ជីវិតស្ដុកស្ដម្ភតែគ្មានប្រពន្ធកូនរបស់ចាន់ចាវក្នុងវ័យ ៥៦ឆ្នាំ
- 2016-03-22 13:06:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតស្ដុកស្ដម្ភតែគ្មានប្រពន្ធកូនរបស់ចាន់ចាវក្នុងវ័យ ៥៦ឆ្នាំ
ចន្លោះមិនឃើញ
នៅក្នុងវ័យ ៥៦ឆ្នាំ តារាសម្ដែងល្បីឈ្មោះចិន Kenny Ho បានសម្រេចចិត្តថានឹងនៅម្នាក់ឯងមិនយកប្រពន្ធកូនទេក្នុងជាតិនេះ។
តារាសម្ដែង Kenny Ho ចាប់កំណើតនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៥៩ នៅទីក្រុងហុងកុងក្នុងគ្រួសារដែលមានជីវភាពសមគួរមួយ។ តារាសម្ដែងល្បីឈ្មោះតាមរយៈតួចាន់ចាវ ថ្មីៗនេះទើបតែប្រកាសរូបភាពក្រុមហ៊ុនរបស់ខ្លួននៅខេត្ត Huizhou។ តួរឿង "តុលាការមុខដែក" បានបោះទុនរាប់រយលានយាន់ចូលក្នុងរោងចក្រនេះដើម្បីផលិត ផលិតផលគ្រាប់ធញ្ញជាតិ។ បណ្ដាញព័ត៌មានបានឲ្យដឹងថាក្រោយពេលអភិវឌ្ឍអាជីពរបស់ខ្លួនបានសម្រេចក្នុងខេត្ត Huizhou លោកត្រូវបានគេបោះឆ្នោតឲ្យចូលក្នុងគណៈកម្មាធិការពិគ្រោះយោបល់នយោបាយរបស់ប្រទេសចិន។
ជោគជ័យពីអ្នកលើកទឹកក្នុងក្រុមការងារ
ឆ្នាំ ១៩៨២ គឺជាពេលវេលាដែល Kenny Ho សម្រេចចិត្តបោះជើងឈានចូលវិស័យសិល្បៈហុងកុងដំបូង។ ខណៈពេលនោះ លោកបានសុំគេចូលរៀនវគ្គបណ្ដុះបណ្ដាលតារាថ្មីរបស់ប៉ុស្តិ៍ ATV។ ក្រោយមកលោកបានសម្ដែងឲ្យក្រុមហ៊ុននេះរយៈ៤ឆ្នាំជាប់ៗគ្នា។ មកដល់កំឡុងឆ្នាំ ១៩៩០ អាជីពសម្ដែងរបស់ Kenny Ho នៅនឹងមួយកន្លែង នៅតែមិនបានផលិតកម្មក៏ដូចជាអ្នកដឹកនាំរឿងវាយតម្លៃខ្ពស់ យ៉ាងណាមិញលោកនៅតែរក្សាចិត្តគំនិតមុតមាំមិនបោះបង់ចោល។
ដោយសារតែមិនមានភាពរីកចម្រើននេះដែរ ពាក្យអញ្ជើញឲ្យលោកទៅថតរឿងក៏កាន់តែតិចទៅៗ រហូតដល់ថ្នាក់ Kenny លែងបានថតកុនហើយធ្លាក់ខ្លួនមកត្រឹមអ្នកបម្រើទឹកនិងរៀបចំសំលៀកបំពាក់ឲ្យតារាសម្ដែងរបស់ផលិតកម្មវិញ។
ចង់មានឈ្មោះល្បីតាមរយៈរឿងបុរាណនិងក្បាច់គុន
បើទោះបីជាដឹងថាឱកាសដែលអ្នកដឹកនាំរឿងប្រគល់ខ្លួនមានចំនួនតិចបំផុត ប៉ុន្តែនៅពេលទទួលពាក្យចូលសម្ដែងរឿងមួយៗ Kenny Ho តែងតែចំណាយពេលគិតយ៉ាងយូរក្រោយមកបានបដិសេធនឹងសំណើទាំងនេះចោល។ ក្រោយមក មិត្តរួមការងាររបស់ Kenny បានទម្លាយហេតុផលដែលលោកមានទង្វើបែបនេះ។ តាំងពីដំបូងឡើយ ផ្លូវដែលតារាសម្ដែងនេះកំណត់សម្រាប់ខ្លួនឯងគឺច្បាស់លាស់បំផុត គឺលោកចង់មានឈ្មោះល្បីតាមរយៈភាពយន្តក្បាច់គុនបុរាណចិនមិនមែនរឿងបែបកំប្លុកកំប្លែងដែលងាយស្រួលនាំមកជោគជ័យតារាដទៃនោះឡើយ។
