ពិព័រណ៍ "ស្ថាបត្យករ​និង​ការ​តុបតែង​កម្ពុជា" ​នាំ​​វិស័យ​សំណង់​នៅ​កម្ពុជា​រីកចម្រើន​ខ្លាំង​ឡើង​

  • 2015-12-16 18:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ស្ថាបត្យករ​និង​ការ​តុបតែង​កម្ពុជា​លើក​ទី១" ដែល​ជា​​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ធំ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ នឹង​ធ្វើ​ឱ្យ​លំហូរ​ចូល​នៃ​វិនិយោគិន​បរទេស​និង​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់​តែ​រីកចម្រើន។

 

 

ថ្លៃង​ក្នុង​​ពិធី​បើក​សម្ពោធ​ផ្លូវ​ការ​នៃ​ពិព័រណ៍ “ស្ថាបត្យករ​និង​ការ​តុបតែង​កម្ពុជា​លើក​ទី១" ដែល​រៀច​ចំ​ឡើង​ដោយ​ក្រុមហ៊ុន ICVeX ​ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី នគរ​រូបនីយកម្ម និង​សំណង់ ​បាន​​សង្កត់​ធ្ងន់​​ថា​ ​ពិព័រណ៍​​នេះ​​​​នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​ដល់​ប្រទេស​កម្ពុជា ដោយ​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ផ្នែក​សំណង់​ពី​បណ្ដា​ប្រទេស​ធំៗ មក​វិយោគ​​ក្នុង​ស្រុក​កាន់​តែ​ច្រើន។

 

"ពិព័រណ៍​នេះ​នឹង​អាច​បង្កើត​ជា​វេទិកា​ពាណិជ្ជកម្ម​មួយ ដែល​អាច​ឱ្យ​ក្រុមហ៊ុន​សំណង់​បរទេស​​សហការ​ជាមួយ​បណ្ដា​ដៃគូ​ទាក់ទង​ក្នុង​ស្រុក ដើម្បី​ជំរុញ​ឱ្យ​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់​តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង"។

 

 

ឯកឧត្តម ភឿង សុភ័ណ្ឌ (រូប​ទី៣រាប់​ពី​ស្តាំ) និង​ថ្នាក់​ដឹក​នាំ​​​កំពូល​រៀប​ចំ​ពិព័រណ៍​

“ស្ថាបត្យករ​និង​ការ​តុបតែង​កម្ពុជា​លើក​ទី១"

 

ឯកឧត្ដម​បន្ថែម​ដូច្នេះ​ថា កម្ពុជា​ជា​ប្រទេស​នៅ​ក្មេង​ខ្ចី​ផ្នែក​ស្ថាបត្យកម្ម​បែប​ទំនើប​ជាពិសេស​គឺ​ការ​រចនា​ផ្នែក​ខាង​ក្នុង (Interior Design) ដែល​ទាមទារ​ឱ្យ​មាន​បទ​ពិសោធន៍​ខ្ពស់​និង​បទដ្ឋាន​បច្ចេកទេស​ប្រកប​ដោយ​ស្តង់ដារ ដើម្បី​សំណង់​​​និង​ការ​​រចនា​ផ្សេងៗ​មាន​ភាព​ទាក់ទាញ។ ដូច្នេះ​ការ​តាំង​ពិព័រណ៍​នេះ ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​វិស្វករ​ក៏​ដូចជា​សិស្សានុសិស្ស​ផ្នែក​សំណង់ អាច​ស្វែង​យល់​កាន់​តែ​ទូលាយ​ពី​លក្ខណៈ​បច្ចេកទេស​​នៃ​ការ​សាងសង់ ​រចនាបថ​ថ្មី​ប្លែក​​នៃ​សំណង់ និង​ការ​តុបតែង​​បែប​ស៊ីវិល័យ ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ១០០ និង​បណ្ដា​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​មក​ពី ថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ចិន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ជុំវិញ​ពិភពលោក។

 

ពិព័រណ៍​ស្ថាបត្យករ​និង​ការ​តុបតែង​កម្ពុជា​លើក​ទី១ ​​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៩ដល់​ទី ១១​ខែ​ឧសភា​ឆ្នាំ ២០១៦ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​តាំង​ពិព័រណ៍​កោះ​ពេជ្រ។ ក្នង​ពិព័រណ៍​មាន​ការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​សំណង់​ជា​ច្រើន ហើយ​​ក្រុមហ៊ុន​សំណង់​ក្នុង​ស្រុក​ក៏​អាច​ទទួល​បាន​ចំណេះ​ផ្នែក​បច្ចេកវិទ្យា​បន្ថែម​ទាក់ទង​នឹង​ការ​សាងសង់​ពី​បណ្ដា​ក្រុមហ៊ុន​បរទេស​ផង​ដែរ៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម
អត្ថបទថ្មី