គ្រុយវណ្ណា​ធ្លាប់​អ៊ុត​ទូរសព្ទ​និង​ដុត​នំ ​មុន​​ក្លាយ​ជា​អ្នក​ផលិត​កម្មវិធី​​ស្មាតហ្វូន​លេចធ្លោ

  • 2016-01-15 14:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ (Khmer Smart Keyboard) លោក គ្រុយ វណ្ណា​ ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​អ្នក​អ៊ុត​ទូរសព្ទ​ និង​អ្នក​ដុត​នំ ទម្រាំ​អាច​ក្លាយ​ជា​អ្នក​ជំនាញ​បង្កើត​កម្មវិធី​ទូរសព្ទ​និង​ជា​ម្ចាស់​ក្រុមហ៊ុន AliEN DEV។

 

បច្ចុប្បន្ន​លោក​ជា​ម្ចាស់​ក្រុមហ៊ុន ALiEN DEV ដែល​មាន​កេរ្តិ៍ឈ្មោះ​លេច​ធ្លោ​ក្នុង​ប្រទេស​កម្ពុជា។

 

 

ប្រវត្តិ​ការ​សិក្សា​និង​គ្រួសារ

 

លោក​គ្រុយ វណ្ណា កើត​នៅ​ឃុំ​សន្លុង ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល និង​មាន​បង​ប្អូន ៥នាក់ ​ស្រី ៣ ប្រុស២ ហើយ​លោក​ជា​កូន​ទី៣។ កាល​លោក​រៀន​នៅ​ថ្នាក់​ទី ១និង​ទី ២ នៅ​ទសវត្សរ៍​ឆ្នាំ៩០ ឪពុក​លោកធ្វើ​ជា​ជាង​​ផ្កាយ​រណប​ទូរទស្សន៍ ហើយ​ម្ដាយ​ជា​អ្នក​លក់​មាន់។ ក្រោយ​មក​គ្រួសារ​វណ្ណា​បាន​ផ្លាស់​ទី​លំនៅ​មក​ភ្នំពេញ​ម្តុំ​ទួល​ទំពូង​ ហើយ​វណ្ណា​ក៏​បន្ត​រៀន​ពី​ថ្នាក់​ទី៣រហូត​ដល់​ចប់​វិទ្យាល័យ។

 

កាល​រៀន​នៅ​វិទ្យាល័យ​ស្ថាបនិក​វ័យ​ ៣១ឆ្នាំ ​រូប​នេះ​ត្រូវ​ជិះកង់​ទៅ​រៀន​ដោយ​ចំណាយ​ពេល​ប្រហែល ២០នាទី​ទើប​ដល់​សាលា។ សម្រាប់​មុខវិជ្ជា​លោក​ស្រឡាញ់​ជាង​គេ​កាល​នៅ​វិទ្យាល័យ​គឺ​រូបវិទ្យា​ ដែល​តែងតែ​ចូលចិត្ត​ស្រាវជ្រាវ​និង​ពិសោធ​ម្នាក់​ឯង​នៅ​ផ្ទះ។

 

នៅ​ពេល​ចូល​ដល់​ឆ្នាំ ២០០៣ វណ្ណា ក៏​បាន​រៀន​ចប់​បាក់​ឌុប​ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជំនាញ Programing និង Network ពេល​ព្រឹក និង​សិក្សា​ថ្នាក់​អាហារូបករណ៍​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​វិទ្យាស្ថាន​​​ភាសា​បរទេស ពេល​រសៀល។

 

ពេល​ទំនេរ​ពី​ការ​សិក្សា​ ១ម៉ោង​ឬ ២ម៉ោង​និង​ថ្ងៃ​សៅ ​អាទិត្យ​ វណ្ណា​តែង​តែ​ឆ្លៀត​ទៅ​បញ្ចូល​ភ្លេង​ទូរសព្ទ​និង​អ៊ុត​ទូរសព្ទ​ដើម្បី​បាន​កម្រៃ​បន្ថែម​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​ឪពុក​ជា​អ្នក​ទទួល​បន្ទុក​ធំ។

 

