ជប៉ុន​​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​ខ្លួន​ផលិត​​​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ

  • 2014-10-25 16:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​អាកាសចរណ៍​ Mitsubishi ​បាន​បង្ហាញ​យន្តហោះ​ដឹកអ្នក​ដំណើរ​លើក​ដំបូង​ដែល​ជប៉ុន​ផលិត​ក្នុង​រយៈពេល​ ៥០ ឆ្នាំ​មក​នេះ។ ​​​បើ​មើល​ពី​ខាង​ក្រៅ​ការ​រចនា​យន្តហោះ​ថ្មី​មើល​ទៅ​​ស្រស់​ស្អាត។ ​​​តែ​ការ​សម្ពោធ​នេះ​បាន​​ធ្វើ​ឲ្យ​អ្នក​វិភាគ​ជាច្រើន​អេះ​ក្បាល​​ឆ្ងល់​ថា ​​តើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​​ធុនមធ្យម​ថ្មី​ឈ្មោះ MRJ ​របស់​ Mitsubishi ​អាច​រក​លុយ​បាន​ឬ​អត់?

 

​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​បាន​ទទួល​ការ​កុម្ម៉ង់​ទិញ​ចំនួន ២៣០ ​គ្រឿង​ហើយ ​​តែ​អ្នក​វិភាគ​វាយ​តម្លៃ​ថា ​​ក្រុមហ៊ុន​ត្រូវ​លក់​ឲ្យ​បាន​ ៥០០ ​គ្រឿង​ទៀត​​ដើម្បី​ឲ្យ​រួច​ថ្លៃ​ដើម​នៃ​គម្រោង​នេះ។

 

​ទីផ្សារ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធុន​តូច ​និង​ធម្យម​​​ត្រូវ​ក្រុមហ៊ុន​ធំ​ពីរ​គឺ​ Embraer ​របស់​ប្រេស៊ីល​​និង​ Bombardier ​របស់​កាណាដា​ជា​អ្នក​គ្រប់គ្រង​ចំណែក​ទីផ្សារ​​ធំ​ជាងគេ។ ​​​ដំណាល​គ្នា​នេះ​ ក្រុមហ៊ុន​ចិន​ និង​រុស្ស៊ី​​កំពុង​សម្ងំ​អភិវឌ្ឍ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ធុនធម្យម​ផ្ទាល់​ខ្លួន​​ដែល​អាច​មាន​តម្លៃ​ថោក​ជាង​ ៤០ ​លាន​ដុល្លារ​ ដែល​ក្រុមហ៊ុន​ Mitsubishi ​​លក់​ចេញទៅ​លើ​ប្រភេទ​ MRJ នេះ​ដែរ។

 

​​Mitsubishi ​​ធ្លាប់​​​ផលិត​ផ្នែក​ខ្លះ​នៃ​យន្តហោះ Boeing ​​និង​​​​​​ដំឡើង​យន្តហោះ​យោធា​អាមេរិ​​មាន​កុងត្រា​ទៀតផង។

 

​​ទោះ​ជា​បែប​នេះ​ក្ដី​ ​អ្នក​វិភាគ​ជា​ច្រើន​នៅ​តែ​មាន​ការ​ងឿងឆ្ងល់​​ថា ​តើ​ក្រុមហ៊ុន​មាន​សមត្ថភាព​​​​គ្រប់គ្រាន់​ក្នុង​ការ​រចនា ​និង​ផលិត​យន្តហោះ​ទាំង​ស្រុង​ឬ​អត់។ ​តែ​ទោះ​ជា​យ៉ាង​ណា ​​ក៏​​គេ​ធ្លាប់​ដឹង​ដែរ​ថា ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ធ្លាប់​ផលិត​យន្តហោះ​ប្រយុទ្ធ​ឈ្មោះ​ Zero ​កាល​ពី​ជាង ៧ ​ទសវត្ស​កន្លង​ទៅ។

 

​រយៈពេល​ដ៏​យូរ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​មិន​ច្បាស់​ចំពោះ​សមត្ថភាព​ជប៉ុន​ក្នុង​ការ​ផលិត​យន្តហោះ​ ​ព្រោះ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​​ជប៉ុន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផលិត​អ្វី​ពាក់ព័ន្ធ​នឹង​យន្តហោះ​ឡើយ៕

 

 

 

អាន៖​ឆត្រ​នា​អនាគត​ប្រើ​​កម្លាំង​ខ្យល់​បំបែក​ទឹកភ្លៀង

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​economist

អត្ថបទពេញនិយម
អត្ថបទថ្មី