ជន​អនាមិក​លួច​ជ្រៀត​ចូល​ Facebook កាន់​តែ​ក្តៅ​គគុក​ផ្អើល​អ្នក​កម្សាន្ត​តៗ​គ្នា

  • 2014-10-22 15:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​ថា​មាន​ក្រុម​ជន​អនាមិក បាន​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​ Facebook ដោយ​បាន​លួច​ប្រើប្រាស់​​និង​បង្ហោះ​រូបភាព​ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​ម្ចាស់​គណនី​មិន​ដឹង​ខ្លួន​។

 

 

ជាក់ស្ដែង​​លោក សីហា បាន​ជួប​​​ហេតុការណ៍​នេះ ដោយ​គណនី Facebook របស់​លោក ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ដោយ​​បាន​បង្ហោះ​រូបភាព​និង​ព័ត៌មាន​ផ្សេងៗ ដែល​លោក​មិន​បាន​ដឹង​ខ្លួន​ទាល់​តែ​សោះ។

 

បុគ្គលិក​បម្រើការ​នៅ​ក្រុមហ៊ុន​ឯកជន​រូប​នេះ​ប្រាប់​ថា៖ "ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​ប្រាប់​ថា ឃើញ​គណនី​របស់​ខ្ញុំ​បង្ហោះ​រូប​និង​ព័ត៌មាន​ចម្លែកៗ។ ខ្ញុំ​នឹក​សង្ស័យ​ក៏​ចូល​ឆែក​មើល​ទើប​ដឹង​ថា គណនី​របស់​ខ្ញុំ​ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​មែន"។

 

លោក​បញ្ជាក់​ថា គេ​បាន​ដូរ Profile និង​រូប Cover រួម​ទាំង​ការ​បង្ហោះ Status ផ្សេងៗ ទាំង​លោក​មិន​ដឹង​ខ្លួន​ទាល់​តែ​សោះ។

 

លោក​សង្ស័យ​ថា អាច​មាន​ជន​ណា​ម្នាក់​បាន​ចូល​ទៅ​ប្រើប្រាស់​គណនី​របស់​លោក ឬ​មាន Hacker ចូល​ជ្រៀត​ចូល​គណនី​ដើម្បី​ប្រើប្រាស់​ក្នុង​គោល​បំណង​អ្វី​ម្យ៉ាង។

 

យ៉ាង​ណា លោក​បាន​បង្កើត​ការ​ប្រុង​ប្រយ័ត្ន​ដោយ​បាន​ប្តូរ Password ឲ្យ​សុវត្ថិភាព​ជាង​មុន។

 

ចំណែក​និស្សិត​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ លោក សំបូរ ប្រាប់​ថា លោក​ក៏​បាន​ឮ​មិត្តភ័ក្ដិ​ជជែក​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ជួប​ផ្ទាល់​នោះ​ទេ។

 

“ឮ​ថា​មាន​ជន​អនាមិក​ចូល​លុក​លុយ​ក្នុង​គណនី Facebook អ្នក​ដទៃ ដោយ​យក​ឈ្មោះ​ម្ចាស់​គណនី​ទៅ​ធ្វើ​ការ​ comment នៅ​លើ Page ក្នុង Group ឬ​បង្ហោះ​ព័ត៌មាន​ផ្សេង​ទាំង​ម្ចាស់​គណនី​មិន​បាន​ដឹង​ខ្លួន​ជា​មុន។

 

លោក​បន្ត​ថា លោក​ក៏​មាន​ការ​បារម្ភ​ពេល​ឮ​បែប​នេះ និង​ក៏​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន ដោយ​បាន​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​ទៀត​ដោយ​ផ្លាស់ប្ដូរ Password ញឹកញាប់​ដើម្បី​បង្ការ​ហេតុការណ៍​អាក្រក់​ដូច​នេះ​កើត​ឡើង។

 