នៅក្នុងបទសម្ភាសន៍សំណេះសំណាលជាមួយប៉ុស្តិ៍ TVB មួយ Kenny Ho បានឲ្យដឹងថា លោកពិតជាគ្មានទេពកោសល្យខាងកំប្លែងនោះទេ ហើយពិតជាមិនស័ក្ដិសមនឹងភាពយន្តប្រភេទនេះពិតមែន។ រហូតមកទល់ឆ្នាំ ១៩៩៣ Kenny បានទទួលពាក្យអញ្ជើញថតរឿង "តុលាការមុខដែក” ដែលធ្វើឲ្យលោកត្រូវបានទស្សនិកជនស្គាល់មុខច្រើនតាមរយៈតួអង្គរក្សចាន់ចាវរបស់លោកម្ចាស់ប៉ាវ។ ចាប់ពីពេលនោះមកអាជីពសម្ដែងរបស់ Kenny ចាប់ផ្ដើមត្រូវប៉ាន់ បន្តឡើងជារៀងរហូត។
យ៉ាប់យ៉ឺនជីវិតស្នេហា
បើទោះបីជាអាជីពសម្ដែងទទួលបានជោគជ័យលឿនជាងតារាស្រករតែមួយក៏ពិតមែន តែវិថីស្នេហារបស់សេនាប្រមុខរូបនេះ តែងតែមានភាពរដិបរដុបជានិច្ច។ Kenny Ho ធ្លាប់ស្រលាញ់គ្នាជាមួយតារាសម្ដែង May Chin មួយរយៈពេល។ May Chin កើតឆ្នាំ ១៩៦៤ ធ្លាប់ត្រូវគេចាត់ទុកថាជាតារាជួរមុខរបស់វិស័យភាពយន្តតៃវ៉ាន់។ អ្នកគាំទ្របានទទួលស្គាល់ថាតារាល្បីឈ្មោះទាំង២ពិតជាសមគ្នា។ នៅពេលដែលអ្នកទាំង២ប្រកាសចែកផ្លូវគ្នា អ្នកគាំទ្របានស្រងាកចិត្តយ៉ាងយ៉ាងខ្លាំង។
Kenny Ho និង May Chin
ក្រោយចំណងស្នេហាដ៏ខ្លីមួយនេះ Kenny Ho បានធ្លាក់ចូលក្នុងរណ្ដៅស្នេហ៍ជាមួយមិត្តរួមសម្ដែង Anita Lee។ ពន្លកស្នេហាមួយនេះបានរីកដុះដាលក្នុងរយៈពេល១០ឆ្នាំ គេរំពឹងថាអ្នកទាំង២នឹងដើរជាមួយគ្នាដល់ទីបញ្ចប់។ គួរឲ្យសោកស្ដាយ ឆ្នាំ២០០១ Anita Lee ប្រកាសថាអ្នកទាំង២បានបែកគ្នាជាផ្លូវការហើយ។ ព័ត៌មានពេលនោះបានចុះផ្សាយថា មូលហេតុចម្បងដែលនាំមកនូវលទ្ធផលនេះនោះគឺមកពី Kenny Ho មិនរក្សាពាក្យសន្យារៀបការជាមួយ Anita ហើយនាងមិនអាចនៅចាំលោកបានដូចនេះជារៀងរហូតនោះឡើយ។ Anita បានឲ្យដឹងថានាងមិនអាចយកយុវភាពដែលជិតកន្លងផុតរបស់ខ្លួននៅចាំចម្លើយដែលមិនប្រាកដប្រជារបស់ Kenny បន្តទៀតនោះទេ។ ចាប់ពីពេលនោះមក តារាប្រុសល្បីឈ្មោះមិនទទួលស្គាល់ចំពោះចំណងស្នេហ៍ជាមួយអ្នកណាទៀតទាំងអស់ បើទោះបីលោកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាមិនតិចក៏ដោយ។
Kenny Ho និងសង្សារយូរឆ្នាំ Anita Lee
ឆ្លើយតបនឹងរឿងប្រពន្ធកូន សេនាប្រមុខអាវក្រហមចាន់ចាវបានឲ្យដឹងថា លោកសម្រេចចិត្តមិនយកប្រពន្ធកូននោះទេនៅជាតិនេះ គឺសុខចិត្តនៅព្រៅរហូតដល់ស្លាប់។ "ក្រុមហ៊ុនគ្រាប់ធញ្ញជាតិនេះហើយដែលជាកូនប្រុសរបស់ខ្ញុំ អនាគតរបស់ខ្ញុំគឺចង់ពង្រីកវាឲ្យធំជាងនេះទៀត។ គេតែងបង្អាប់ថាខ្ញុំតែលតោលខ្វះភាពកក់ក្ដៅ តែខ្ញុំគិតប៉ុននេះគឺគ្រប់គ្រាន់ហើយ"៕
ចាន់ចាវពេលបច្ចុប្បន្ន
ចុចអាន៖ជីវិតកម្សត់តោកយ៉ាករបស់លោកគ្រូចាប់ខ្មោចឆៅលេខមួយហុងកុង
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14