបបំបាត់អំពើហិង្សាលើកុមារ ក្រោយរូបគេបានខិតខំប្រឹងប្រែង លើកកម្ពស់សិទ្ធិកុមារកម្ពុជាយ៉ាងសកម្ម ក្នុងរយៈពេលពីរឆ្នាំនេះ។ កិច្ចខិតប្រឹងប្រែងនេះ ត្រូវបានវិបសាយរបស់ UNICEF សរសេរប្រថ្នា ជាយុវជនឆ្នើមម្នាក់ ដែលបានចូលរួមសកម្មភាពលើកកម្ពស់សិទ្ធិកុមារ។
វិបសាយរបស់ UNICEF សរសើរប្រថ្នា ថា ជាយុវជនឆ្នើមលើផ្នែកលើកកម្ពស់សិទ្ធិកុមារ
“តាំងពីខ្ញុំបើកក្លឹបខ្លួនឯង [ក្លឹបរួបរួមនៃយុវជនកម្ពុជា] ខ្ញុំធ្វើការជាមួយកុមារ ហើយឥលូវ ខ្ញុំចូលធ្វើការផ្នែកលុបបំបាត់អំពើហិង្សា លើស្ត្រីនិងកុមារ រួមសកម្មភាពលើកកម្ពស់ការអប់រំកុមារ តាមតំបន់ដាច់ស្រយាលច្រើនផ្សេងទៀត ទើបគាត់ [UNICEF] ចាត់ទុកថា ខ្ញុំជាយុវជនឆ្នើម ខាងលើកកម្ពស់សិទ្ធិកុមារ"។ យាង សិដ្ឋសមប្រាថ្នា បានរៀបរាប់ប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
យុវជនចូលចិត្ត Team Building យាង សិដ្ឋសមប្រាថ្នា បានទទួលគម្រោងពីអង្គការ UNICEF នៅអំឡុង ខែឧសភា ឆ្នាំ ២០១៥។ ពេលសួរថា ហេតុអ្វីបានជាចាប់ផ្ដើមចូលរួមការអប់រំ ពីបញ្ហាសិទ្ធិកុមារ និងស្ត្រី? យុវជនវ័យ ២២ ឆ្នាំពោលថា មកពីលោកស្រលាញ់ការងារសង្គម និងមើលឃើញថា អំពើហិង្សាលើស្ត្រីនិងកុមារ នៅកម្ពុជានៅមានច្រើន។ ម្យ៉ាងកម្ពុជា មានយុវជនច្រើន ដែលពួកគេមានចិត្តចង់ជួយសង្គម។
ប្រាថ្នាពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Sabay
យុវជនឆ្នាំទីបួនរៀនពីរសាកលវិទ្យាល័យ RULE និង UC បានបង្កើតក្លឹបមួយឈ្មោះ ក្លឹបរួបរួមនៃយុវជនកម្ពុជា ដែលមានស្ថាបនិកបួនរូប កាលពីឆ្នាំ ២០១៣ ក្នុងគោលបំណងចុះជួយអប់រំ និងលើកកម្ពស់សិទ្ធិកុមារ នៅតំបន់ដាច់ស្រយាល។ សិដ្ឋសមប្រាថ្នា បានប្រាប់ថាដំបូងឡើយ សមាជិកក្លឹបទាំងអស់ បានចំណាយថវិកាផ្ទាល់ខ្លួនទាំងស្រុង ព្រោះមិនទាន់មានគេស្គាល់ និងផ្ដល់ជាថវិកាទេ ហើយបច្ចុប្បន្ន ក្លឹបមួយនេះ មានសមាជិកចំនួន ៣០ នាក់។
