លី លាន​ជា ដក​ខ្លួនពី​ហូលីវូដ​​បណ្ដោះ​អាសន្ន ព្រោះ​សុខភាព​កាន់​តែ​ខ្សោយ

  • 2016-03-03 17:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួប​កំពូល​តារា​សម្ដែង​ក្បាច់​គុន Jet Li ក្នុង​ពេល​​កំពុង​បង្រៀន​ក្បាច់​គុន​តៃជី​ដល់​កូន​សិស្ស​​របស់​ខ្លួន គេ​មើល​ឃើញ​ថា​លោក​ខ្សោយ​ជាង​មុន​ឆ្ងាយ​។ តារា​សម្ដែង​ប្រុស​នេះ​ក៏​ទើប​តែ​សុំ​ដក​ឈ្មោះ​ចេញ​ពី​រឿង​ហូលីវូដ​មួយ​​ដើម្បី​គិតគូរ​ដល់​សុខភាព។

 

 

តាម​បណ្ដាញ​ព័ត៌មាន Xinhua នៅ​ក្នុង​វ័យ ៥៣ ឆ្នាំ កំពូល​តារា​សម្ដែង​ចិន Jet Li នៅ​តែ​ព្យាយាម​បង្រៀន​ក្បាច់គុន​តៃជី​នៅ​មជ្ឈមណ្ឌល​ដែល​លោក​ទើប​តែ​បើក​រួម​គ្នា​ជាមួយ​មហាសេដ្ឋី Jack Ma។ "ខ្ញុំ​ចង់​ផ្សព្វផ្សាយ​ក្បាច់គុន​មួយ​នេះ​ដើម្បី​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​នៅ​ក្នុង​សង្គម។ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​និង Jack Ma បើក​ក្រុមហ៊ុន "អភិវឌ្ឍន៍​វប្បធម៌​អន្តរជាតិ​តៃជី​" នេះ​ឡើង​ដែរ"។ លី លាន​ជា ប្រាប់​ទៅ​កាន់​អ្នក​កាសែត​ដោយ​​រួសរាយ​។

 

តារា​សម្ដែង​វ័យ ៥៣ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ទើប​តែ​សុំ​ដក​ខ្លួន​​ចេញ​ពី​រឿង "xXx: The Return of Xander Cage” ដែល​មាន​ការ​ចូល​រួម​របស់ Vin Diesel ក៏​ដោយ​សារ​មិន​ធានា​ពី​​ស្ថានភាព​សុខភាព​របស់​ខ្លួន​ផង​ដែរ។ តួអង្គ​របស់​លោក​ក្រោយ​មក​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ Donnie Yen ដើរ​ជំនួស​វិញ។

 

 

លី លាន​ជា​ចែក​រំលែក​ថា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ លោក​តែងតែ​ព្យាយាម​ហាត់​តៃជី​ដើម្បី​ហ្វឹកហាត់​ខ្លួន​ប្រាណ។ នៅ​ពេល​​ដឹង​ថា​ខ្លួន​​ថា​មាន​ជំងឺ​ភ្នែក​ទើប​លោក​កាន់​តែ​យល់​ច្បាស់​នូវ​តម្លៃ​របស់​សុខភាព។សព្វថ្ងៃ​តួ​រឿង "Hero” ត្រូវ​បន្ត​ទទួល​ទាន​ថ្នាំ​ជា​រៀង​រាល់​ថ្ងៃ​បើ​ពុំ​នោះ​ទេ​អាច​បណ្ដាល​ឲ្យ​​ងងឹតភ្នែក​ជា​រៀង​រហូត​ក៏​ដូច​ជា​ប៉ះពាល់​ដល់​បេះ​ដូង​ផង​ដែរ។ នេះ​ក៏​ជា​មូលហេតុ​ដែល​លោក​បដិសេធ​ទទួល​រឿង​ថ្មី​ក្នុង​៣​ឆ្នាំ​នេះ​ដែរ។

 

“រាល់​ពេល​ជួប​មិត្តភ័ក្ដិ​ម្ដងៗ​ អ្នក​គ្រប់​គ្នា​តែង​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​កាន់​តែ​ចាស់​ជាង​មុន។ កាល​ពី​ព្រឹក​នេះ មាន​មនុស្ស​ម្នាក់​ស្មាន​ថា​ខ្ញុំ​អាយុ​៦០​ប្លាយ​ទៀត​ផង" Jet Li បូរបាច់។ និយាយ​ពី​មូលហេតុ​ដែល​មិន​ទាន់​វិល​ត្រលប់​ចូល​វិស័យ​ភាពយន្ត​​វិញ លី លាន​ជា​ក្រៀមក្រំ៖" ខ្ញុំ​មិន​ទាន់​គិត​ដល់​នោះ​ទេ សុំ​ដក​ខ្លួន​មួយ​រយៈ​សិន"៕

 

ចុចអាន៖Shu Qi ព្រួយ​បារម្ភ​ខ្លាំង​ព្រោះ​​មុខ​ប្រតិកម្ម​ជាង​១​ខែ​មិន​ទាន់​បាត់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing