១១ ​យ៉ាង​តាម​ជំនឿ​បុរាណ ​ដែល​ស្ត្រី​មិន​គួរ​ធ្វើ មិន​អញ្ចឹង​ទេ...

  • 2015-12-17 16:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ក្នុង​សម័យ​បុរាណ​​ តែង​តែ​ពឹង​លើ​ក្បួន​ច្បាប់​បុរាណ​ដើម្បី​បញ្ចៀស​សំណាង​អាក្រក់​ចេញ​ពី​​ខ្លួន ប៉ុន្តែ​វា​ក៏​មាន​ឥទ្ធិពល​ដល់​ស្ត្រី​សម័យ​ទំនើប​ដែរ។ យោង​តាម​ក្បួន​តម្រា​ហុង​ស៊ុយ​បុរាណ ដែល​ចងក្រង​ឡើង​ដោយ​លោក​ហៀង ម្ចាស់​តូប​លក់​សៀវភៅ​ ស៊ឹង ណាំង​ហុង​ផ្សារ​អូរឫស្សី​ បាន​បង្ហាញ​ថា មាន​រឿង​ ១១ យ៉ាង​ដែល​ស្ត្រី​មិន​គួរ​ធ្វើ៖

 

១. មិន​គួរ​ពាក់​របស់​ថ្មី​នៅ​ថ្ងៃ​ អង្គារ​ ព្រោះ​បើ​ពាក់​វា​ធ្វើ​ឱ្យ​មាន​ជម្លោះ​ពាក្យ​សម្ដី ជាមួយ​សង្សារ។ ២. កុំ​ពាក់​របស់​ថ្មី​នៅ​ថ្ងៃ​សៅរ៍​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​រឿង​សោកស្ដាយ​នឹង​ខូច​ចិត្ត​អ្វី​មួយ។ ៣. កុំ​ព្យួរ​គ្រឿង​លម្អ​រូប​ទ្រុង​សត្វ​ ពី​ព្រោះ​ការ​ធ្វើ​បែប​នេះ​វា​តំណាង​ឱ្យ​ការ​ឃុំ​ខ្លួន​ឯង​ ធ្វើ​ឱ្យ​ខ្លួន​ខ្វះ​សេរីភាព។ ៤. សូម​កុំ​ប្រើ​គ្រឿង​លម្អ​រូប​ក្រពើ​ ពី​ព្រោះ​វា​ជា​និមិត្ត​សញ្ញា​មួយ​នៃ​ភាព​មាន​កលល្បិច​ច្រើន និង​ភាព​ក្បត់​នឹង​ធ្វើ​ឱ្យ​ចាញ់​បោក​គេ ឬ មាន​សត្រូវ។ ៥. បើ​មាន​ណាត់​ជាមួយ​អ្នក​ណា​នៅ​ថ្ងៃ​សុក្រ មិន​ត្រូវ​ស្លៀក​សំលៀកបំពាក់​ពណ៌​ខ្មៅ​ ពី​ព្រោះ​វា​នាំ​ឱ្យ​ដៃ​គូ​មិន​ស្មោះ​នឹង​អ្នក។

 

 

(រូបតំណាង)

 

៦. មិន​ត្រូវ​ទិញ​ទឹក​អប់​ឱ្យ​សង្សារ​ឡើយ​ ពី​ព្រោះ​វា​ធ្វើ​ឱ្យ​ចែក​ផ្លូវ​គ្នា ដោយ​សារ​ការ​ប្រើ​ទឹក​អប់​ប្រៀប​ដូច​ជា​ ការ​បង្កើន​មន្ត​ស្នេហ៍​ឱ្យ​សង្សារ ធ្វើ​ឱ្យ​គេ​មាន​កម្លាំង​ទាក់​ទាញ​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​កាន់​តែ​ខ្លាំង រហូត​ដល់​ថ្នាក់​ខាង​ស្រី​ឃាត់​លែង​បាន។ ៧. សូម​កុំ​ប្រើ​ទឹក​អប់​ របស់​មិត្តភ័ក្ដិ​ ព្រោះ​វា​អាច​កើត​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា​ ដូច​ជា​ពាក្យ​ចាស់​ពោល​ថា «ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ» ។ ក្លិន​ទឹក​អប់​ក៏​​ប្រៀប​ដូច​ជា​ក្លិន​សា​របស់​ខ្លា​ដែរ។ ៨. មិន​ត្រូវ​ឱ្យ​ស្បែក​ជើង​ទៅ​សង្សារ​ឡើយ ព្រោះ​វា​មាន​ប្រផ្នូល​អាក្រក់​ថា​គេ​នឹង​ដើរ​ចេញ​ពី​អ្នក។ ៩.​ មិន​ត្រូវ​កាត់​សក់​ថ្ងៃ​អង្គារ​ឡើយ​ ព្រោះ​វា​ធ្វើ​ឱ្យ​នារី​ជួប​តែ​រឿង​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់។ ១០. មិន​ត្រូវ​រោយ​អំបិល​ដាក់​ចាន​អាហារ​អ្នក​ដទៃ​ឡើយ​ព្រោះ​វា​ធ្វើ​ឱ្យ​មាន​សំណាង​អាក្រក់។ ១១. ប្រ​សិន​បើ​មិត្ត​ប្រុស​ឱ្យ​របស់​អ្វី ហើយ​របស់​នោះ​ប្រេះ​ស្រាំ​ ឬ ក៏​ក្រវិល​បាត់​ម្ខាង​ត្រូវ​ប្រញាប់​ដោះ​ចេញ​​ភ្លាម​ ពី​ព្រោះ​វា​មិនល្អ​ចំពោះ​ស្នេហា​របស់​អ្នក​ឡើយ ទោះ​បី​ជា​បាន​នៅ​ជាមួយ​គ្នា​ក៏​គ្មាន​សេចក្ដី​សុខ​ដែរ។

 

តើ​ប្រិយមិត្ត​នារី​យល់​យ៉ាង​ណា​ដែរ?

​​​​​​​

 

អត្ថបទ៖ ណេង ណេង

អត្ថបទពេញនិយម