អតីតសិស្សពូកែខ្មែរចំណាត់ថ្នាក់លេខ២ ប្រចាំវិទ្យាល័យសន្ធរមុខ ប្រាថ្នា បានឱ្យដឹងថា ការធ្វើការជាមួយកុមារមានការលំបាកខ្លះ ប៉ុន្តែក៏មានភាពសប្បាយរីករាយផងដែរ នៅពេលឃើញស្នាមញញឹមរបស់ពួកគេ។ ក្រុមរបស់ ប្រាថ្នា បានចុះទៅបង្រៀនភាសាអង់គ្លេស អប់រំពីអនាម័យ ពីការរស់នៅ និងការចេះស្រលាញ់គ្នាទៅវិញទៅមក ដល់កុមារលើកដំបូងក្នុងឆ្នាំ ២០១៤ ក្នុងទឹកដីខេត្តតាកែវ ដែលមានកុមារប្រមាណ ៥០០ នាក់ ហើយថ្មីៗនេះក្រុមរបស់លោក ទើបតែត្រឡប់មកពីធ្វើបទបង្ហាញ អំពីអំពើហិង្សាលើកុមារនៅស្រុកឈូក និងកំពង់ត្រាច ខេត្តកំពត ដែលមានកុមារចូលរួម ១៧០០ នាក់។
យុវជនបន្ថែមថា ៖ "ចំពោះការចុះនេះ យើងបានផ្ដោតសំខាន់លើវដ្ដនៃអំពើហិង្សា មានន័យពេលកុមារឃើញថា ការប្រព្រឹត្តហិង្សាជារឿងធម្មតា គាត់ក៏ចាប់ផ្ដើមប្រព្រឹត្តហិង្សាបន្តទៀត អ៊ីចឹងកូនចៅគាត់ជំនាន់ក្រោយរបស់គាត់ នឹងប្រើហិង្សាបន្តទៀត។ ផ្សព្វផ្សាយឱ្យគាត់យល់ពីសេរីភាពខ្លួនឯងថា កុមារក៏មានសិទ្ធិការពារខ្លួនឯងពីអ្នកមានអំណាចលើខ្លួន។ មិនថាតំបន់ដាច់ស្រយាល ឬទីក្រុងទេ គឺបញ្ហារបស់កុមារនៅតែមាន ជាពិសេសការអប់រំ។ ខ្ញុំបានទៅសាលានៅតាមតំបន់ខេត្តតាកែវ ខេត្តកំពតផ្ទាល់ ការបោះបង់ការសិក្សារបស់កុមារមានខ្ពស់ ក្នុងមួយសាលាអាច ១០ ទៅ ១១ ភាគរយ។ ការអប់រំយើងមិនទាន់អាចឱ្យកុមារទទួលបានការសិក្សាបែបទំនើបហើយ ធ្វើឱ្យគាត់បោះបង់ការសិក្សាទៀត ដូច្នេះការអប់រំកាន់តែខ្សោយ"។
ការឱ្យគេមកចូលរួមក្រុមជាមួយ មិនមែនរឿងងាយស្រួលឡើយ តើ ប្រាថ្នា មានយុទ្ធសាស្ត្រអ្វី? លោកប្រាប់ថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ដូច្នេះមិនគួរធ្វើអ្វីឱ្យតឹងរ៉ឹងពេក ចាត់ទុកថា ការងារសង្គម ជាការងារកម្សាន្តមួយ ត្រូវចេះផ្ដល់ឱ្យសិទ្ធិឱ្យសមាជិកក្រុម បង្កើតគោលដៅ សកម្មភាព និងមានទស្សនៈវិស័យច្បាស់លាស់ មានគោលនយោបាយ និងត្រូវមានការផ្ដួចផ្ដើម។
ប្រាថ្នា បានបញ្ជាក់ថា ក្រោយបង្កើតក្លឹប "រួបរួមនៃយុវជនកម្ពុជា (Joy Cambodia)” យុវជនរូបនេះ ក៏បានបង្កើតក្លឹបមួយទៀតដែរគឺក្លឹប "យុវជននិងការផ្លាស់ប្ដូរ" ក្នុងឆ្នាំ ២០១៣ នៅខេត្តព្រៃវែង ដែលធ្វើអប់រំស្ដីពីគ្រឿងស្រវឹង។ បន្ទាប់ពីបង្កើតក្លឹប "រួបរួមនៃយុវជនកម្ពុជា" ក្នុងឆ្នាំ ២០១៣ លោកបានចូលជាសមាជិកសភានិស្សិត សាកលវិទ្យាល័យកម្ពុជា មួយឆ្នាំពេញ និងមានសកម្មភាពផ្សេងៗទៀតដូចជា៖
