James ពីក្មេងឪពុកបោះបង់ ក្លាយជាតារាបាល់ទាត់ល្បីលើលោក
- 2016-01-26 13:30:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James ពីក្មេងឪពុកបោះបង់ ក្លាយជាតារាបាល់ទាត់ល្បីលើលោក
ចន្លោះមិនឃើញ
“ធ្វើបានល្អណាស់ក្មេងៗ បានហើយ ចាំជួបគ្នាថ្ងៃស្អែកទៀត”។ នេះជាសម្ដីគ្រូបង្វឹកម្នាក់របស់ក្លិបបាល់ទាត់កូឡុំប៊ី El Dorado និយាយទៅកាន់ក្រុមកុមារតូចៗ ពេលហ្វឹកហាត់ចប់ កាលឆ្នាំ២០០៤។ ខណៈដែលកីឡាករជាច្រើនបានរត់ចូលទៅក្នុងបន្ទប់ ដើម្បីគេចពីការហាត់ជិះកង់ពេលថ្ងៃទៀតនោះ មានកុមារម្នាក់ នៅតែបន្តនៅលើទីលានបាល់ទាត់ម្នាក់ឯង។
James Rodriguez ដែលមានឈ្មោះហៅក្រៅ "Ha-mez” វ័យ១៣ឆ្នាំ គឺជាកុមារម្នាក់ ដែលពូកែខ្មាសអៀនណាស់ ដែលសូម្បីតែមិត្តរួមក្រុមរបស់គេពេលនោះ ក៏ស្ទើរតែមិនដែលឮ James និយាយដែរ។ មានអ្នកខ្លះ ថាពួកគេធ្លាប់ឭ James និយាយដ៏កម្រម្តងៗ ហើយសម្ដីរបស់គេ និយាយមករអាក់រអួល ស្ទាក់ស្ទើរ ដោយសារតែរូបគេនិយាយត្រដិត។
១ម៉ោងកន្លះក្រោយមក គ្រូបង្វឹកក្រុម El Dorado ក៏បានចាកចេញទៀត ប៉ុន្តែ James នៅតែបន្តលើទីលានម្នាក់ឯង ដើម្បីរៀនស៊ុតសំដៅទី ដែលគ្មានអ្នកចាំទី។ ១០ឆ្នាំក្រោយមក ក្មេងដែលពូកែអៀន មិនសូវនិយាយស្ដីម្នាក់នេះ បានក្លាយជាតារាឆ្នើមពិភពលោក ក្លាយជា Top Scorer នៅ 2014 World Cup យ៉ាងភ្ញាក់ផ្អើល។
ចាប់ផ្ដើមហាត់បាល់ដោយសារឪពុកចិញ្ចឹម៖
James កើតនៅទីក្រុង Ibagué មានឪពុកឈ្មោះ Wilson James Rodríguez ដែលធ្លាប់លេងនៅក្លិប Deportivo ប៉ុន្តែឪពុករបស់គេ បានបោះបង់រូបគេ ដោយចាកចេញពីម្ដាយរបស់គេ Maria Del Pilar Rubio តាំងពី James នៅអាយុ៣ឆ្នាំ។ ក្រោយមក James ក៏មានឪពុកធម៌ម្នាក់ឈ្មោះថា Juan Carlos Restrepo ដែលធ្លាប់ជាកីឡាករលេងឲ្យក្រុម Tolima មុននឹងឈប់ទៅធ្វើជាវិស្វករវិញ។
“ខ្ញុំតែងតែចូលចិត្តបាល់ទាត់ ហើយឪពុកចិញ្ចឹមរបស់ខ្ញុំ បាននាំខ្ញុំទៅហ្វឹកហាត់នៅក្លិប Tolima តាំងពីខ្ញុំអាយុ៥ឆ្នាំ។” James ធ្លាប់លើកឡើង។
គ្រូបង្ហាត់សរសើរពីការខិតខំរបស់ James ខុសពីក្មេងដទៃ៖
Hugo Castano គ្រូបង្វឹករបស់ James កាលនៅក្លិប Envigado ធ្លាប់សរសើរ James ថា៖ "James ពិតជាមានទេពកោសល្យពីឪពុករបស់គេ។ ខ្ញុំមិនដែលឃើញក្មេងណាអាយុប៉ុណ្ណឹង ហ្វឹកហាត់២ដងក្នុង១ថ្ងៃ ដោយគ្មានការត្អូញត្អែរទេ។ គាត់មានវិន័យល្អឥតខ្ចោះ តាំងពីតូច"។
គ្រូបង្វឹកថាចម្លែក ព្រោះស្ងប់ស្ងាត់ខុសគេ៖
Jose Cortes គ្រូបង្វឹករបស់ក្លិប Tolimense របស់ James ដែរ ធ្លាប់និយាយថា៖ "គាត់មានសមត្ថភាពអស្ចារ្យខុសពីក្មេងដទៃ គាត់មានជំនាញស្ដាប់ល្អ ប៉ុន្តែពេលខ្លះ យើងក៏បារម្ភខ្លាំងផងដែរ ដោយសារតែរូបគេ មិនសូវបង្ហាញពីអារម្មណ៍ ចូលចិត្តស្ងប់ស្ងាត់ម្នាក់ឯង”។
វ័យ១១ឆ្នាំ ៩ប្រកួត ស៊ុត១៣គ្រាប់ លើកពាន Ponyfutbol Cup៖
កាលវ័យ១១ឆ្នាំ James បានចូលប្រឡូកពានរង្វាន់យុវជនរបស់ប្រទេសកូឡុំប៊ី Ponyfutbol Cup។ ៩ប្រកួត James ស៊ុតបាន១៣គ្រាប់ រួមទាំង២គ្រាប់ ស៊ុតពីជ្រុងចូលទីទាំង២គ្រាប់តែម្ដង នៅវគ្គផ្ដាច់ព្រ័ត្រ មុខអ្នកទស្សនា៥ម៉ឺននាក់ ធ្វើឲ្យក្លិបអាជីពលីគកំពូលកូឡុំប៊ីជាច្រើនចាប់អារម្មណ៍។
ចូលលេងក្លិបអាជីពដំបូងនៅឆ្នាំ២០០៦៖
James បានចូលលេងឲ្យក្លិបអាជីពកូឡុំប៊ី Envigado នៅឆ្នាំ២០០៦ នៅលីគលំដាប់ទី២ ហើយនៅឆ្នាំ២០០៧ ក្រុមនេះបានជាប់ទៅលេងនៅលីគកំពូល។ ឆ្នាំ២០០៨ James បានផ្ទេរទៅលេងឲ្យក្រុម Banfield ប្រទេសអាហ្សង់ទីន។
ប្រឡូកនៅលីគកំពូលអឺរ៉ុប៖
នៅឆ្នាំ២០១០ James បានផ្ទេរទៅលេងឲ្យ FC Porto របស់ប្រទេសព័រទុយហ្គាល់។ ៣រដូវកាលជាមួយ Porto ចូលលេងសរុប១០៥ប្រកួត និងស៊ុតបាន៣២គ្រាប់។ ឆ្នាំ២០១៣ កីឡាកររូបនេះ បានផ្ទេរទៅ Monaco របស់បារាំង តម្លៃជាង៤៨លានដុល្លារ។ ៣៨ប្រកួតនៅ Monaco ខ្សែបម្រើរូបនេះ ស៊ុតបាន១២គ្រាប់។ នៅឆ្នាំ២០១៤ ក្លិបយក្សអេស្ប៉ាញ Real Madrid បានទិញពី Monaco តម្លៃជាង៨៦,៥លានដុល្លារ។ ៦០ប្រកួតនៅ Real តារាឆ្នើមលេខ១០រូបនេះ ស៊ុតបាន២០គ្រាប់។
ពានរង្វាន់ធំៗ និងស្នាដៃធំៗ៖
ក្រៅពីរង្វាន់ធំៗខាងលើនេះ កីឡាករវ័យ២៤ឆ្នាំរូបនេះ ក៏ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនទៀតទាំងក្លិប ជម្រើសជាតិ និងពានរង្វាន់ផ្ទាល់ខ្លួន កំណត់ត្រាអស្ចារ្យៗជាច្រើនទៀតផងដែរ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ fourfourtwo | wiki