លោក សោម សម្បត្តិ បង្ហាញ ៧ ចំណុចបញ្ជាក់ពីគុណភាពនៃភាពជាអ្នកដឹកនាំ
- 2016-02-10 12:30:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សោម សម្បត្តិ បង្ហាញ ៧ ចំណុចបញ្ជាក់ពីគុណភាពនៃភាពជាអ្នកដឹកនាំ
ចន្លោះមិនឃើញ
លោក សោម សម្បត្តិ ជាបុគ្គលជោគជ័យមួយរូប ដែលខំប្រឹងតស៊ូតាំងពីជីវភាពខ្សត់ខ្សោយ រហូតក្លាយជានាយកប្រតិបត្តិ នៃសហគ្រាស ផលិតថ្នាំពណ៌ជាតិ Cam-Paint ដ៏ល្បីឈ្មោះក្នុងវិស័យជំនួញ និងលេចមុខជាវាគ្មិន ក្នុងកម្មវិធីជាច្រើននៅកម្ពុជា។ យ៉ាងណា ក្នុងសិក្ខាសាលាមួយស្ដីពី “សិល្បៈនៃការដឹកនាំ” កាលពីថ្ងៃអាទិត្យទី ២៤ ខែកមរា ឆ្នាំ២០១៦ ក៏មានវត្តមានកូនច្បង់គ្រួសារដែលមានកម្រិតវប្បធម៌ ត្រឹមថ្នាក់ទី ៦ រូបនេះដែរ ដោយលោកបានបង្ហាញចំណុចសំខាន់ៗចំនួន ៧ បញ្ជាក់ពីគុណភាពនៃភាពជាអ្នកដឹកនាំ ដល់អ្នកចូលរួមជាងមួយរយនាក់។ ៧ ចំណុចដែលលោកបានបង្ហាញរួមមាន៖
១. ទស្សនវិស័យ ៖ បើអ្នកមិនអាចមើលឃើញថា អ្នកក្លាយជាអ្នកណា អ្នកនឹងមានអនាគតមួយ ដែលមិនប្រាកដប្រជា។ ដូច្នេះអ្នកត្រូវមានទស្សនៈវិស័យច្បាស់លាស់។
២. ក្លាហាន (ហ៊ាន) ៖ អ្នកខ្លះខ្លាចរហូតដល់ថា គ្រាន់តែគិតក៏មិនហ៊ានគិតដែរ។ ការពិតបុគ្គលម្នាក់ដែលទទួលបានជោគជ័យ គ្រាន់តែជា មនុស្សដែលហ៊ានគិតនូវអ្វី ដែលអ្នកធម្មតាមិនហ៊ានគិត ហ៊ានសម្រេចនូវអ្វីដែលអ្នកធម្មតា មិនហ៊ានសម្រេច ហើយហ៊ានធ្វើនូវអ្វីដែលអ្នកធម្មតា មិនហ៊ានធ្វើ។ អ្វីដែលខុសគ្នារវាងមនុស្សធម្មតា និងមនុស្សមិនធម្មតាធំបំផុត គឺហ៊ាននឹងមិនហ៊ាន។
៣. សុចរិត ៖ អ្វីដែលពិបាកជាងរកប្រាក់គឺមិនចេះស្មោះត្រង់ "សុចរិតភាព"។ សួរថាបើអ្នកមានប្រាក់ យើងរកស៊ីជាមួយមនុស្សមិនស្មោះត្រង់ទេ? តើអ្នកអាចសម្រេចកិច្ចការធំដុំបាន ដោយសហការជាមួយមនុស្ស មិនស្មោះត្រង់ទេ? “សុចរិតភាពគឺជាប្រភពទន់ដ៏សំខាន់"។
៤. ការឱនលំទោន ៖ របាំងដែលនាំឱ្យមនុស្សរីកចម្រើនបានតិច មកពីឆាប់ធ្វើចេះពេក។ មនុស្សដែលទទួលបានការគោរពពីអ្នកដទៃតិច មកពីឆាប់វាយឫកពេក។ អ្នកនិយាយមិនបានល្អ មកពីអ្នកមិនសូវចេះស្ដាប់។ អ្នកដឹកនាំដែលមិនល្អ មកពីមិនចេះធ្វើជាអ្នកបម្រើល្អ។ ទីបំផុតអ្នកនឹងខាតបង់ ដោយសារអ្នកមិនចេះឱនលំទោន។ អ្នកមិនដាក់ខ្លួនឱ្យតម្លៃអ្នកដទៃ អ្នកដទៃក៏មិនដាក់ខ្លួនឱ្យតម្លៃអ្នកវិញដែរ។ ពេលខ្លះយើងធ្វើចេះមិនកើត ពេលខ្លះចេះធ្វើល្ងង់នាំឱ្យអ្នកកាន់តែចេះ។
៥. យុទ្ធសាស្ត្រ ៖ មនុស្សគ្រប់រូបប្រាថ្នាចង់បានជោគជ័យ ប៉ុន្តែតិចណាស់អ្នកដែលធ្វើការនាំឱ្យទទួលបានជោគជ័យ។ អ្នកខ្លះចំណាយពេលរៀនរាប់ឆ្នាំ ថែមទាំងធ្វើការរាប់ឆ្នាំ ប៉ុន្តែខ្វះគំនិតច្នៃប្រឌិត ខ្វះគំនិតថ្មី និងមិនចេះរៀបចំផែនការយុទ្ធសាស្ត្រ។
៦. ការផ្ដោត ៖ គិតឱ្យយូរ ចិត្តឱ្យស៊ូ អារម្មណ៍ស្ងប់ ជៀសវាងកុំចាប់នេះកុំចាប់នោះ មិនច្បាស់ត្រង់ណា។ បើខ្វះការផ្ដោត នឹងនាំឱ្យអ្នកធ្វើកិច្ចការ ៨០ យកលទ្ធផល ២០ ជំនួសឱ្យធ្វើការ ២០ យកលទ្ធផល ៨០។
៧. ការសហការ ៖ សុខដុមបានមកពីមនុស្សចង់រស់នៅ និងធ្វើការជាមួយគ្នា។ បញ្ហាធំបំផុតនោះ គឺមនុស្សមិនអាចអាចរស់នៅ និងធ្វើការជាមួយគ្នាបាន។ កិច្ចសហការរវាងមនុស្ស គឺជាសមត្ថភាពរបស់អ្នកដឹកនាំដែលរួមមាន គិតត្រូវ សម្រេចត្រូវ ធ្វើត្រូវ ទៀងត្រង់ ស្មោះត្រង់ និងព្រហ្មវិហារធម៌៕
ចុចអាន៖ CEO វ័យក្មេង សេង ពិសិដ្ឋ ប្រាប់ពីយុទ្ធសាស្ត្រ រក្សាបុគ្គលិកល្អឱ្យនៅធ្វើការបានយូរ
ចុចអាន៖ ជា សុផល្លា៖ បុគ្គលិកត្រូវធ្វើ ១២ ចំណុចនេះ បើចង់ឱ្យកន្លែងធ្វើការមានភាពល្អប្រសើរ
អត្ថបទ៖ អ៊ុំ សុភក្តិ