ហេតុផលឪពុកម្ដាយខាងស្រីមិនចង់លើកកូនឲ្យ ប្រុសៗដឹងហើយស្ទើរកកឈាម
- 2014-09-24 13:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលឪពុកម្ដាយខាងស្រីមិនចង់លើកកូនឲ្យ ប្រុសៗដឹងហើយស្ទើរកកឈាម
ចន្លោះមិនឃើញ
មែនហើយ ទោះបីកូនៗស្រលាញ់គ្នាពិតមែន ប៉ុន្តែមិនប្រាកដថា ឪពុកម្ដាយ ខាងស្រីគាត់ពេញចិត្តនោះទេ។ ហើយបើពួកគាត់មិនពេញចិត្ត ច្បាស់ជាលើកយកហេតុផលណាមួយមកបន្ទច់បង្អាក់ជាមិនខានឡើយ។ ចុះមិត្តយុវវ័យដឹងអត់ថា អាចមានហេតុផលអ្វីខ្លះដែលឪពុកម្ដាយ ខាងស្រីជំទាស់មិនចង់លើកកូនឲ្យទេ?
១. ខែឆ្នាំឆុងគ្នា
ជួបជាមួយ លោក ខឿន អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅឯខេត្តតាកែវ សព្វថ្ងៃគាត់មានគ្រួសាររួចហើយ តែគាត់បានចែករំលែកបទពិសោធន៍របស់ខ្លួនកាលពីមិនទាន់រៀបការថា ៖ "ខ្ញុំយល់ថា អារឿងខែឆ្នាំឆុងគ្នានេះ គឺជាហេតុផលមួយ ដែលឪពុកម្ដាយខាងស្រីនឹងលើកឡើងមុនគេ ប្រសិនបើពួកគាត់មិនចង់លើកកូនគាត់ឲ្យយើង"។
លោក ខឿន បាននិយាយទាំងមិនលាក់លៀមថា៖ កាលគាត់នៅពីកំលោះ ក៏ធ្លាប់ចូលស្ដីដណ្ដឹងកូនស្រីគេម្នាក់នៅភូមិជាមួយគ្នាដែរ តែត្រូវបានឪពុកម្ដាយខាងស្រីជំទាស់។ បើសិនជាពួកគាត់មិនពេញចិត្ត ហើយមិនចង់លើកកូនស្រីគាត់ឲ្យយើងទេ បញ្ហាថ្ងៃខែឆុងគ្នានេះ ប្រាកដជាត្រូវលើកយកមកធ្វើជាឧបសគ្គជាមិនខានឡើយ។
២. កាត់ថ្លៃបណ្ដាការថ្លៃកប់ៗ
សម្រាប់ យុវជន ម៉ែន ធារ៉ា អាយុ ២៤ ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា បើខាងស្រីបង្គាប់ថ្លៃបណ្ដាការថ្លៃហួសឆ្ងាយពីសមត្ថភាព ខាងប្រុសមាន នោះប្រហែលជាគេមិនចង់លើកកូនគេឲ្យយើងហើយ។ ធារ៉ា សង្កត់ធ្ងន់ទៀតថា៖ "មិនមែនខ្ញុំចេះតែថាទេ តែករណីនេះកើតមានពិតមែន"។ ឪពុកម្ដាយខាងស្រីខ្លះ ពួកគាត់ដឹងពីស្ថានភាពសេដ្ឋកិច្ចរបស់ខាងប្រុសហើយ តែគាត់នៅតែបង្គាប់ថ្លៃបណ្ដាការច្រើនទៀត។
រូបតំណាង
៣. កូនស្រីគាត់នៅក្មេងពេក
លើកឡើងពីបញ្ហានេះកញ្ញា ហ្គ៊េច ហៀង អាយុ២៥ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានពន្យល់ថា អាចមានហេតុផលច្រើន បើសិនជាឪពុកម្ដាយខាងស្រីមិនចង់លើកកូនគាត់ឲ្យខាងប្រុសទេនោះ។ កញ្ញា ហៀង និយាយទាំងអស់សំណើចទៀតថា៖ "ខ្ញុំធ្លាប់ឃើញមានករណីមួយនៅក្បែរផ្ទះរបស់ខ្ញុំ គឺកូនស្រីគាត់គ្រប់វ័យរៀបការហើយ តែពេលគេចូលស្ដីបែរជាបដិសេធ ហើយប្រាប់គេថា កូនគាត់មិនទាន់គ្រប់អាយុទេ"។
៤. មិនទាន់មានការងារធ្វើ
ជុំវិញប្រធានបទមួយនេះដែរ កញ្ញា សូត្រ ចរិយា អាយុ ២៣ឆ្នាំ និស្សិតជំនាញធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានថ្លែងថា៖ មានករណីដែលឧស្សាហ៍កើតមានដែរ គឺខាងស្រីអាចលើកឡើងថា កូនគាត់មិនទាន់រៀនចប់ ការងារក៏មិនទាន់មាន អញ្ចឹងហើយទើបគាត់មិនទាន់យល់ព្រម។ តែនៅពេលដែលខាងប្រុសសុំចូលស្ដីខាងស្រីក៏នៅតែបដិសេធដដែល។ "ខ្ញុំមិនហ៊ានថា ការដែលឪពុកម្ដាយខាងស្រីធ្វើបែបនេះ មកពីពួកគាត់រកលេសអីនោះទេ ករណីនេះវាក៏អាចសមហេតុផលដែរ"។ ចរិយា បន្ថែមយ៉ាងដូចនេះ៕
តើហេតុផលខាងលើនេះអាចជាលេសដែលឪពុកម្ដាយខាងស្រីលើកឡើងពេលពួកគាត់មិនចង់លើកកូនឲ្យគេមែន ឬយ៉ាងណា?
អត្ថបទ៖ យិន សំបូរ