ជីវិត​កម្សត់​តោក​យ៉ាក​របស់​​លោក​គ្រូ​ចាប់​ខ្មោច​​ឆៅ​លេខ​មួយ​ហុងកុង

  • 2016-03-15 13:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​កើត​ក្នុង​គ្រួសារ​ខ្វះខាត​ខ្លាំង​ក៏​ពិត​មែន​តែ​កេរ្តិ៍​ឈ្មោះ​ដែល​ Lam Chi Ying កសាង​គឺ​គ្មាន​អ្នក​ណា​អាច​ស្នង​បាន។

 

 

កុមារភាព​ខិលខូច

 

Lam Chi Ying មាន​ឈ្មោះ​ពិត​ថា Lam Gun Bo កើត​​នៅ​ថ្ងៃ​ទី ២៧​ខែ​ធ្នូ​ឆ្នាំ ១៩៥២ នៅ​​ទីក្រុង​ហុងកុង។ Lam Chi Ying ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​គ្រួសារ​កម្សត់​កម្រ​​និង​ស្រេក​ឃ្លាន​មិន​មាន​អាហារ​ហូប​គ្រប់​គ្រាន់។ លោក​ជា​កូន​ទី​៣​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់។ ឪពុក​ម្ដាយ​របស់ Chi Ying គឺ​ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​ម្ហូប​ឲ្យ​គេ​ដូចនេះ​ហើយ​ម្ហូប​ដែល​គ្រួសារ​លោក​ទទួល​ទាន​នោះ​គឺ​សំណល់​សេស​សល់​ពី​ផ្ទះ​បាយ​របស់​អ្នក​ដទៃ។ ដោយ​សារ​តែ​មិន​ដែល​បាន​ចូល​សាលា​ទើប​ឪពុក​ម្ដាយ​របស់ Chi Ying សង្ឃឹម​ថា​កូន​ប្រុស​ស្រី​របស់​ខ្លួន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង​នៅ​ពេល​ទទួល​ការ​សិក្សា។

 

ឪពុក​ម្ដាយ Lam Chi Ying ​បាន​ឲ្យ​លោក​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា Shun Yi នៅ​ទីក្រុង​ហុងកុង។ យ៉ាងណាមិញ កំឡុង​ពេល​នោះ​ក្មេង​ប្រុស​រូប​​នេះ​សេព​គប់​​ជាមួយ​ក្មេង​ពាល​ច្រើន​ទើប​មិន​សូវ​ខ្វាយខ្វល់​រឿង​រៀន​សូត្រ។ ឡើង​ដល់​ថ្នាក់​ទី​២ Lam Chi Ying សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​ព្រោះ​ជីវភាព​គ្រួសារ​ដុនដាប​ពេក។

 

មិន​​ដាច់​ចិត្ត​ទុក​កូន​ឲ្យ​មាន​ជីវភាព​ដូច​ខ្លួន ​ឪពុក​ម្ដាយ Chi Ying បាន​សម្រេច​ចិត្ត​ផ្ញើ​លោក​ទៅ​រៀន​នៅ​សាលា​ល្ខោន​ប៉េកាំង​ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ Fan Fok Fa។ នៅ​អាយុ​១៧​ឆ្នាំ Chi Ying បាន​ក្លាយ​ជា​អ្នក​បង្ហាត់​ក្បាច់​គុន​ឲ្យ​តួ​ជំនួស​​របស់​​ផលិតកម្ម​ភាពយន្ត Shaw Brothers Studio ជាមួយ​ប្រាក់​កម្រៃ ៦០​ដុល្លារ​ហុងកុង(៧,៧​ដុល្លារ​អាមេរិក)​ក្នុង​មួយ​ថ្ងៃ។ លោក​​បាន​ឲ្យ​១ភាគ​៣​​នៃ​ចំនួន​ប្រាក់​នេះ​ទៅ​លោក​គ្រូ ១ភាគ​៣​ទៅ​គ្រួសារ នៅ​សល់​ប៉ុន្មាន​លោក​យក​ទៅ​ប៉ាវ​មិត្តភ័ក្ដិ​ខ្លួន​​ផឹក​ស៊ី។ Chi Ying ធ្លាប់​និយាយ​ថា​នោះ​គឺ​ជា​ពេល​វេលា​ដែល​មាន​សុភមង្គល​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក។ យ៉ាងណាក្ដី នេះ​ក៏​ជា​កំឡុង​ពេល​ដែល​លោក​ជួប​រឿង​អកុសល​ជា​ច្រើន​ដោយ​សារ​តែ​មិត្តភ័ក្ដិ​ដែរ។ លោក​ធ្លាប់​ត្រូវ​គេ​ចាប់​ដាក់​គុក​ព្រោះ​វ៉ៃ​គ្នា​និង​ត្រូវ​ពឹង​ពាក់​អ្នក​ធានា​ទើប​ចេញ​មក​វិញ​បាន។

 

 

អាយុ ១៩​ឆ្នាំ​ភ្លើតភ្លើន​បាន​នាំ​ឲ្យ​លោក​ជួប​ព្រឹត្តិការណ៍​មួយ​ដែល​លោក​មិន​ដែល​​នឹក​ស្ដាយ​ក្រោយ​សូម្បី​មួយ​ដង​នៅ​ក្នុង​ជីវិត​។ កាល​នោះ​ Chi Ying ជឿជាក់​លើ​ក្បាច់​គុន​របស់​ខ្លួន​គ្រាន់​បើ បូក​រួម​ចិត្ត​គំនិត​ក្ដៅ​ដូច​ភ្លើង​ទៀត​ទើប​លោក​តែងតែ​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ឪពុក​ម្ដាយ​ជា​និច្ច។

 

នៅ​ពេល​មាន​អាយុ​១៩​ឆ្នាំ ដោយ​​បាន​ដឹង​ថា លី ស៊ាវឡុង​កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ Chi Ying ក៏​សម្រេច​ចិត្ត​មក​សុំ​ប្រកួត​ជាមួយ​កំពូល​តារា​សម្ដែង។ ក្រោយ​មក Chi Ying បាន​ចែក​រំលែក​ថា ពេល​នោះ​លោក​ជា​យុវជន​ឈាម​រាវ ដូច​កង្កែប​នៅ​ក្នុង​អណ្ដូង ទើប​មិន​ជឿ​ថា លី ស៊ាវ​ឡុង​ខ្លាំង​ដូច​អ្វី​ដែល​គេ​ថា​មែន។

 

សំណូមពរ​របស់ Chi Ying ត្រូវ​​បាន​លី ស៊ាវ​ឡុង​ទទួល។ ក្រោយ​ពេល​ត្រូវ​កំពូល​តារា​ក្បាច់​គុន​ទាត់​ខ្ចាយ​ចេញ​​ទៅ​ក្រៅ​បន្ទប់​ទើប Chi Ying ទទួល​ស្គាល់​ថា​អ្វី​ដែល​គេ​និយាយ​ពី​លី ស៊ាវ​ឡុង​​គឺ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ចាប់​ពី​ពេល​នោះ​មក Chi Ying ចាប់​ផ្ដើម​ធ្វើ​ការ​ឲ្យ​លី ស៊ាវ​ឡុង និង​ច្នៃ​ក្បាច់​គុន​​ឲ្យ​ភាពយន្ត​របស់​តារា​ក្បាច់គុន​នេះ​​ដូច​ជា​នៅ​ក្នុង​រឿង "The Big Boss” “Fist of Fury” និង "Enter the Dragon” ជា​ដើម។ កំឡុង​ពេល​ថត​រឿង "The Big Boss” លោក​ត្រូវ​ប៉ូលិស​ចាប់​ដោយ​សារ​វ៉ៃ​គ្នា​ ហើយ​លី ស៊ាវ​ឡុង​ត្រូវ​ចេញ​មុខ​ធានា​ទើប​គេ​ព្រម​ដោះ​លែង​លោក​ចេញ​មក​វិញ។

 

នៅ​ពេល​លី ស៊ាវ​ឡុង​ លា​ចាកលោក Chi Ying បាន​ឈឺ​ចាប់​ដល់​កំពូល។ ក្រោយ​មក​លោក​បាន​សុំ​ចូល​ធ្វើ​ការ​ក្នុង​ក្រុម​តួ​សម្ដែង​ជំនួស​របស់​តារា​ក្បាច់​គុន Sammo Hung។

 

 

 

កំពូល​គ្រូ​ចាប់​ខ្មោច​ឆៅ​គ្មាន​២​​របស់​ហុងកុង

 

នៅ​ពេល​ចាប់​ផ្ដើម​សហការ​ជាមួយ Sammo Hung, Chi Ying រ៉ាប់រង​ខាង​​ច្នៃ​ក្បាច់​គុន​និង​តួ​ជំនួស។ ទេពកោសល្យ​របស់ Chi Ying ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្រោយ​ពេល​ក្លាយ​ជា​ឃាតក​កាន់​ផ្លិត​ក្នុង​ភាពយន្ត "The Magnificent Butcher”។ ក្រោយ​តួ​សម្ដែង​ក្នុង​ភាពយន្ត "The Magnificent Butcher” Chi Ying ចាប់​ផ្ដើម​បាន​សម្ដែង​ក្នុង​រឿង​ច្រើន​​គួរសម​ប៉ុន្តែ​ភាពយន្ត​ដែល​នាំ​​ជោគជ័យ​ឲ្យ​តារា​ក្បាច់​គុន​នេះ​នោះ​គឺ​រឿង​ខ្មោច​ឆៅ "Mr. Vampire”។ ក្រោយ "Mr. Vampire” Chi Ying បន្ត​ជោគជ័យ​របស់​ខ្លួន​តាម​រយៈ​រឿង​បែប​ខ្មោច​ឆៅ​នេះ​ទៀត​ដូច​ជា "Mr. Vampire II” (1986) “Mr. Vampire III” (1987) និង“Vampire vs Vapire” (1989) ជាដើម។ក៏​ចាប់​ពី​ពេល​នោះ​មក​ដែរ វត្តមាន​របស់ Chi Ying ក៏​ជា​តំណាង​ឲ្យ​ជោគជ័យ​សម្រាប់​ភាពយន្ត​បែប​ខ្មោច​ឆៅ​នេះ​ដែរ។

 

 

ឆ្នាំ ១៩៩៥ Chi Ying ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍​ ATVអញ្ជើញ​​មក​​សម្ដែង​​តួ​គ្រូ​ចាប់​ខ្មោច​ឆៅ​ក្នុង​រឿង​ភាគ "Vampire Master” ជាមួយ​នឹង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក។ ដោយ​សារ​តែ​មាន​វត្តមាន​​របស់ Lam Chi Ying រឿង​ភាគ​នេះ​ទទួល​បាន​ជោគជ័យ​ហួស​ពី​ការ​រំពឹង​ទុក។ ឆ្នាំ ១៩៩៧ នៅ​ពេល​កំពុង​ត្រៀម​ថត​វគ្គ​៣​របស់​រឿង​នេះ Lam Chi Ying ដឹង​ខ្លួន​ថា​លោក​មាន​ជំងឺ​មហារីក​ថ្លើម​ហើយ​គម្រោង​មួយ​នេះ​ត្រូវ​រាំង​ស្ទះ។ លោក​បាន​លា​ចាកលោក​នៅ​ថ្ងៃ​ទី ៨​ខែ​វិច្ឆិកា​ឆ្នាំ ១៩៩៧ ក្នុង​អាយុ ៤៤​ឆ្នាំ។

 

ក្រោយ​ការ​ចាក​ចេញ​ទៅ​របស់ Lam Chi Ying ភាពយន្ត​បែប​ខ្មោច​ឆៅ​របស់​វិស័យ​ទូរទស្សន៍​ហុងកុង​គ្មាន​អ្នក​ណា​ផលិត​ត​ទៀត​នោះ​ទេ។ ទស្សនិកជន​បាន​ឲ្យ​ដឹង​ថា​បើ​ជា​រឿង​ខ្មោច​ឆៅ ត្រូវ​តែ​មាន​មុខ​របស់​ Lam Chi Ying។ បើ​មិន​មាន Lam Chi Ying ​ទេ​គ្រប់​រឿង​ទាំង​អស់​គ្រាន់​តែ​ជា​ការ​ចម្លង​​ពី​ច្បាប់​ដើម​តែ​ប៉ុណ្ណោះ៕

 

ចុចអាន៖ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soha

អត្ថបទថ្មី