-បានលេខ ១ ក្នុងកម្មវិធីឌីប៊ែតថ្នាក់ជាតិ របស់ក្រសួងកិច្ចការនារី នៅទូរទស្សន៍ជាតិ "ទទក" -បានលេខ ២ ក្នុងកម្មវិធីឌីប៊ែតថ្នាក់ជាតិ របស់អង្គការ PHD នៅទូរទស្សន៍ជាតិ "ទទក" (ជាក្រុម) ក្រោយ ឌីប៊ែតចប់ ប្រាថ្នា ត្រូវបានគេផ្ដល់ការងារជាអ្នកបង្រៀន និងសម្របសម្រួលផ្នែកឌីប៊ែតនៅទូរទស្សន៍ជាតិ -បានលេខ ១ ក្នុងការប្រឡងរបាំប្រពៃណី នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ឈ្នះជាក្រុម តំណាងឱ្យ UC) ក្នុងឆ្នាំ២០១៤
បច្ចុប្បន្នលោក យាង សិដ្ឋសមប្រាថ្នា ជា Freelancer ផ្នែកសម្របសម្រួលគម្រោង (Project Officer) នៅអង្គការ PHD។
ប្រវត្តិរូបសង្ខេប
យាង សិដ្ឋសមប្រាថ្នា កើតនៅភូមិបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានបងប្អូន ៥ នាក់ (ស្រីបី) ហើយសព្វថ្ងៃរស់នៅអូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលរៀនថ្នាក់ទី ១ ដល់ទី ៣ នៅបឋមសិក្សាបឹងខ្នារ និងថ្នាក់ទី ៤ ដល់ ១២ នៅវិទ្យាល័យសន្ធរមុខ (រើមកភ្នំពេញនៅឆ្នាំ ២០០៣)។ ប្រាថ្នា ជាសិស្សលេចធ្លោ និងជាសិស្សពូកែចំណាត់ថ្នាក់លេខ ២ លើមុខវិជ្ជាខ្មែរប្រចាំវិទ្យាល័យ។
ជាចុងក្រោយ ប្រាថ្នា បានអរគុណចំពោះសមាជិកក្រុមក្លឹប រួបរួមនៃយុវជនកម្ពុជា Joy Cambodia និងម្ចាស់ជំនួយ ជាពិសេសអង្គការ UNICEF ដែលបានចាត់ទុកលោក ជាយុវជនឆ្នើមលើកកម្ពស់សិទ្ធិកុមារ។ លោកថ្លែងថា ៖ "ប៉ុន្តែខ្ញុំនៅគិតថា មានយុវជនច្រើនមានសមត្ថភាព ហើយធ្វើការងារក៏ច្រើនដែរ មិនមែនមានតែខ្ញុំម្នាក់ ដែលធ្វើការងារហ្នឹង អាចលើកថាខ្លួនឯងជាយុវជនឆ្នើមទេ តែពួកគាត់មានគាត់ក៏ជាអ្នកមានសក្ដានុពលជួយសង្គមផ្សេងៗគ្នា យើងជួយផ្នែកនេះ ពួកគាត់ជួយផ្នែកនោះ។ ការងារសង្គមអត់ចេះចប់ទេ ហើយសង្ឃឹមថា យុវជនទាំងអស់គ្នាលះបង់ការសប្បាយអ្វីផ្សេង មកជួយសង្គម ព្រោះជាការងារសប្បាយដូចគ្នា នោះគាត់នឹងជួយសង្គមបានច្រើន"។
លោកបានបញ្ចេញមតិទៀតថា ការងារសង្គម មិនត្រឹមតែបានបទពិសោធន៍ការងារទេ ថែមទាំងបានបទពិសោធន៍ ជីវិតដែលអាចយកមកប្រើប្រាស់ក្នុងការសិក្សាផងដែរ៕
ចុចអាន៖ គ្រូចិត្តល្អ សុខ ច័ន្ទ ចំណាយពេល ១៧ ឆ្នាំ បង្រៀនសិស្សក្រីក្រមិនយកប្រាក់
ចុចអាន៖ យុវជនមួយក្រុមបង្កើត App ជួយបកប្រែភាសាគដល់ជនពិការ
អត្ថបទ៖ អ៊ុំ សុភក្តិ