យ៉ាង​ណា​លោក​គំនិត យល់​ថា បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការធ្វេស​ប្រហែស​របស់​អ្នក​ប្រើប្រាស់​ផ្ទាល់ ដោយ​បាន​ Log in ​ប្រើប្រាស់​គណនី​របស់​ខ្លួន​​រួច​ហើយ​មិន​បាន​ Log out ឲ្យ​បាន​ត្រឹមត្រូវ ទើប​មាន​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​បាន​​បន្ត​ប្រើ​គណនី​​ដដែល​នោះ​​បង្ហោះ​ព័ត៌មានផ្សេងៗ​ដែល​ម្ចាស់​គណនី​ដើម​មិន​ដឹង។

 

ជុំវិញ​បញ្ហា​នេះ លោក អ៊ូ ផាន់ណារិទ្ធិ សាស្រ្តាចារ្យ​​ផ្នែក​សន្តិសុខ​ព័ត៌មាន​នៃ​សាកលវិទ្យាល័យ​បៀលប្រាយបាន​ឆ្លើយតប​ថា បញ្ហា​ទាំង​នេះ​បណ្តាល​មក​ពី​កំហុស​អ្នក​ប្រើប្រាស់​ផ្ទាល់ និង​ការ​ជាប់​ពាក់ព័ន្ធ​ជន​ទី៣។

 

លោក​ថា អ្នក​ខ្លះ​បាន​ប្រើប្រាស់​គណនី​របស់​ខ្លួន​មិន​បាន​ត្រឹមត្រូវ​ ដោយសារ​​ពេល​ប្រើប្រាស់​មិន​បាន​ចេះ Log in និង Log out ឲ្យ​បាន​ត្រឹមត្រូវ។ ហើយ​ករណី​ជន​ទី​បី​​អាច​មក​ពី​អ្នកប្រើប្រាស់​បាន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អ្នក​វាយប្រហារ ដោយ​ចូល​ទៅ​កាន់​វិបសាយ​ក្លែងក្លាយ (វិបសាយ​ក្លែងក្លាយ​របស់ Facebook) ឬ​បាន​​​ចុច​លើ​តំណ​ភ្ជាប់​ដើម្បី​ទៅ​បើក​វិបសាយ​ផ្សេង​ទៀត តែ​ការ​ពិត​ជា​មេរោគ​បង្កប់​ដែល​អ្នក​ប្រើប្រាស់​នឹកស្មាន​មិន​ដល់ ដែល​ពេល​នោះ​ជន​ខិលខូច​អាច​លួច​យក Password យក​ទៅ​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល។

 

លោក​ថា បញ្ហា​ដែល​កើត​មាន​នេះ​កំពុង​ក្លាយ​ជា​ក្តី​កង្វល់​ សម្រាប់​អ្នក​ចូលចិត្ត​កម្សាន្ត​នៅ​លើ​បណ្តាញ​សង្គម Facebook ខណៈ​មាន​ជនរងគ្រោះ​ជា​បន្តបន្ទាប់​រួច​មក​ហើយ។

 

ជា​វិធានការ​លោក​ថា អ្នក​ប្រើប្រាស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូចជា​ត្រូវ​ប្រើ​ពាក្យ​សម្ងាត់​ដែល​ខ្លាំង​បំផុត​មិន​ងាយ​ឲ្យ​អ្នក​ដទៃ​អាច​បំបែក​បាន,កុំ​​ព្យាយាម​ប្រើ password ដដែលៗ​ចំពោះ​គណនី​ផ្សេង​ទៀត, មិន​ត្រូវ​ចុច​លើ​តំណ​ភ្ជាប់​ជា​វិបសាយ​ណា​ដែល​មិន​ស្គាល់ សង្ស័យ ឬ​មិន​មាន​ប្រភព​ច្បាស់លាស់។ ជាពិសេស​បើ​ចង់​ទាញ​យក​កម្មវិធី​ណាមួយ​ពី​អ៊ីនធឺណិត​យក​មក​ប្រើប្រាស់ ត្រូវ​គិត​លើ​បញ្ហា​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់​បំផុត។

 

អាន​អត្ថបទ៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​អត្ថបទ៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

អាន​អត្ថបទ៖ ម៉ូតូ​ប្លែកៗ​​ច្រើន​ម៉ូដ​ច្រើន​ម៉ាក​​ តែ​មាន​ការ​ហៅ​ខុសៗ​គ្នា​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា