យុវតីវ័យក្មេងជម្នះរៀនខ្លួនឯងនៅផ្ទះ៣ឆ្នាំ រហូតក្លាយជាអ្នក Design ហ្គេមលេចធ្លោក្នុងស្រុក
- 2015-12-18 16:57:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីវ័យក្មេងជម្នះរៀនខ្លួនឯងនៅផ្ទះ៣ឆ្នាំ រហូតក្លាយជាអ្នក Design ហ្គេមលេចធ្លោក្នុងស្រុក
ចន្លោះមិនឃើញ
វាមិនមែនងាយស្រួលប៉ុន្មានទេ ដែលយុវតីវ័យក្មេងម្នាក់អាចចំណាយពេលរៀនជំនាញ Design នៅផ្ទះដោយខ្លួនឯងរហូតទទួលបានជោគជ័យ។
ក្នុងវ័យ ២០ ឆ្នាំ យុវតីស្រស់សោភា រឿន ម៉ាលិះ បានតស៊ូរៀនជំនាញ Design នៅផ្ទះដោយខ្លួនឯងរយៈពេល៣ឆ្នាំរហូតក្លាយជាអ្នក Design មួយរូបក្នុងក្រុមបង្កើតហ្គេមលេចធ្លោក្នុងស្រុក Direxplay។
ជាកូនស្រីទី៣ ក្នុងគ្រួសារមានបងប្អូន៤នាក់សុទ្ធតែស្រី ម៉ាលិះបានសម្រេចចិត្តជ្រើសរើសជំនាញ Design បន្ថែមលើជំនាញសេដ្ឋកិច្ចព័ត៌មានវិទ្យា ក្រោយរៀនជំនាញនេះរយៈពេល១ឆ្នាំ។
យុវតី រឿន ម៉ាលិះ អ្នក Design ក្នុងក្រុមបង្កើតហ្គេម Direxplay
ប្រវត្តិការសិក្សានិងគ្រួសារ រឿន ម៉ាលិះ មានដើមកំណើតនៅខេត្តសៀមរាប និងជាកូនស្រីទី៣ក្នុងចំណោមបងប្អូនស្រី៤នាក់ក្នុងគ្រួសារដែលមានតែឪពុកនិងលោកពូជាបន្ទុកគ្រួសារ រីឯម្ដាយបានចែកឋានពេលម៉ាលិះអាយុ ១៣ឆ្នាំ។ ក្រោយម្តាយស្លាប់បន្ទុកគ្រួសារត្រូវធ្លាក់លើឪពុកនិងលោកពូ។
ម៉ាលិះថា "ពូបានដើរតួជាម្តាយផងនិងឪពុកផង។ គាត់បានផ្តល់ពិភពលោកនេះឱ្យពួកខ្ញុំបន្ទាប់ពីម្តាយចែកឋាន"។
កាលកំពុងរៀនថ្នាក់ទី ១២ ម៉ាលិះនៅពុំទាន់ដឹងថាខ្លួននឹងចង់ធ្វើអ្វីនិងរៀនអ្វីនោះឡើយពេលត្រូវចូលមហាវិទ្យាល័យ តែយុវតីរូបនេះបានប្ដេជ្ញាចំពោះខ្លួនឯងនិងសន្យាចំពោះគ្រួសារថានឹងយកអាហារូបករណ៍ឱ្យបានពេលរៀនចប់បាក់ឌុប។
ក្រោយពេលម៉ាលិះរៀនចប់បាក់ឌុប ស្ថានការណ៍សេដ្ឋកិច្ចក្នុងគ្រួសារហាក់យ៉ាប់យ៉ឺន តែឪពុកនិងពូនៅតែប្រឹងជ្រោមជ្រែងផ្គត់ផ្គង់ឱ្យយុវតីមករៀននៅភ្នំពេញ។
ដោយការប្រឹងប្រែងរៀនខ្លួនឯងផងរៀនគួរនៅសាលាផង ទីបំផុតម៉ាលិះក៏ទទួលបានអាហារូបករណ៍រៀននៅសាលា RULE សម្រាប់មុខជំនាញសេដ្ឋកិច្ចព័ត៌មានវិទ្យា បន្ទាប់ពីចប់បាក់ឌុប។
ផ្លាស់ប្តូរទៅរៀនជំនាញដែលខ្លួនស្រឡាញ់ ក្រោយរៀនចូលដល់ឆ្នាំទី២ នៅ RULE ទើបម៉ាលិះដឹងថាជំនាញដែលខ្លួនស្រឡាញ់ គឺការ Design ទៅវិញ តែដោយសារបានអាហារូបករណ៍នៅសាលា RULE ទើបយុវតីរូបនេះបន្តរៀនជំនាញសេដ្ឋកិច្ចព័ត៌មានវិទ្យារហូតដល់ចប់ជាស្ថាពរនៅឆ្នាំ ២០១៥នេះ។ ក្រោយដឹងថាខ្លួនចូលចិត្តជំនាញ Design កាលកំពុងរៀននៅឆ្នាំទី២ ម៉ាលិះក៏ចាប់ផ្ដើមផ្ដោតរៀនជំនាញនេះបន្ថែមដោយខ្លួនឯងនៅផ្ទះ។
ទំនាក់ទំនងជាមួយមិត្តភ័ក្ដិប្រែមិនសូវល្អពេលផ្ដោតរៀនជំនាញ Design ខ្លាំងនៅផ្ទះ កូនកំព្រាម្តាយរូបនេះ ឆ្លៀតរៀនជំនាញ Design នៅផ្ទះដោយខ្លួនឯងរយៈពេល ៣ឆ្នាំ ដោយមិនសូវបានចេញទៅក្រៅដើរលេងជាមួយមិត្តភ័ក្ដិ ព្រោះរវល់ផ្ដោតខ្លាំងលើការរៀនផ្នែក Design នៅផ្ទះ។
យុវតីរូបនេះថា ដោយរវល់តែផ្នែក Design នៅផ្ទះខ្លាំងហើយក៏គ្មានពេលសម្រាប់មិត្តភ័ក្ដិ ទើបធ្វើឱ្យទំនាក់ទំនងរបស់ម៉ាលិះជាមួយពួកគេមិនសូវជាល្អឡើយ។ ម៉ាលីសថា រូបគេមានមិត្តជិតស្និទ្ធត្រឹមម្នាក់ឬពីរនាក់ប៉ុណ្ណោះអំឡុងពេលនោះ។
“ទំនាក់ទំនងប៉ះពាល់បង សូម្បីតែសង្សារក៏ខ្ញុំគ្មានដែរ ព្រោះគ្មានពេលឱ្យនរណាទេ"។ ម៉ាលិះនិយាយបណ្ដើរសើចបណ្ដើរ។
ពិបាកជាងស្រួលពេលរៀនជំនាញ Design នៅផ្ទះដោយខ្លួនឯង ក្រោយសម្រេចចិត្តរៀនជំនាញ Design បន្ថែមដោយខ្លួនឯងនៅផ្ទះ យុវតីរូបនេះនិយាយថា ការសិក្សាផ្នែក Design ដោយខ្លួនឯងនៅផ្ទះ ពិតជាលំបាកព្រោះគ្មានគ្រូជួយពន្យល់ពេលឆ្ងល់អ្វីមួយ។ ជំនាញនេះត្រូវការអនុវត្តនិងមានចំណុចបច្ចេកទេសច្រើន ដូច្នេះវាលំបាកសម្រាប់ការរៀនខ្លួនឯងនៅផ្ទះ។
“អូហ! ពិបាកខ្លាំងមែនទែនបង ព្រោះយើងរៀននៅផ្ទះនៅតែមុខកុំព្យូទ័រ ហើយពេលឆ្ងល់អ្វីមួយ មានតែឆែកមើលយូធូបឬសៀវភៅអីហ្នឹង។ អាស្រួលវិញនោះគឺថា ពេលឆ្ងល់អ៊ីចឹង អាចស្វែងរកព័ត៌មានបានភា្លមៗលើអ៊ីនធឺណិត តែវាមិនច្បាស់ដូចរៀនផ្ទាល់ជាមួយគ្រូទេ"។
យុវតីមានដើមកំណើតពីខេត្តសៀមរាបរូបនេះ បន្ថែមថា ក្រៅពីយូធូបនិងសៀវភៅដែលជាគ្រូជំនួយពេលមានចម្ងល់ នៅមានរៀមច្បងម្នាក់នាក់ក្នុងក្រុម Direxplay បានជួយពន្យល់បន្ថែមទៅលើជំនាញ Design ដែលខ្លួនរៀននៅផ្ទះទាំងលំបាកលំបិនរយៈពេល៣ឆ្នាំកន្លងមក។
ហេតុតែចង់ចេះជំនាញ Design នេះ ម៉ាលិះថា រូបគេចំណាយពេលមួយថ្ងៃពី១២ ទៅ ១៥ម៉ោង ដើម្បី រៀន ស្រាវជ្រាវ និងអានសៀវភៅណែនាំទៅលើមុខងារវិជ្ជានេះ រហូតសូម្បីមិត្តភ័ក្ដិក៏ខ្សត់។
ពិបាកខ្លាំងស្ទើរបោះបង់
ដោយសារផ្នែក Design នេះស្មុគស្មាញពិបាករៀនសម្រាប់ ម៉ាលិះ ទើបធ្វើឱ្យអតីតសិស្សមកពីខេត្តសៀមរាបរូបនេះធ្លាប់ចង់បោះបង់ការរៀនជំនាញនេះចោលជាច្រើនលើកច្រើនសារ តែដោយមានកម្លាំងជំរុញខ្លាំងពីបងស្រី និងអ្នកដឹកនាំក្រុម DirexPlay ឈ្មោះពិសិដ្ឋនិងដោយសារខ្លួនចូលចិត្តការរចនានេះផង ទើបម៉ាលិះបន្តរៀនជំនាញនេះដោយការអត់ធ្មត់រហូតក្លាយជាអ្នកជំនាញ Design ក្នុងក្រុម DirexPlay។
សម្រាប់បច្ចុប្បន្នអ្វីគ្រប់យ៉ាងប្រសើរសម្រាប់យុវតី ទាំងការងារនិងទំនាក់ទំនងជាមួយមិត្តភ័ក្ដិ។
គោលបំណងបង្កើតក្រុម DirexPlay
DirexPlay ជាក្រុមបង្កើតហ្គេមដែលម៉ាលិះនិងសមាជិក៣នាក់ទៀតបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្នុងគោលបំណងផ្ដោតទៅលើការបង្កើតបច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺហ្គេមលើទូរសព្ទ ដើម្បីផ្ដល់បទពិសោធន៍ប្លែកៗដល់អ្នកប្រើប្រាស់ទាំងនៅកម្ពុជាក៏ដូចជាទូទាំងពិភពលោក។ រាល់សមិទ្ធផលដែលម៉ាលិះ ក៏ដូចជាសមាជិកក្នុងក្រុមរួមគ្នាបង្កើត គឺធ្វើយ៉ាងណាអាចផ្សារភ្ជាប់វប្បធម៌ខ្មែរ ដើម្បីឱ្យបរទេសបានស្គាល់វប្បធម៌ខ្មែរកាន់តែច្បាស់។
ក្រុម DirexPlay
សមិទ្ធផលធ្លាប់បានបង្កើតក្នុងក្រុម DirexPlay កន្លងមក
តួនាទីម៉ាលិះក្នុងក្រុម Direxplay គឺជាអ្នករចនារូបភាព Background ផ្សេងៗនៅក្នុងហ្គេម។ សម្រាប់ស្នាដៃដែលអ្នក Design វ័យក្មេងស្រស់ស្អាតរូបនេះបានបង្កើតកន្លងមកជាមួយមិត្តរួមក្រុម ៣នាក់ទៀតក្នុងក្រុម Direxplay មានHungry Ob Ob, Sok and Sao's Adventureនិង Chasing Zombie ជាដើម ដែលសុទ្ធតែជាហ្គេមកម្សាន្តមានលើប្រព័ន្ធប្រតិបត្តិការ Android និង Windows Phone រីឯ iOS នឹងមាននៅពេលខាងមុខ។
ក្នុងចំណោមហ្គេមទាំងបីរបស់ DirexPlay ម៉ាលិះថា ហ្គេម Sok and Sao's Adventure ទទួលការពេញនិយមខ្លាំងជាងគេ ដោយមានចំនួនដោនឡូតរហូតជិត ១០ម៉ឺន។ កន្លងទៅហ្គេមនេះក៏មានសារព័ត៌មានបរទេស (Windows Phone Central) ធ្លាប់បានចុះផ្សាយផងដែរ ដោយសារហ្គេមនេះល្អលេង។
គោលបំណងនិងមហិច្ឆតាសម្រាប់អនាគត
ត្បិតបច្ចុប្បន្ន ម៉ាលិះជាអ្នកជំនាញ Design ហ្គេមក្នុងក្រុម DirexPlay តែពេលពេលអនាគតអ្នករចនា ហ្គេម Sok and Sao's Adventure រូបនេះចង់ក្លាយជាអ្នកជំនាញផ្នែក Animation ដែលអាចធ្វើឱ្យរូបភាពគ្មានចលនានៅលើក្រដាស បែរមានជីវិតនិងអារម្មណ៍អាចបង្កើតជាសាច់រឿងមួយបាន។
បំណងធំរបស់ម៉ាលិះគឹសង្ឃឹមថានឹងអាចបង្កើតភាពយន្ត Animation ឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរយកទៅបញ្ចាំងនៅអឺរ៉ុបនាពេលអនាគត ដើម្បីជាផ្នែកមួយជួយផ្សព្វផ្សាយវប្បធម៌ខ្មែរកាន់តែទូលំទូលាយ។
ក្នុងនាមជាយុវតីបម្រើផ្នែកវិស័យ ICT មួយរូប ម៉ាលិះផ្ដាំផ្ញើដល់យុវជនជាពិសេសយុវតីទាំងអស់ឱ្យ "ធ្វើអ្វីដែលខ្លួនស្រឡាញ់ និងស្រឡាញ់អ្វីដែលខ្លួនកំពុងធ្វើ" នោះទើបមានន័យ៕
អាន៖ ចង់ក្លាយជាអ្នកបង្កើតហ្គេម ហួយលីង សម្រេចរៀន IT ដែលនារីភាគច្រើនមិនប្រាថ្នា
អាន៖ និស្សិត IT មកពីឧត្តរមានជ័យ ប្រឹងស្រាវជ្រាវដើម្បីជួយពន្យល់មេរៀនមិត្តភ័ក្ដិ
អាន៖ Sabay Osja និង DirexPlay លេចធ្លោខាងអាជីវកម្មផលិតហ្គេមកម្សាន្ត
អត្ថបទ៖ ប៉ែត ផាន់និត