Ford ​​​នឹង​បំពាក់​ប្រព័ន្ធ​ចាប់​​ហ្វ្រាំង​​​ស្វ័យ​ប្រវត្តិ​ពេល​មាន​​​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់

  • 2014-10-24 16:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ Ford ​ទើប​ប្រកាស​​បង្ហាញ​ពី​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ឈ្មោះ​ថា​ "Pre-collision assist” ​​ដែល​ប្រើ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​រ៉ាដា ​និង​កាមេរ៉ា​រថយន្ត​​​កំណត់​​ថា ​មាន​​អ្នក​ថ្មើរជើង​ឆ្លង​កាត់​ឬ​អត់ ​ហើយ​បើ​មាន​វា​នឹង​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជា​យថាហេតុ។

 

​​​​កាមេរ៉ា​បង្កប់ ​និង​រ៉ាដា​​​រថយន្ត​នឹង​ធ្វើ​ការ​ស្កេន​ផ្លូវ​ធ្វើ​ដំណើរ​ ហើយ​វា​នឹង​ព្រមាន​ដល់​អ្នក​បើកបរ​ប្រសិន​បើ​មាន​ឧបសគ្គ​ណាមួយ​ត្រូវ​ចាប់​បាន។ ​​បើ​អ្នក​បើកបរ​​មិន​អាច​ដោះស្រាយ​ស្ថានការណ៍​បាន​​ភ្លាមៗ​ ប្រព័ន្ធ​​នេះ​នឹង​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។  

 

​ប្រព័ន្ធ​ពាក់កណ្ដាល​ស្វ័យ​ប្រវត្តិ​​ថ្មីៗ​​ត្រូវ​បាន​​ក្រុមហ៊ុន​រថយន្ត​ មួយ​ចំនួន​អភិវឌ្ឍ​ឡើង​មួយ​រយៈ​ចុងក្រោយ​នេះ​ដូចជា ​Volvo ​​និង​ក្រុមហ៊ុន​ Tesla ​ដែល​ទើប​បញ្ចេញ​​មុខងារ​ Autopilot ​សម្រាប់​​ជួយ​ដល់​អ្នក​បើកបរ​​បន្ថែម​ទៀត​ផង។ ​បើ​ទោះ​ជា​ការ​បង្កើត​ឡើង​នេះ​គឺ​មាន​គោលបំណង​ផ្តល់​ជំនួយ​ដល់​អ្នក​បើកបរ ​និង​បង្ការ​គ្រោះថ្នាក់​ មតិ​មួយ​ចំនួន​លើក​ឡើង​ថា ​​បច្ចេកវិទ្យា​នេះ​ធ្វើ​ឲ្យ​អ្នក​បើកបរ​​បង្កើត​ទម្លាប់​មិន​ល្អ​ពឹង​ផ្អែក ​លើ​វា​ច្រើន។

 

​​​​ទោះ​ជា​យ៉ាង​ណា ​Ford ​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​របស់​ខ្លួន​​មិន​មែន​ដើម្បី​ជំនួស​អ្នក​បើកបរ​ទេ ​ហើយ​វា​​ក៏​មាន​ដែន​កំណត់​ដែរ​ដូចជា​ នៅ​ពេល​យប់ ​​ពេល​មាន​ពន្លឺ​តិច​ ​អាកាសធាតុ​មិន​អំណោយផល ​និង​រថយន្ត​ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​​​។ ​ក្រុម​វិស្វករ​របស់​ Ford ​​បាន​ធ្វើ​ការ​សាកល្បង​ច្រើន​លើក​ច្រើន​សារ​ហើយ​ទៅ​លើ​ម៉ាឡាកាំង​​ តែ​ការ​បើកបរ​នៅ​ស្ថានភាព​ពិត​​​​នៅ​តែ​​ជា​រឿង​សំខាន់។

 
 

​​ប្រព័ន្ធ​ថ្មី​នេះ​នឹង​ត្រូវ​បំពាក់​លើ​រថយន្ត​ Ford Mondeo ​ស៊េរី​ ២០១៥ ​​ក្នុង​តំបន់​អឺរ៉ុប​មុន​គេ ​មុន​នឹង​បន្ត​ពង្រីក​​ទៅ​ស៊េរី​ផ្សេង​ទៀត ​និង​ទីផ្សារ​ក្រៅ​ពី​អឺរ៉ុប។

 

សូម​មើល​វីដេអូ​ធ្វើតេស្ត​ប្រព័ន្ធ​បង្ការ​គ្រោះថ្នាក់​ខាងលើ៖

 

http://youtu.be/Tgw4ojJNanc  

អាន៖ ទិដ្ឋភាព​ Data Center ​របស់​ Google ​ឃើញ​ហើយ​មិន​សរសើរ​មិន​បាន

 

ប្រែ​សម្រួល៖ ​សីហា

ប្រភព៖​ Gizmag