តួស្រីក្មេងមិនខ្វល់រឿង ប្រគល់ខ្លួនឲ្យទិនហ្វីដើម្បីបានដើរតួឯក
- 2016-01-29 15:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីក្មេងមិនខ្វល់រឿង ប្រគល់ខ្លួនឲ្យទិនហ្វីដើម្បីបានដើរតួឯក
ចន្លោះមិនឃើញ
ជាមួយនឹងកម្ពស់ ១,៦៩ម បូករួមនឹងសម្រស់ស្រស់ស្អាតនិងវ័យក្មេង តារាសម្ដែង Lin Yun បានផ្ដួលបេក្ខភាពចំនួន ១២០០០ នាក់ដើម្បីដណ្ដើមបានតំណែងតួឯកក្នុងភាពយន្តថ្មីរបស់ស្ដេចកំប្លែងហុងកុង។
ជាមួយនឹងឱកាសបានសម្ដែងតួឯកស្រីក្នុងភាពយន្ត "The Mermaid” របស់តារាសម្ដែងល្បីឈ្មោះ Stephen Chow តារាសម្ដែងស្រីវ័យក្មេង Lin Yun បានឈរតំណែងស្មើនឹងកំពូលតារាហុងកុងជាច្រើនរូបដូចជា Cecilia Cheung និង Karen Mok ជាដើម។ កើតឆ្នាំ ១៩៩៦ និងមិនធ្លាប់មានបទពិសោធន៍ក្នុងការសម្ដែងសោះ នាងនៅតែជាតួលេខសំងាត់មួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន។
នៅក្នុងថ្ងៃធ្វើសន្និសីទកាសែតកាលពីថ្ងៃទី ២៥ ខែមករាមុននេះ តារាសម្ដែងហុងកុង Stephen Chow បានរៀបរាប់ពីតួស្រីថ្មីរបស់ខ្លួនថា៖ "ចូលចិត្តសេរីភាព ចូលចិត្តទឹក មានលទ្ធភាពអាចញ៉ាំបានច្រើន គឺពិតជាស័ក្ដិសមនឹងរឿងខ្លាំងណាស់"។
លោកបានឲ្យដឹងថាតួស្រីក្មេងកើតឆ្នាំ ១៩៩៦ នេះគឺជាមនុស្សដែលលោកបានស្វែងរកជាយូរមកហើយសម្រាប់ភាពយន្តលើកនេះ។ យ៉ាងណាមិញសារព័ត៌មានជាច្រើនបានចុះផ្សាយថា Lin Yun គឺជាស្រីកំណាន់ថ្មីរបស់របស់ស្ដេចកំប្លែងហុងកុង។ ដោយសារតែទំនាក់ទំនងមួយនេះទើបនាងបានសម្ដែងតួឯកទាំងគ្មានបទពិសោធន៍នៅក្នុងខ្លួនបន្តិចណាសោះ។
ឆ្លើយតបនឹងការវាយប្រហាររបស់បណ្ដាញព័ត៌មាន តារាស្រីអាយុ២០ ឆ្នាំបានត្រឹមសើច៖ "ខ្ញុំមិនខ្វល់នឹងពាក្យចចាមអារ៉ាមមានស្នេហាជាមួយនឹងរៀមច្បងនោះទេ។ វាគ្រាន់តែជារឿងប្រឌិតគ្មានបានការ។ អ្វីដែលសំខាន់នោះគឺសមត្ថភាពរបស់ខ្ញុំនៅពេលភាពយន្តចេញចាក់បញ្ចាំង"។ តារាសម្ដែងស្រករក្រោយរូបនេះក៏បានបន្ថែមទៀតថា បានធ្វើការជាមួយទិនហ្វីទើបដឹងថាត្រូវរងសម្ពាធប៉ុណ្ណា។ "ពាក្យដែលខ្ញុំបានឮច្រើនបំផុតពីមាត់របស់បង Stephen គឺ 'ធ្វើឡើងវិញ'។ មានឈុតខ្លះត្រូវថតឡើងវិញរហូតដល់ទៅ ៣៥ ឬក៏ ៤០ដងក៏មាន។ គាត់គឺជាមនុស្សម្នាក់ដែលទាមទារខ្ពស់បំផុត"។ ស្រីស្អាតមកពីខេត្ត Huzhou ឲ្យដឹង៕
ចុចអាន៖ឈិនឡុង និយាយពីការលំបាកខ្លះៗពេលបញ្ចូលសំឡេងរឿង “Kung Fu Panda 3”
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing