ស្វែងយល់ពីអត្ថន័យនៃសញ្ញាដែលនៅផ្នែកខាងក្រោយសម្បកទូរសព្ទ
- 2015-12-22 21:10:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីអត្ថន័យនៃសញ្ញាដែលនៅផ្នែកខាងក្រោយសម្បកទូរសព្ទ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ទូរសព្ទមួយចំនួនប្រហែលជាមិនបានដឹងទេថាតើសញ្ញាចម្លែកៗដូចជា សញ្ញាធុងសំរាម អក្សរ ឬលេខ ដែលនៅខាងក្រោយសម្បកទូរសព្ទរបស់ពួកគេមានអត្ថន័យបែបណា។ អ្នកឯខ្លះទៀតប្រហែលមិនបានចាប់អារម្មណ៍ថា ទូរសព្ទរបស់ខ្លួនមានសញ្ញានេះផងក៏មិនដឹង។
ខាងក្រោមនេះមានការពន្យល់ពីអត្ថន័យនៃសញ្ញានីមួយៗដែលមានលើទូរសព្ទមួយចំនួន៖
-សញ្ញាឧទានមានរង្វង់ជុំវិញ៖ ក្រុមហ៊ុនសេវាទូរសព្ទនៅក្នុងប្រទេសផ្សេងៗគ្នា ភាគច្រើនប្រើប្រាស់នូវរលកសញ្ញាប្រេកង់ខុសៗគ្នា ហើយសញ្ញានេះមានន័យថា ទូរសព្ទនោះអាចនឹងដំណើរការលើរលកសញ្ញាដែលមិនស្របច្បាប់ចំពោះប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន។
-អក្សរ CE៖ CE ជាពាក្យកាត់មកពីពាក្យពេញថា Conformité Européenne ហើយគេប្រើវាដើម្បីបញ្ជាក់ថា ផលិតផលនោះត្រូវនឹងកម្រិតស្តង់ដារសុវត្ថិភាពផ្នែកអគ្គិសនី និងអេឡិចត្រូម៉ាញេទិច របស់សហភាពអឺរ៉ុប។ ផលិតផលត្រូវតែមានស្លាកសញ្ញានេះទើបអាចលក់ក្នុងប្រទេសនៃសហភាពអឺរ៉ុបបាន។
-FCC៖ ប្រសិនបើទូរសព្ទមានសញ្ញានេះមានន័យថា វាទទួលបានការបញ្ជាក់ពីភ្នាក់ងាររដ្ឋបាល Federal Communications Commission រួចស្រេចហើយ។ ភ្នាក់ងារនេះជាអ្នកត្រួតពិនិត្យនូវរាល់ប្រព័ន្ធទំនាក់ទំនង (ទូរទស្សន៍, វិទ្យុ, ខ្សែកាបជាដើម)ពេញមួយសហរដ្ឋអាមេរិក។
-UL៖ UL តំណាងឲ្យពាក្យពេញ Underwriters Laboratories អង្គភាពដែលធ្វើតេស្តកម្រិតសុវត្ថិភាពនៃផលិតផលអេឡិចត្រូនិកជាច្រើន។ ផលិតផលដែលមានសញ្ញានេះមានន័យថា បានទទួលស្គាល់ពីអង្គភាព UL។
-សញ្ញារង្វង់ដែលមានសញ្ញាគ្រីសពីក្នុង៖ ត្រូវបានគេហៅថាសញ្ញា Ctick ដែលត្រូវបានប្រើប្រាស់ដោយអាជ្ញាធរ Australian Communications Media Authority (ACMA) ដើម្បីបញ្ជាក់ថា ផលិតផលត្រូវនឹងកម្រិតស្តង់ដារផ្នែកអេឡិចត្រូម៉ាញេទិច ហើយអាចលក់ក្នុងប្រទេសអូស្ត្រាលីបាន។
-សញ្ញាធុងសំរាមជាមួយសញ្ញាខ្វែង៖ សញ្ញានេះប្រើប្រាស់ដោយ Waste Eletrical and Electronic Equipment អ្នកចាត់ចែងផ្នែកគ្រឿងសំណល់អេឡិចត្រូនិកនៃសហភាពអឺរ៉ុប ដែលតំណាងថា ផលិតផលនេះមិនគួរបោះចោលក្នុងធុងសំរាមនោះទេ ដោយគួរតែយកទៅកែច្នៃឡើងវិញ។
-សញ្ញា NOM៖ សញ្ញានេះតំណាងឲ្យការទទួលដោយកម្រិតស្តង់ដារពី Norma Oficial Mexicana (Official Mexican Standard)។
-សញ្ញា NYCE៖ ជាធម្មតាសញ្ញានេះមកជាមួយសញ្ញា NOM ដែលនេះមានន័យថា ផលិតផលត្រូវបានបញ្ជាក់ពី Normalización y Certificación Electrónica ដែលជាអ្នកត្រួតពិនិត្យកម្រិតសុវត្ថិភាពផលិតផលអេឡិចត្រូនិកក្នុងប្រទេសម៉ិកស៊ីកូ។
-សញ្ញា VCCI៖ តំណាងឲ្យ Voluntary Control Council for Interference by Information Technology Equipment។ សញ្ញានេះត្រូវបានប្រើប្រាស់ក្នុងប្រទេសជប៉ុនដើម្បីបញ្ជាក់ថា ផលិតផលត្រូវនឹងកម្រិតស្តង់ដារអេឡិចត្រូម៉ាញេទិច។
-លេខចំនួនបួនតួ៖ ជាទូទៅលេខនេះច្រើនដាក់ក្បែរសញ្ញា CE ដែលសញ្ញានេះតំណាងឲ្យ សម្បកដែលត្រូវបានពិសោធ និងបានបញ្ជាក់រួចដោយក្រុមហ៊ុនជំនាញមួយ ហើយត្រូវនឹងកម្រិតស្តង់ដាររបស់ CE។ ចំពោះលេខ 0682 នេះគឺសម្គាល់ទៅលើក្រុមហ៊ុន Cetecom ICT Services ជាអ្នកធ្វើការវាយតម្លៃសម្បកទូរសព្ទឲ្យ CE។
គួរបញ្ជាក់ថាចំពោះទូរសព្ទមួយចំនួនគេតែងឃើញសញ្ញាមួយចំនួនខាងលើនៅលើថ្មនៃទូរសព្ទ ដែលវាមានអត្ថន័យដូចគ្នាទៅនឹងសញ្ញាលើសម្បកទូរសព្ទ៕
ចុចអាន៖ Shortcut ប្រាំជួយឲ្យការទស្សនាវីដេអូលើ Youtube ងាយនិងលឿនជាងមុន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CNet