ចុម! Avram Grant ​អតីត​អ្នកចាត់ការ​ Chelsea ​មក​ធ្វើការ​នៅ​ក្លិប​​ថៃ!

  • 2014-09-17 22:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នកចាត់ការ​ក្លិប​តោ​ខៀវ​ Chelsea រដូវ​កាល​២០០៧-០៨ ​លោក​ Avram Grant បាន​ដើរ​តាម​គន្លង​លោក​ Sven-Goran Eriksson ​ដោយ​មក​ធ្វើ​ជា​នាយក​បច្ចេកទេស​របស់​ក្លិប​បាល់ទាត់ BEC Tero Sasana ​នៃ​ក្របខ័ណ្ឌ​កំពូល​ថៃ។

 

 

បុរស​ជនជាតិ​អ៊ីស្រាអែល​ដែល​ធ្លាប់​បង្វឹក​ Maccabi Tel Aviv, Maccabi Haifa, Chelsea, Portsmouth, West Ham United ​និង​ Partizan Belgrade ​រូប​នេះ​​បាន​ប្ដេជ្ញា​នៅ​ក្នុង​ពិធី​បង្ហាញ​ខ្លួន​ជាមួយ​ BEC ​ម្សិលមិញ​ថា​នឹង​ប្រើប្រាស់​បទពិសោធន៍​របស់​លោក​ទាំង​អម្បាលម៉ាន​ដើម្បី​នាំ​ក្លិប​ឆ្ពោះ​ទៅ​រក​ជោគជ័យ។ លោក Avram បញ្ជាក់​ថា​៖ “ខ្ញុំ​មក​ទីនេះ​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ប្រសើរ​ជាង​មុន។ ខ្ញុំ​មក​ទីនេះ​ដើម្បី​បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន​សម្រាប់​ក្រុម។ ​នេះ​ជា​ការងារ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ”។

 

ទន្ទឹម​នឹង​នេះ​ លោក​ Robert Procureur ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្លិប​ BEC ​និយាយ​ថា​៖ “នេះ​ជា​ពេលវេលា​ដ៏​រំភើប​សម្រាប់​ក្លិប​ដែល​មាន​វីរបុរស​ដូច Avram Grant ​មក​ធ្វើការ​ជាមួយ​យើង។ Avram ​នឹង​មាន​វត្តមាន​ក្នុង​ពេល​ហ្វឹកហាត់​របស់​កីឡាករ​របស់​យើង​ដើម្បី​ពិនិត្យ​មើល​ការ​រីកចម្រើន​នៃ​បច្ចេកទេស​របស់​ពួក​គេ។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​កីឡាករ​របស់​យើង​ដើម្បី​រៀនសូត្រ​ពី​គ្រូ​បង្វឹក​ដ៏​គួរ​ឱ្យ​គោរព​ម្នាក់​នេះ”។

 

 

 

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីស្រាអែល​វ័យ​៥៩​ឆ្នាំ​ខាង​លើ​បាន​ដឹក​នាំ​ Chelsea ​ជាប់​លេខ​២​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​ឆ្នាំ​២០០៨​ដោយ​ចាញ់​ Manchester United ​ក្នុង​ការ​ប៉េណាល់ទី​កាត់​សេចក្ដី​នៅ​ទីក្រុង​មូស្គូ​ ​ហើយ​ក៏​ជាប់​លេខ​២​ក្នុង​ក្របខ័ណ្ឌ Premier League ​ផង​ដែរ​ដែល​ Man Utd ​ជា​អ្នក​លើក​ពាន។​

 

BEC Tero Sasana ដែល​ជា​អតីត​ជើងឯក​រង​ AFC Champions League ឆ្នាំ​២០០៣ ​កំពុង​ឈរ​លេខ​រៀង​ទី​៣​ក្នុង​តារាង​ Thai Premier League ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ Buriram United ​៧​ពិន្ទុ ​ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​៦​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។ ​កាល​ពី​ឆ្នាំ​២០១២​ក្លិប​ធំ​របស់​ថៃ​មួយ​នេះ​បាន​តែងតាំង​អតីត​គ្រូ​​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​Sven-Göran Eriksson ដែល​បច្ចុប្បន្ន​ដឹក​នាំ​ក្លិប Guangzhou R&F របស់​ចិន ​ជា​នាយកបច្ចេកទេស​របស់​ខ្លួន៕​

 

ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់

ប្រភព​៖ dailymail​

អត្ថបទពេញនិយម