Kanye West ដៀល Taylor Swift ថា​ជា​ស្រី​​បោកប្រាស់

  • 2016-02-19 20:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​អាមេរិក Kanye West បាន​ជះ​កំហឹង​រាលដាល​ដល់​​តារា​ចម្រៀង​ស្រី Taylor Swift ថា​នាង​គឺ​ស្រី​បោកប្រាស់​ ក្រោយ​ពេល​ក្រុម​ការងារ​​របស់​កម្មវិធី "Saturday Night Live” មិន​ធ្វើ​តាម​តម្រូវ​ចិត្ត​របស់​ខ្លួន។

 

 

ខ្សែអាត់​ថត​សំឡេង​មួយ​ទើប​តែ​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​វិបសាយ Pagesix បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​នៅ​ពេល​តារា​ចម្រៀង​រ៉េប Kanye West បាន​ហៅ​ម្ចាស់​ពាន Grammy Taylor Swift ថា "ស្រី​ក្លែងក្លាយ​"។ Kanye បាន​និយាយ​ពាក្យ​ទាំង​នេះ​ចេញ​នៅ​ពេល​កំពុង​ក្ដៅ​ក្រហាយ​នឹង​ក្រុម​ការងារ​របស់​កម្មវិធី "Saturday Night Live” កាល​ពី​​ចុង​សប្ដាហ៍​មុន។

 

 

អ្នក​ផលិត​កម្មវិធី​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ឆាក​របស់ Kanye ដោយ​មិន​បាន​ប្រាប់​គេ​មុន​ពេល តារា​អាយុ ៣៨ ឆ្នាំ​ឡើង​សម្ដែង​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​ជះ​កំហឹង​មក​លើ Taylor Swift​តែ​ម្ដង។ ប្ដី​របស់ Kim Kardashian បាន​ស្រែក​ឡើង​ថា៖ "កុំ​លលេង​ជាមួយ​ខ្ញុំ​ឲ្យ​សោះ ខ្ញុំ​មាន​ឥទ្ធិពល​ជាង​តារា​ណា​​ៗទាំង​អស់"។ ក្រោយ​មក​ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់ ស្រាប់​តែ​តារា​ស្បែក​ខ្មៅ​នេះ​ពន្លះ Taylor តែ​ម្ដង៖ "កម្មវិធី​នេះ និង Taylor Swift សុទ្ធ​តែ​ពួក​បោកប្រាស់​ដូច​គ្នា"។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារា​សម្បូរ​រឿង​អាស្រូវ​រូប​នេះ​ក្ដៅ​ស្លឈាម​បែប​នេះ​គឺ​ដោយ​សារ​តែ អ្នក​រៀបចំ​កម្មវិធី​បាន​ផ្លាស់​ប្ដូរ​ឆាក​សម្ដែង​របស់​ម្ចាស់​បទ "Famous” ដោយ​មិន​បាន​ប្រាប់​​គេ​ជាមុន។

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា Kanye West មានបញ្ហា​នឹង Taylor Swift រាប់​ឆ្នាំ​មក​ហើយ ដោយ​កាល​ពី​ឆ្នាំ ២០០៩ នៅ​ពេល​ដែល Taylor Swift ឈ្នះ​ពាន​រង្វាន់​វីដេអូ​ចម្រៀង​ល្អ​បំផុត​នោះ តារា​កូន​ពីរ​រូប​នេះ​បាន​រត់​ឡើង​ទៅ​លើ​ឆាក ដណ្ដើម​​មេក្រូ​របស់​ម្ចាស់​ពាន ហើយ​ស្រែក​ថា Beyonce ទើប​ស័ក្ដិសម​ជា​អ្នក​ទទួល​ពាន​មួយ​នេះ៕

 

ចុចអាន៖ក្រុម​តារា​ហូលីវូដ​មក​ដល់​​វៀតណាម​ដើម្បី​ថត​រឿង”King Kong” វគ្គ​២

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖foxnews