ស្លាកសញ្ញាលើតាប្លូមួយចំនួនដែលបង្ហាញថារថយន្តអ្នកមានបញ្ហា
- 2016-01-21 13:15:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាកសញ្ញាលើតាប្លូមួយចំនួនដែលបង្ហាញថារថយន្តអ្នកមានបញ្ហា
ចន្លោះមិនឃើញ
ជឿជាក់ថាមានម្ចាស់រថយន្តតិចតូចណាស់ដែលបានដឹងពីអត្ថន័យសញ្ញានៅលើតាប្លូរថយន្តរបស់ខ្លួន។ សញ្ញាទាំងអស់នេះមាននាទីសំខាន់ដើម្បីបង្ហាញឲ្យដឹងពីសភាពនៃរថយន្តថាមានបញ្ហាអ្វីខ្លះ។
អត្ថបទខាងក្រោមនឹងបង្ហាញអ្នកពីអត្ថន័យនៃសញ្ញាសំខាន់ៗមួយចំនួនលើរថយន្តរបស់ក្រុមហ៊ុន Toyota ភាគច្រើន៖
១. ពោងសុវត្ថិភាព៖ សញ្ញាខាងលើបង្ហាញពីបញ្ហាប្រព័ន្ធពោងសុវត្ថិភាព ដែលគួរតែឲ្យអ្នកជំនាញត្រួតពិនិត្យភ្លាមៗប្រសិនបើអ្នកគិតគូរសុវត្ថិភាពជាចម្បងនោះ។ ជាធម្មតាសញ្ញានេះលោតឡើងនៅពេលដែលពោងសុវត្ថិភាពចំនួនមួយ ឬច្រើនមិនដំណើរការ។
២. ម៉ាស៊ីនឡាន៖ នេះអាចជាសញ្ញាដែលគួរឲ្យខ្លាចជាងគេ ដោយសញ្ញានេះមានន័យថាម៉ាស៊ីនឡានមានបញ្ហា។ សញ្ញានេះក៏អាចមានន័យថាម៉ាស៊ីនឡានបញ្ចេញផ្សែងពុលខ្លាំងជាងមុនផងដែរ។ យ៉ាងណាក្ដីអ្នកគួរតែឲ្យអ្នកជំនាញត្រួតពិនិត្យមើល។
៣. សម្ពាធប្រេងម៉ាស៊ីន៖ ពេលដែលសញ្ញានេះលោតឡើងមានន័យថា សម្ពាធប្រេងក្នុងម៉ាស៊ីនអាចខ្ពស់ពេក ឬទាបពេក ដូចនេះគួរត្រួតពិនិត្យកម្រិតសម្ពាធជាមុន មុនធ្វើដំណើរឆ្ងាយ។ សញ្ញានេះក៏អាចឲ្យអ្នកដឹងថាប្រព័ន្ធបូមប្រេងរងការខូចខាត ឬស្ទះ។ ប្រេងម៉ាស៊ីនល្អក់កករក៏អាចធ្វើឲ្យសញ្ញានេះលោតឡើងមកដែរ។
៤. សីតុណ្ហភាពម៉ាស៊ីនចុះត្រជាក់៖ សញ្ញានេះបង្ហាញថាទឹកបញ្ចុះកម្ដៅក្នុងម៉ាស៊ីនរថយន្តរបស់អ្នកគឺត្រជាក់ពេកសម្រាប់ម៉ាស៊ីន។ ប្រសិនសញ្ញានេះមិនបាត់ទៅវិញបន្ទាប់ពីបើកបរមួយរយៈ ត្រូវឲ្យអ្នកជំនាញត្រួតពិនិត្យ។ នេះអាចមិនមែនជាបញ្ហាធំមួយឡើយ ប៉ុន្តែការដែលម៉ាស៊ីនដំណើរការក្នុងកម្រិតសីតុណ្ហភាពមិនត្រឹមត្រូវ វានឹងធ្វើឲ្យម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈកាន់តែច្រើន និងបញ្ចេញសារធាតុពុលកាន់តែច្រើន។
៥. ម៉ាស៊ីនក្ដៅ៖ បង្ហាញថាម៉ាស៊ីនឡានមានកម្ដៅក្ដៅខ្លាំង ដូចនេះឈប់ឡានជាប្រញាប់ និងហៅអ្នកជំនាញមកជួយដោះស្រាយ ឬសណ្ដោងឡានទៅយានដ្ឋានតែម្ដង។ ប្រសិនបន្តបើកឡានទាំងលោតសញ្ញានេះ អាចបណ្ដាលឲ្យរថយន្តមានបញ្ហាធ្ងន់ធ្ងរលើសដើមបាន។
៦. សំពាធកង់ឡាន៖ មានន័យថាសំពាធក្នុងកង់មួយ ឬច្រើន ធូរពេក ឬតឹងពេក ឬមានន័យថាកង់ណាមួយរបស់រថយន្តបែក។
៧. ហ្វ្រាំង៖ សញ្ញានេះអាចមានន័យច្រើនយ៉ាង។ ទីមួយអាចមកពីហ្វ្រាំងដៃនៅដំណើរការ ហើយគ្រាន់តែប្រលែងហ្វ្រាំងដៃសញ្ញានេះនឹងបាត់។ ករណីដែលសញ្ញានេះមិនរលត់ទៀត មានន័យថាប្រេងហ្រ្វាំងមិនគ្រប់គ្រាន់ ឬប្រព័ន្ធហ្វ្រាំងដំណើរការខុសប្រក្រតី។
បញ្ជាក់ថាសញ្ញាទាំងប៉ុន្មានខាងលើនេះអាចមានឬគ្មាន និងអាចមានភាពខុសគ្នាអាស្រ័យលើស៊េរី និងប្រភេទរថយន្តនីមួយៗ៕
ចុចអាន៖ ចំណុចបីគួរស្វែងយល់ដើម្បីធានាសុវត្ថិភាពពេលចតឡាននៅតំបន់ចំណោត
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ AutoEvolution