ថៃ ជាក្រុមអាស៊ានតែ១គត់ ដែលឡើងផុតវគ្គជម្រុះ World Cup ជុំទី២យប់មិញ
- 2016-03-25 15:53:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ជាក្រុមអាស៊ានតែ១គត់ ដែលឡើងផុតវគ្គជម្រុះ World Cup ជុំទី២យប់មិញ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិនៃប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលប្រកួតជម្រុះសន្សំពិន្ទុ World Cup យប់មិញ គឺមានតែក្រុមជម្រើសជាតិថៃប៉ុណ្ណោះ ដែលអាចកក់កៅអីឡើងទៅវគ្គបន្ទាប់។
ថៃ ដែលស្ថិតក្នុងពូល F គឺបានឡើងទៅជុំបន្ទាប់ ក្រោយស្មើ ២-២ ទល់នឹងអ៊ីរ៉ាក់យប់មិញ ដោយមាន១៤ពិន្ទុ នាំមុខគេដាច់លើកំពូលតារាង។
រីឯវៀតណាម គឺជាក្រុមអាស៊ីអាគ្នេយ៍តែ១គត់ដែលឈ្នះយប់មិញ ក្រោយបំបាក់តៃវ៉ាន់ ៤-១ នៅក្នុងទឹកដីខ្លួនឯង។ វៀតណាម ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល F មិនទាន់ជាប់នៅឡើយទេ នឹងត្រូវកាត់ក្ដីប្រកួតចុងក្រោយ ប៉ះអ៊ីរ៉ាក់ ដែលស្ថិតនៅលេខ២។
ចំណែកឯម៉ាឡេស៊ី ដែលស្ថិតនៅពូល A បានចាញ់ អារ៉ាប៊ីសាអ៊ូឌីត ២-០ និងធ្លាក់ត្រឹមវគ្គនេះហើយ ដោយមានតែ៤ពិន្ទុ ស្ថិតនៅលេខ៤ ក្នុងពូល។ ដោយឡែកពូល H ឯណោះវិញ ហ្វីលីពីន បានចាញ់អ៊ូបេគីស្ថាន ១-០ និងត្រូវធ្លាក់ត្រឹមវគ្គនេះដែរ ដោយមាន៧ពិន្ទុ ស្ថិតនៅលេខ៤។
ងាកមកក្រុមជម្រើសជាតិកម្ពុជានៅពូល E វិញ បានចាញ់ស៊ីរី ៦-០ ជាលើកទី២ និងត្រូវធ្លាក់ត្រឹមវគ្គនេះដូចគ្នា បន្ទាប់ពី៨ប្រកួត ចាញ់ទាំង៨ មាន០ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់បាតតារាងលេខ៥៕
-ចុចអាន៖ មើលវីដេអូ Highlight កម្ពុជាចាញ់ស៊ីរី ៦-០ យប់មិញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ FIFA