មិនគួរលេងកម្មវិធីនេះ ប្រសិនបើអ្នកមានបញ្ចូលព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗលើ Facebook
- 2015-12-23 21:05:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរលេងកម្មវិធីនេះ ប្រសិនបើអ្នកមានបញ្ចូលព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗលើ Facebook
ចន្លោះមិនឃើញ
កម្មវិធីថ្មីមួយហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដោយពួកគេមិនបានដឹងទេថា នឹងមានអ្វីកើតឡើងចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។
កម្មវិធីមានឈ្មោះថា Meaww មាននូវហ្គេមជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ ដូចជា “Who is your craziest friend?” និង “What are your 3 best photos on Facebook?” ជាដើម។ ដើម្បីឆ្លើយនឹងសំណួរនៃហ្គេមទាំងនេះបាន គេមិនមែនចេះតែទាយៗនោះទេ ពិតណាស់គឺអ្នកប្រើប្រាស់ត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួនដល់កម្មវិធីនេះ។
នៅផ្នែកខាងក្រោមនៃវិបសាយរបស់កម្មវិធី គេបានបញ្ជាក់ថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីជាការកម្សាន្តតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់ភាគច្រើនប្រាកដជាយល់ឃើញថា នេះជាការកម្សាន្តមែន ប៉ុន្តែវាអាចលើសពីអ្វីដែលពួកគេបានគិតដល់ទៅទៀត។ កម្មវិធី Meaww មិនមែនត្រឹមតែផ្ដល់ភាពសប្បាយដល់អ្នកប្រើប្រាស់ដោយឥតគិតថ្លៃតែមួយមុខនោះទេ ប៉ុន្តែគេអាចទទួលបានផលចំណេញពីព័ត៌មានដែលអ្នកប្រើប្រាស់បានចែករំលែកបាន។
ផលចំណេញដែលកម្មវិធីទទួលបានពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះគឺ គេអាចយកវាទៅលក់ឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ហើយគេនឹងមិនដឹងថា ព័ត៌មានទាំងនោះនឹងទៅដល់ទីណាខ្លះ ឬត្រូវប្រើប្រាស់ដោយរបៀបណា និងប្រើប្រាស់ក្នុងគោលបំណងអ្វីនោះទេ។
លក្ខន្តិកនៃកម្មវិធីនេះក៏បានបញ្ជាក់ដែរថា គេអាចធ្វើការលក់ព័ត៌មានទាំងនោះបានលុះត្រាតែសាមីខ្លួនផ្ដល់សិទ្ធិអនុញ្ញាត ហើយការដែលអ្នកប្រើប្រាស់ចុះឈ្មោះប្រើប្រាស់កម្មវិធីនេះមានន័យថា គេបានផ្ដល់សិទ្ធិអនុញ្ញាតឲ្យកម្មវិធីរួចស្រេចទៅហើយ។
គួរបញ្ជាក់ថា មិនមែនតែកម្មវិធី Meaww នេះមួយទេដែលបានទាមទារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដើម្បីចុះឈ្មោះលេងកម្មវិធីនោះ ពោលគឺមានកម្មវិធីជាច្រើនដែលទាមទារចង់បាននូវព័ត៌មានផ្ទាល់ខ្លួន ហើយគោលបំណងរបស់កម្មវិធីទាំងនោះក៏មិនខុសគ្នាប៉ុន្មានឡើយ ដូចនេះចំពោះអ្នកដែលមានបញ្ចូលព័ត៌មានសំខាន់ៗ ទៅក្នុង Facebook គប្បីកុំប្រើប្រាស់កម្មវិធីទាំងនោះ៕
ចុចអាន៖ ស្វែងយល់ពីអត្ថន័យនៃសញ្ញាដែលនៅផ្នែកខាងក្រោយសម្បកទូរសព្ទ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ BetaNews