ប្រយ័ត្ន​! Andriod ឥឡូវជាមុខ​សញ្ញា​សំខាន់សម្រាប់​​ Hacker ក្នុង​ការ​លួច​ប្រាក់

  • 2014-10-22 23:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Hacker បាន​បង្វែរ​គោល​ដៅ​ពី​ការ​លួច​ប្រាក់​តាម​កុំព្យូទ័រ​មក​​វាយ​ប្រហារ​បណ្ដា ​Smartphone កាន់​តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​លួច​គណនី​ធនាគារ​របស់​អ្នក​ប្រើ​ប្រាស់​ដែល​ក្នុង​នោះ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ជា​មុខ​សញ្ញា​សំខាន់​ជាង​គេ​របស់ ​Hacker។

 

ក្រុមហ៊ុន​ផលិត​កម្មវិធី​កម្ចាត់​មេរោគ ​Kaspersky និង​អង្គភាព​ប៉ូលិស​កម្ចាត់​ឧក្រិដ្ឋកម្ម​អន្តរជាតិ (INTERPOL) បាន​ចេញ​របាយការណ៍​ថា​ ពេល​នេះ​ក្រុម ​Hacker នៅ​ទូទាំង​ពិភពលោក​បាន​​បង្វែរ​ទិស​ដៅ​មក​វាយ​ប្រហារ​បណ្ដា ​Smartphoneទាំង​អស់​ក្នុង​គោល​បំណង​លួច​ប្រាក់​របស់​អ្នក​ប្រើ​ប្រាស់​ហើយ​ក្នុង​នោះ​Smartphone ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android រង​គ្រោះ​គ្រោះ​ខ្លាំង​ជាង​គេ​ដែល​គិត​ជា​ភាគរយ​មាន​​រហូត​ដល់​ទៅ ៦០ភាគរយ​ឯណោះ។​ នេះ​ក៏​ដោយ​សារ​តែ​Android មាន​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ​ចំនួន​៨៥ភាគរយ (នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ខាង​លើ)​។

របាយការណ៍​ពី​ប្រភព​ដដែល​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​មូល​ហេតុ​ដែល​Hacker កំពុង​ផ្អែម​មាត់​លួច​ប្រាក់​(តាម​ទូរសព្ទ)​ក៏​ដោយ​សារ​តែ​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ឡើង​ៗ​ងាក​មក​ប្រើ​អ៊ីនធឺណិត​តាម​រយៈ​Smartphone ​ ជាពិសេស​គឺ​ការ​បញ្ជា​ទិញ​ទំនិញ​លើ​ ​Online​ តែ​ម្ដង។ ចំណែក​ឯ​កម្មវិធី​​ដែល​ត្រូវ​បាន​ដោនឡូត​តាម ​​Store​ ផ្សេង​ៗ​ (Play Store និងStore ពី​​ភាគី​ទី៣ដូចជា Amazon App Store ជា​ដើម​)គឺ​សុទ្ធ​តែ​បង្ក​ការ​គំរាម​កំហែង​ដល់​អ្នក​​ប្រើ​ប្រាស់​ដោយ​សារ​ Hackerអាច​បញ្ចូល​មេរោគ​ទៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ដើម្បី​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ដោនឡូត។ ​​

 

ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​​ទៀត​ថា​ចំនួន​ជន​រង​គ្រោះ​​ដែល​រង​ការ​វាយ​ប្រហារ​ច្រើន​ជាង​គេ​បំផុត​គឺ​នៅ​ប្រទេស​​​រុស្ស៊ី​និង​​ប្រទេស​បន្ត​បន្ទាប់​ចំនួន​ ៨​​​ផ្សេង​ទៀត​ដូចជា អ៊ុយក្រែន អេស្ប៉ាញ ចក្រភព​អង់គ្លេស​ វៀតណាម ម៉ាឡេស៊ី អាល្លឺម៉ង់ ឥណ្ឌា និង​បារាំង។ Malware ពីរ​ដែល​ដើរ​តួ​សំខាន់​ក្នុង​ការ​វាយ​ប្រហារ​គណនី​ធនាគារ​របស់​​ជន​រងគ្រោះ​ទាំង​អស់​នោះ​គឺ​ Trojan-Banker និង​ Trojan-SMS។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ក្រុមហ៊ុន​Kaspersky៕

ចុច​អាន៖ Facebook បង្កើត​ប្រព័ន្ធឆែក​រកគណនី​អ្នក​ប្រើ​ប្រាស់​ដែល​ Hacker លួច

 

​​​​ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ msn