នាយក​រដ្ឋមន្រ្តី​ប្រាប់​ឲ្យ​ពលរដ្ឋ​អត់​ធ្មត់​រឿង​ច្បាប់​ចរាចរណ៍​ថ្មី

  • 2016-01-05 16:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ចេញ​អនុវត្ត​កាល​ពី​ដើម​ខែ​មករា ២០១៦​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្អូញត្អែរ​អំពី​នីតិវិធី​មួយ​ចំនួន​ ប៉ុន្ដែ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​អត់​ធ្មត់​ ខណៈ​ច្បាប់​ថ្មី​ទើប​ចាប់​ផ្ដើម​អនុវត្ត។

 

 

 

សម្ដេច​តេជោ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ស្ពាន​អាកាស​ និង ផ្លូវ​ក្រោម​ដី តិច​ណូ នៅ​មុន​នេះ​បន្ដិច​ថា សម្ដេច​ និង សម្ដេច​ក្រឡា​ហោម​ ស ខេង ក៏​បាន​ពិគ្រោះ​យោបល់​គ្នា​រឿង​ច្បាប់​ចរាចរណ៍​ថ្មី ក្រោយ​អនុវត្ត​បាន​ ៣ ថ្ងៃ ហើយ​នឹង​ពិចារណា​លើ​ការ​សំណើ​សុំ​របស់​ប្រជាពលរដ្ឋ​​ថា តើ​ត្រូវ​បន្ដឹង​ចំណុច​ណា និង បន្ធូរ​ចំណុច​ណា​នៃ​ច្បាប់​ចរាចរណ៍​ថ្មី។

 

ប៉ុន្តែ សម្ដេច​បាន​លើក​ឡើង​ថា៖ "អ្នក​ទិញ​ម៉ូតូ​អត់​ពន្ធ ទិញ​ឡាន​អត់​ពន្ធ​ ប្រតិកម្ម​ខ្លាំង​ជាង​គេ។ ដូច្នេះ ការ​អនុវត្ត​នៅ​បន្ត​អនុវត្ត ដោយ​មិន​អាច​ពន្យារពេល​បាន​ទៀត​ទេ ព្រោះ​បាន​ពន្យារពេល​ច្រើន​ឆ្នាំ​ហើយ"។

 

សម្ដេច​តេជោ ក៏​បាន​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ប្អូន​ស្រី​រឿង​ច្បាប់​ចរាចរណ៍​ថ្មី​ដែរ​ថា "មិន​គួរ​ប្អូន​ស្រី​ធ្វើ​រឿង​នេះ។ ដើម្បី​ប្រជាជន​ ឬ ដើម្បី​ធ្វើ​បាប​ប្រជាជន។ ប៉ុន្តែ​តម្លៃ​វា​នៅ​កន្លែង​ណា គឺ​ការពារ​ជីវិត​មនុស្ស។ ពិត​ណាស់​វា​មាន​បញ្ហា​ តែ​ជីវិត​សំខាន់"។

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​របស់​សម្ដេច​តេជោ នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា និង រាជរដ្ឋាភិបាល​កម្ពុជា​ ពិចារណា​បន្ថែម​ទៀត​​ចំពោះ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​ច្បាប់​ថ្មី​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សម្ដេច​តេជោ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​អត់​ធ្មត់​ ខណៈ​ដែល​ច្បាប់​ចរាចរណ៍​ថ្មី ទើប​អនុវត្ត ហើយ​សម្ដេច និង សម្ដេច​ក្រឡាហោម កំពុង​សិក្សា​អំពី​បញ្ហា​ និង ដំណោះស្រាយ​ថា តើ​ចំណុច​ណា​ត្រូវ​រឹត​បន្តឹង ហើយ​ចំណុច​ណា​ត្រូវ​បន្ធូរបន្ថយ។ សម្ដេច​បាន​សង្កត់​ធ្ងន់​ថា ច្បាប់​ចរាចរណ៍​នេះ​មាន​ចំណុច​សំខាន់​គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់ និង ការពារ​អាយុជីវិត​អ្នក​បើកបរ៕

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា