ក្រុមអ្នកវិទ្យាសាស្ត្រព្រមានពីគ្រោះថ្នាក់នៃផ្កាយដុះកន្ទុយទំហំ៩៨គ.ម
- 2015-12-24 13:15:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកវិទ្យាសាស្ត្រព្រមានពីគ្រោះថ្នាក់នៃផ្កាយដុះកន្ទុយទំហំ៩៨គ.ម
ចន្លោះមិនឃើញ
ខណៈពេលដែលអង្គការណាសាផ្ដោតទៅសិក្សាលើការគំរាមកំហែងនៃអាចម៍ផ្កាយ ការសិក្សាថ្មីមួយទៀតបានលើកឡើងថា អង្គការគួរតែពិនិត្យមើលគន្លងគោចររបស់ផ្កាយព្រហស្បតិ៍ផង ព្រោះផ្កាយដុះកន្ទុយដ៏ធំជាច្រើនកំពុងលាក់ខ្លួននៅទីនោះ។
ផ្កាយដុះកន្ទុយទំហំធំជាច្រើន ដែលគេហៅថា "Centaurs” ត្រូវបានគេប្រទះឃើញជាងពីរទសវត្សមកហើយ ហើយវាគឺជាដុំផ្ដុំឡើងពីទឹកកក និងធូលីដី។ ទំហំរបស់ Centaurs អាចមានពី៥០គ.ម ទៅ ៩៨គ.ម ដោយទំហំនេះគឺធំជាងដុំអាចម៍ផ្កាយទាំងអស់ដែលគេបានប្រទះឃើញជុំវិញផែនដីនាពេលកន្លងមកទៅទៀត។
ដំណើរគន្លងគោចរផ្កាយរបស់ដុះកន្ទុយនេះ គឺឆ្លងកាត់ ផ្កាយព្រហស្បតិ៍ ផ្កាយសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។ ប្រសិនបើមានផ្កាយដុះកន្ទុយមួយប្លាតចេញពីដែនទំនាញនៃផ្កាយ ឬភពយក្សទាំងបួននេះ វានឹងត្រូវធ្លាក់មកប៉ះទង្គិចនឹងភពផែនដីជាមិនខានឡើយ។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងដែរថា ឱកាសដ៏កម្រនេះអាចកើតមានឡើងម្ដង នៅរៀងរាល់ចន្លោះពី ៤០០០០ឆ្នាំ ទៅ១០០០០០ឆ្នាំ។ នៅពេលដែលឱកាសដ៏កម្រនេះ កើតឡើងមែនផ្កាយដុះកន្ទុយនឹងធ្វើដំណើរមកកៀកព្រះអាទិត្យ ហើយពួកវានឹងចាប់ផ្ដើមបំបែកជាដុំៗ បន្ទាប់មកនឹងបង្កផលប៉ះពាល់យ៉ាងធំដល់ផែនដី ដែលមិនអាចគេចផុតបាន។
កន្លងមកមានអ្នកវិទ្យាសាស្ត្រជាច្រើនជឿជាក់ថា ការផុតពូជនៃពពួកសត្វដាយណូស័រកាល៦៥លានឆ្នាំមុនគឺបណ្ដាលមកពីផ្កាយដុះកន្ទុយ ហើយការស្រាវជ្រាវចុងក្រោយនេះលើកឡើងថាហេតុការណ៍នេះនឹងអាចកើតមានឡើងម្ដងទៀតដោយសារ ផ្កាយដុះកន្ទុយ Centaurs៕
ចុចអាន៖ មិនគួរលេងកម្មវិធីនេះ ប្រសិនបើអ្នកមានបញ្ចូលព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗលើ Facebook
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail