ប្ដីប្រពន្ធអូស្ត្រាលី ស្វែងរកប្រាក់ជួយបុរសខ្មែរដុះសាច់គ្របមុខ
- 2016-01-27 23:05:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធអូស្ត្រាលី ស្វែងរកប្រាក់ជួយបុរសខ្មែរដុះសាច់គ្របមុខ
ចន្លោះមិនឃើញ
សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Dailymail បានចុះផ្សាយនៅប៉ុន្មានម៉ោងមុននេះថា បុរសខ្មែរម្នាក់ ដែលមានដុំសាច់ដ៏ធំ ដុះគ្របមុខស្ទើរជិត អាចមានឱកាសវះកាត់យកចេញបាន បន្ទាប់ពីអ្នកទេសចរពីរនាក់ ចាប់ផ្ដើមអំពាវនាវរៃអង្គាសប្រាក់តាមបណ្ដាញសង្គម Facebook ដើម្បីជួយបានវះកាត់។
ស្ត្រីជនជាតិអូស្ត្រាលី អ្នកស្រី Diana Koski និងស្វាមីលោក John Nettleton បានជួបបុរសខ្មែរឈ្មោះ វីដ អាយុ ៣៤ឆ្នាំ ដោយចៃដន្យ ខណៈពេលដើរកម្សាន្តក្នុងទីក្រុងភ្នំពេញកាលពីសប្ដាហ៍មុន។ វីដ ជាជនអនាថា និងគ្មានការងារធ្វើ មានដុំសាច់ដុះតាំងពីកំណើត ហើយកាន់តែលូតវែងទៅៗ សំយុងចុះក្រោមដល់ទ្រូង និងគ្របមុខផ្នែកខាងស្ដាំជិត។
អ្នកស្រី Koski និយាយប្រាប់សារព័ត៌មាន Daily Mail ប្រចាំប្រទេសអូស្ត្រាលីថា " វីដ បានដើរកាត់មុខពួកយើងនៅតាមផ្លូវជិតសណ្ឋាគារយើងស្នាក់នៅ ធ្វើឲ្យយើងភ្ញាក់ផ្អើលមែនទែន។ ខ្ញុំនិយាយជាមួយប្ដីខ្ញុំថា យើងត្រូវតែជួយគាត់ហើយ។ ខ្ញុំបាននិយាយទៅកាន់ វីដ ដែរ ប៉ុន្តែមានភាពពិបាកដោយវីដ ពុំចេះអង់គ្លេស រួចក៏មានអ្នកនៅក្បែរនោះពីរបីនាក់ ជួយមកបកប្រែដែរ។ ខ្ញុំនិយាយប្រាប់ វីដ ថា ខ្ញុំចង់ជួយអ្នក"។
ដោយក្ដីត្រេកអរ លោកវីដ បានយល់ព្រមទៅជាមួយប្ដីប្រពន្ធចិត្តធម៌ទាំងពីរ ទៅកាន់សណ្ឋាគារ Monsoon Boutique ដែលម្ចាស់សណ្ឋាគារលោកចាន់ សុធន បានជួយរកវិធី ជួយបុរសដុះសាច់រូបនេះ។ ប្ដីប្រពន្ធបន្តថា "ពេលណាដែលខ្ញុំដើរជាមួយ វីដ គាត់មិនហ៊ានដើរទន្ទឹមជាមួយពួកយើងទេ គឺចម្ងាយ ៧ជំហានក្រោយយើង។ ចំណែកអ្នករស់នៅទីនោះ តែងតែព្យាយាមដេញគាត់ទៅឆ្ងាយពួកគេ និងខ្លះព្យាមយាមរារាំងគាត់មិនឲ្យដើរមកកាន់សណ្ឋាគារស្នាក់នៅរបស់យើងថែមទៀត"។
អ្នកស្រីបន្ថែមថា "វីដ មិនមែនដើរសុំទានទេ គាត់គ្រាន់តែដើរតាមផ្លូវ។ ខ្ញុំស្រមៃថា វីដ ពិតជាមានជីវិតលំបាកណាស់"។
ប្ដីប្រពន្ធខាងលើ បានសុំការអនុញ្ញាតពីមេភូមិដែល វីដ កើតទៅវះកាត់បានហើយ ប្រសិនបើពួកគាត់រកប្រាក់បាន។ វីដ មិនបាននិយាយពីក្រុមគ្រួសារ និងកន្លែងរស់នៅបច្ចុប្បន្នទេ ប៉ុន្តែគាត់ទំនងជាពុំមានឪពុកម្ដាយមើលថែឡើយ។ ពេលអ្នកស្រីប្រាប់ថា ចង់ជួយវះកាត់ដុំសាច់ចេញ វីដ បានឆ្លើយយល់ព្រមភ្លាមៗ អ្នកស្រីមិនដឹងថា វីដ ខ្លាចទៅក្រៅប្រទេស ឬអត់ទេ។ អ្នកស្រីថា គាត់នឹងជួយតាមលទ្ធភាពដែលអាចជួយបាន តែប្រហែលជាច្រើនខែបន្តិច។
ក្រោយពីប្ដីប្រពន្ធទាំងពីរ បង្ហោះរូបថតទាំងនេះលើគណនី Facebook និងសាកសួររកអ្នកដែលស្គាល់កន្លែងវះកាត់ ភ្លាមៗនោះមានអ្នកជំនួញម្នាក់ ប្រាប់ថាគាត់ស្គាល់គ្រូពេទ្យនៅសិង្ហបុរី។ ពេលនេះអ្នកទាំងពីរកំពុងរង់ចាំលទ្ធផលពិនិត្យសុខភាពរបស់ វីដ ថាត្រូវព្យាបាល ឬវះកាត់។ ប្រសិនបើគ្រូពេទ្យយល់ព្រមវះកាត់ គាត់នឹងជួយ ធ្វើទិដ្ឋាការ លិខិតឆ្លងដែន និងសំបុត្រយន្តហោះជូន វីដ ជាមិនខាន៕
បុរសខ្មែរដុះសាច់គ្របមុខឈ្មោះ វីដ
ចុចអាន៖ សហគ្រិនអូស្ត្រាលីសុខចិត្តចោលប្រទេសកំណើតមកចាប់ផ្តើមអាជីវកម្មនៅកម្ពុជា
ចុចអាន៖ អ្នកដំណើរ១៨២នាក់លើកប៉ាល់ប្រណិត ឆ្លងមេរោគនៅអូស្ត្រាលី
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Daily Mail