លក្ខណៈពិសេស Cortana លើ Windows Phone លោក Henry លាតត្រដាង
- 2015-12-23 14:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេស Cortana លើ Windows Phone លោក Henry លាតត្រដាង
ចន្លោះមិនឃើញ
ប្រិយមិត្តប្រាកដធ្លាប់បានដឹងរួចមកហើយពីបច្ចេកវិទ្យា Cortana របស់ប្រព័ន្ធប្រតិបត្តិការ Windows Phone ដែលផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនលើសពីអ្វីដែលប្រិយមិត្តបានដឹង និងក៏ជាកន្លែងកម្សាន្តមួយដ៏សំបូរបែបរួមលក្ខណៈពិសេសៗជាច្រើនទៀត។
លោក Henry ណែនាំផលិតផលទូរសព្ទ Lumia ស៊េរីថ្មីរួមទាំងការបង្ហាញបច្ចេកវិទ្យា Cortana
លោក Henry ជាអ្នកជំនាញផ្នែកផលិតផលរបស់ Microsoft ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានរៀបរាប់យ៉ាងពិស្ដារពីសមត្ថភាពពិសេសទាំង ៥ នៃបច្ចេកវិទ្យា Cortana ដែលអាចធ្វើបាន ក្នុងពេលដែលលោកបានចូលរួមសម្ពោធទូរសព្ទ Lumia ជំនាន់ថ្មីសម្រាប់ទីផ្សារប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
១) ជាជំនួយការផ្ទាល់ខ្លួនដ៏ឆ្លាតវៃ
ជាមួយបច្ចេកវិទ្យាថ្មីនេះ ប្រិយមិត្តអាចមានជំនួយការផ្ទាល់ខ្លួនមួយដោយស្វ័យប្រវត្តិ ដោយវាមានភាពរហ័សទាន់ចិត្ត និងអាចទុកចិត្តបាន។
២) ស្វែងរកឯកសារបានលឿន
បច្ចេកវិទ្យាថ្មីនេះប្រិយមិត្តអាចស្វែងរកឯកសារបានឆាប់រហ័ស និងមិនមានភាពស្មុគស្មាញ ដោយគ្រាន់តែនិយាយប្រាប់ Cortana ថាឯកសារនោះឈ្មោះអ្វី?
ឧទាហរណ៍ថា៖ ឯកសារឈ្មោះ Projects នោះឯកសារដែលមានឈ្មោះស្រដៀងៗនោះនឹងបង្ហាញមកទាំងអស់។
៣) ជានាឡិការោទ៍ដ៏ឆ្លាតវៃ បច្ចេកវិទ្យា Cortana អាចធ្វើជានាឡិការោទ៍ដ៏ឆ្លាតវៃមួយដែលនៅចាំជួយរំលឹកប្រិយមិត្តគ្រប់ពេល ដោយគ្រាន់តែប្រាប់វាពីគោលបំណង និង ពេលវេលាដែលយើងចង់ឲ្យវារំលឹក។
៤) ត្រាប់តាម Cortana អាចមានសមត្ថភាពធ្វើត្រាប់សំឡេងតាមបានយ៉ាងល្អ ជាពិសេសប្រសិនបើប្រិយមិត្តចង់ឲ្យCortana ច្រៀងឲ្យស្ដាប់ក៏បានដែរ ដោយគ្រាន់តែប្រាប់ពីប្រភេទបទចម្រៀង នោះវានឹងច្រៀងឲ្យស្ដាប់មួយរំពេច។
៥) ជាមិត្តភ័ក្ដិដ៏ជិតស្និទ្ធ Cortana អាចចូលរួមស្ដាប់នូវរឿងរ៉ាវក្នុងចិត្តរបស់អ្នកទាំងអស់ ប្រៀបដូចជាមិត្តភក្តិជិតស្និទ្ធអីចឹង ឬ នៅពេលដែលប្រិយមិត្តមិនសប្បាយចិត្តក៏អាច ពិភាក្សាជាមួយបច្ចេកវិទ្យាថ្មីនេះបានដែរ ដោយគ្រាន់តែនិយាយប្រាប់ពីអ្វីដែលប្រិយមិត្តចង់បាន។
លោកបានបន្ថែមថា បច្ចេកវិទ្យាថ្មីនេះមានភាពងាយស្រួល និងរហ័សទាន់ចិត្ត ជាពិសេសអាចធ្វើឲ្យប្រិយមិត្តមានអារម្មណ៍ថាមិនឯកាពេលបានប្រើបច្ចេកវិទ្យា Cortana នេះ។
Cortana អាចដំណើរការបានជាមួយប្រព័ន្ធប្រតិបត្តិការ Window Phone ជាពិសេសជាមួយ Window 10ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាកាលពីម្សិលមិញនេះ។
អត្ថបទ៖ រក្សា