ឈិន ឡុង​​ល្វីង​មុខ​នឹង​​សារព័ត៌មាន​ចុះ​ថា​ស្លាប់​ជា​បន្ត​បន្ទាប់

  • 2016-03-10 18:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​ហុងកុង​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​ក្រោយ​នេះ លោក​មិន​ហ៊ាន​អាន​ព័ត៌មាន​ច្រើន​ដោយ​សារ​តែ​មាន​រឿង​ប្រឌិត​ច្រើន​ពេក។

 

បណ្ដាញ​ព័ត៌មាន West Capital News បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ថត​ភាពយន្ត "the Foreigner” នៅ​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស តារា​សម្ដែង​ចិន Jackie Chan ត្រូវ​មិត្តភ័ក្ដិ​ទូរស័ព្ទ​រំខាន​ជា​ញឹកញាប់​។ មូលហេតុ​នៃ​រឿង​នេះ​នោះ​គឺ ពួក​គេ​ស្លុត​អារម្មណ៍​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ចេះ​តែ​ចុះ​ផ្សាយ​ថា​តារា​ប្រុស​នេះ​បាន​ទទួល​មរណភាព​បាត់​ហើយ។

 

 

ថ្ងៃ ២​ខែ​មីនា នៅ​លើ​អ៊ីនធឺណិត​ គេ​បាន​បង្ហោះ​ថា តារា​សម្ដែង​រៀមច្បង​នេះ​បានស្លាប់​នៅ Queensland ប្រទេស​អូស្ត្រាលី​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ក្រោយ​នោះ​បន្តិច សារព័ត៌មាន​នានា​បាន​បញ្ជាក់​ពី​​ទីកន្លែង​កើត​ហេតុ​ទៀត​ផង។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ប្រភព​មួយ​ពី​កាសែត​ឥណ្ឌា​បាន​ទម្លាយ​ថា Jackie Chan បាន​លា​ចាកលោក​ហើយ​ដោយ​សារ​គាំង​បេះដូង។

 

ប្រឈម​មុខ​នឹង​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​ទាំង​នេះ តំណាង​របស់ ឈិន ឡុង​បាន​ឲ្យ​ដឹង​ថា ក្នុង​១​សប្ដាហ៍​ចុងក្រោយ​នេះ ក្រុមហ៊ុន​របស់​ពួក​គេ​បាន​ទទួល​ព័ត៌មាន​ថា Jackie Chan ទទួល​មរណភាព៣​ដង​ហើយ។ "បង ឈិន ឡុង​បាន​ប្រាប់​ពួក​ខ្ញុំ​ថា​គាត់​ហត់​នឿយ​ខ្លាំង​ណាស់។ ព័ត៌មាន​ដដែលៗ​បន្ត​លេច​ឡើង​ជា​រៀង​រាល​ថ្ងៃ​ ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា។ បើ​គិត​មក​ដល់​ពេល​នេះ​គាត់​ប្រហែល​ជា​ត្រូវ​ស្លាប់​រាប់​រយ​ដង​ហើយ"។

 

 

“ប៉ុន្មាន​ឆ្នាំ​មក​នេះ ខ្ញុំ​តែង​តែ​​ត្រូវ​គេ​ថា​ស្លាប់​បាត់​ហើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​និង​អ្នក​គាំទ្រ​ខ្ញុំ​ព្រួយ​បារម្ភ។ ខ្ញុំ​ក៏​បាន​បក​ស្រាយ​ច្រើន​ដង​ហើយ​ថា​ខ្លួន​នៅ​មាន​ជីវិត" ឈិន ឡុង​និយាយ​ទាំង​ហត់​នឿយ។តារា​វ័យ ៦២ ឆ្នាំ​ក៏​បាន​លលេង​ដែរ​ថា៖ "បើ​សិន​ជា​ពេល​ណា​ខ្ញុំ​ស្លាប់​មែន ខ្ញុំ​នឹង​រាយការណ៍​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ ដូច​នេះ​ហើយ ​អ្នក​ដែល​បង្ហោះ​រឿង​ប្រឌិត​ពី​ខ្ញុំ​​ទាំង​ឡាយ សូម​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់"៕

 

ចុចអាន៖មនុស្ស​ភ្លូក​ទឹក​ភ្លូក​ដី​ផ្អើល​នាំ​គ្នា​ទៅ​មើល Fan Bing Bing

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទថ្មី