វណ្ណា​ថា កាល​ឆ្នាំ​នោះ​ពុំ​សូវ​មាន​អ្នក​ប្រកប​អាជីព​បញ្ចូល​បទ​ចម្រៀង​ទូរសព្ទ​និង​អ៊ុត​ទូរសព្ទ​នេះ​ទេ ដូច្នេះ​លោក​អាច​រក​ចំណូល​បាន​គួរ​សម។ ប្រាក់​ចំណូល​ដែល​សល់​ពី​ថ្លៃ​ជួល​កន្លែង​ចំនួន​៤០០ដុល្លារ​ក្នុង​មួយ​ខែ វណ្ណា​ឱ្យ​ទៅ​ឪពុក​លោក​ទាំង​អស់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

 

ក្រោយ​រៀន​ចប់​មហាវិទ្យាល័យ​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០០៧ វណ្ណា​និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ប៉ុន្មាន​នាក់​ទៀត​បាន​ធ្វើ​ការ​ឱ្យ​​ក្រុមហ៊ុន​មួយ​ដែល​ជួល​ពួកគេ​ឱ្យ​បង្កើត System គ្រប់គ្រង​ការ​លក់​ឥវ៉ាន់​ក្នុង​ម៉ាត តែ​ដោយ​សារ​ក្រុមហ៊ុន​នោះ​ទើប​បើក​ថ្មី​ ក៏​ត្រូវ​ក្ស័យធន​ទៅ​វិញ​មិន​យូរ​ប៉ុន្មាន។

 

ជាប់​អាហារូបករណ៍​ទៅ​ជប៉ុន ខណៈ​ពុំ​ទាន់​មាន​ការងារ​ធ្វើ

 

នៅ​ឆ្នាំ​ដដែល (២០០៧) ក្រោយ​ពេល​ក្រុមហ៊ុន​ដែល​ជួល​លោក​និង​មិត្តភ័ក្ដិ​ទៅ​ធ្វើ​ការ​ក្ស័យធន លោក​ក៏​នៅ​ជួយ​កិច្ចការ​ឪពុក​​នៅ​ហាង​លក់​ទូរសព្ទ​នៅ​ផ្ទះ ហើយ​ក៏​ប្រឹង​រៀន​ត្រៀម​ប្រឡង​អាហារូបករណ៍​ទៅ​ជប៉ុន។

 

ទីបំផុត វណ្ណា​បាន​​ជាប់​អាហារូបករណ៍​ទៅ​រៀន​ថ្នាក់​អនុបណ្ឌិត​រយៈ​ពេល​៣ឆ្នាំ នៅ​ជប៉ុន ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ។

 

វណ្ណា​ថា កាល​នោះ​មាន​បេក្ខជន​ប្រឡង​ដល់​ទៅ ៤០០នាក់ តែ​សាលា​ជ្រើសរើស​យក​តែ​១០នាក់​ប៉ុណ្ណោះ​ត្រូវ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​ជប៉ុន ហើយ​វណ្ណា​ដែល​ជា​អតីត​និស្សិត​ឆ្នើម​ផ្នែក IT ​នៅ​សាលា​ភូមិន្ទ​ភ្នំពេញ​ក៏​ស្ថិត​ក្នុង​ចំណោម​បេក្ខជន ១០នាក់​នោះ​ដែរ។

 

ជំនាញ​ដែល​វណ្ណា​ត្រូវ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​ជប៉ុន​នោះ​គឺ Khmer OCR ដែល​ផ្ដោត​ទៅ​លើ​បច្ចេកទេស​ស្កេន​ឯកសារ​លើ​ក្រដាស​ហើយ​បញ្ចូល​ទៅ​ក្នុង Microsoft Word ដែល​អាច​កែ​បាន។ ការ​សិក្សា​ថា្នក់​អនុបណ្ឌិត​នៅ​ជប៉ុន​មាន​រយៈ​ពេល៣ឆ្នាំ ដោយ​រួម​បញ្ចូល​ទាំង​ការ​សិក្សា​បំប៉ន​ភាសា​ជប៉ុន​រយៈ​ពេល​១ឆ្នាំ​ផង​ដែរ​។

 

នៅ​ពេល​ចាប់​ផ្តើម​រៀន​ពេញ​លេញ​នៅ​ឆ្នាំ​ទី​ពីរ វណ្ណា​ឆ្លៀត​ទៅ​ធ្វើ​ការ​ជា​អ្នក​ធ្វើ​នំ​នៅ​ហាង McDonald's ពី​ម៉ោង ៥ដល់៩ព្រឹក ដែល​ក្នុង​មួយ​ម៉ោង​បាន ១០ដុល្លារ ហើយ​ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ប្រាក់​បាន​ខ្ទង់ ៤០ដុល្លារ តែ​ធ្វើ​ការ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។

 

ចំពោះ​ការ​លំបាក​ពេល​ធ្វើ​ការ​ជា​អ្នក​ដុត​នំ វណ្ណា​ថា លំបាក​ដែរ​ព្រោះ​ត្រូវ​ក្រោក​ពី​ព្រឹក​ជិះ​កង់​ដែល​សិស្ស​ច្បង​ឱ្យ​ហ្នឹង​ទៅ​ធ្វើ​ការ​ ហើយ​រដូវ​រងា​​វិញ​ត្រជាក់​ខ្លាំង ស្ពឹក​ដៃ។

 

យ៉ាង​ណា​មិញ វណ្ណា​ថា​លោក​ធ្វើ​នៅ McDonald's បាន​តែ​កន្លះ​ឆ្នាំ ក៏​មក​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន Asial ប្រទេស​ជប៉ុន ក្នុង​តំណែង​ជា​​​អ្នក​បង្កើត​កម្មវិធី​ទូរសព្ទ ​រហូត​ដល់​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធ​ធ្វើ​ការ​ពេញ​ម៉ោង បាន​ប្រាក់ ៣០០០ដុល្លារ/ខែ។

 

 

ត្រឡប់​មក​បើក​ក្រុមហ៊ុន​ខ្លួន​ឯង​នៅ​ខ្មែរ ព្រោះ​តែ​ភាព​ឯកា​ ចង់​បាន​សេរីភាព​ហើយ​នឹករលឹក​គ្រួសារ​ខ្លាំង

 

ក្រោយ​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន Asial បាន៣ ឆ្នាំ វណ្ណា​ក៏​មាន​អារម្មណ៍​ថា​ឯកោ ​នឹក​គ្រួសារ​ ហើយ​ចង់​បាន​សេរីភាព​ច្រើន ក៏​សម្រេច​ចិត្ត​បោះបង់​ចោល​ប្រាក់​ខែ ៣០០០ដុល្លារ​នៅ​ជប៉ុន មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​វិញ។

 

“ធ្វើ​ការ​នៅ​នោះ (ជប៉ុន) យូរ​ទៅ​មាន​អារម្មណ៍​ថា​នៅ​តែ​ឯង ហើយ​ណាមួយ​នឹក​ផ្ទះ​ខ្លាំង​មែនទែន"។ វណ្ណា​បន្ថែម "ម្នាក់ៗ​វក់​នឹង​ការងារ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដូច​មិន​សូវ​មាន​សេរី​ភាព​ច្រើន​ដូច​នៅ​ខ្មែរ​ទេ។ អ្នក​ខ្លះ​ព្រោះ​តែ​បរាជ័យ​នឹង​ការងារ រហូត​ដល់​សម្លាប់​ខ្លួន​ក៏​មាន​ដែរ។

 

នៅ​ឆ្នាំ ២០១៤ វណ្ណា​បាន​បង្កើត​ក្រុម​បង្កើត​កម្មវិធី​ទូរសព្ទ​មួយ​ឈ្មោះ ALiEN DEV ដោយ​មាន​គ្នា​៤នាក់ ហើយ​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ ក៏​បាន​បង្កើត​ក្តារ​ចុច​សម្រាប់ iOS ដោយ​មាន​ឈ្មោះ​ថា Khmer Smart Keyboard

 

**ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​ (Khmer Smart Keyboard)ធ្វើ​ឱ្យ ALiEN DEV កាន់​តែ​លេចធ្លោ

 

 

ដោយ​សារ Khmer Smart Keyboard ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ទើប​ Developer វ័យ​ក្មេង​រូប​នេះ​សម្រេច​ចិត្ត​បង្កើត​ជា​ក្រុមហ៊ុន​តូច ALiEN DEV ដោយ​បាន​ចូល​ហ៊ុន​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​ទៀត សរុប​ទុន ១ម៉ឺន​ដុល្លារ។

 

វណ្ណា​ថា រយៈ​ពេល​ប្រហែល​ជាង​មួយ​ឆ្នាំ​ដែល​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​ដាក់​ឱ្យ​ប្រើ​លើ iOS និង Android ឃើញ​ថា​មាន​ការ​ពេញ​និយម​ខ្លាំង និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ពី​ពលរដ្ឋ​ខ្មែរ​និង​បណ្ដា​ស្ថាប័ន​នានា ហើយ​ក្រុម​លោក​បាន​ព្យាយាម​រិះរក​មុខងារ​ថ្មីៗ​ដើម្បី​បន្ថែម​លើ​កម្មវិធី​ក្តារ​ចុច​នេះ​ឱ្យ​កាន់​តែ​ទំនើប។

 

វណ្ណា​ថា មក​ទល់​ពេល​នេះ Khmer Smart Keyboard មាន​អ្នក​ទាញ​យក​ប្រមាណ ៣៨ម៉ឺន​នាក់​មក​ហើយ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់ ALiEN DEV។

 

ចំពោះ​សមិទ្ធផល​លេច​ធ្លោរ​ដែល ALiEN DEV មាន​លោក វណ្ណា​ជា​អ្នក​ដឹកនាំ មាន​ដូចជា Khmer Smart Keyboard និង​កម្មវិធី​ ឆ្លាត Drive (បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង Beta Version)។

 

គោល​បំណង​ពេល​អនាគត

 

ស្ថាបនិក​វ័យ​ក្មេង​គ្រុយ វណ្ណា ថា​ពេល​អនាគត ក្រុម​លោក​នឹង​រិះរក​បង្កើត​កម្មវិធី​ថ្មីៗ​និង​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ និង​បន្ថែម​មុខងារ​ថ្មី​កែ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​សម្រាប់ Khmer Smart Keyboard ដើម្បី​សម្រួល​ដល់​ការ​សរសេរ​ភាសា​ខ្មែរ​តាម​ទូរសព្ទ​កុំ​ឱ្យ​មាន​កំហុស។

 

យ៉ាង​ណា​ក៏​ដោយ​វណ្ណា​ថា ដើម្បី​អាច​បង្កើត​មុខងារ​ថ្មី​នេះ​ឱ្យ​បាន​ជោគជ័យ ក្រុម​លោក​ត្រូវ​ប្រើ​ពេល​ប្រហែល ៣ទៅ ៤ខែ ក្នុង​ការ​ស្រង់​ទិន្នន័យ​អក្សរ​ខ្មែរ​សម្រាប់​មុខងារ​ថ្មី​លើ Khmer Smart Keyboard។

 

លើស​ពី​នេះ​ស្ថាបនិក​វ័យ ៣១ឆ្នាំ​រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​រៀន​ជំនាញ IT ថា "ខ្ញុំ​ចង់​ឃើញ​យុវជន​ជំនាន់ IT ក្រោយៗ​ ចេះ​ស្រាវជ្រាវ​ និង​ខិតខំ​បង្កើត​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ ដើម្បី​ដើរ​អោយ​ទាន់​ប្រទេស​ដទៃ"៕

 

អាន៖ យុវតី​វ័យ​ក្មេង​​ជម្នះ​រៀន​ខ្លួន​ឯង​នៅ​ផ្ទះ៣ឆ្នាំ រហូត​ក្លាយ​ជា​អ្នក Design ហ្គេម​លេច​ធ្លោ​ក្នុង​ស្រុក

 

អត្ថបទ៖ ប៉ែត ផាន់និត