ខ្សែជីវិត Nicky Wu ពីក្មេងរើសសំរាមរហូតដល់មានមង្គលការរាប់លានដុល្លារ
- 2016-03-29 13:06:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែជីវិត Nicky Wu ពីក្មេងរើសសំរាមរហូតដល់មានមង្គលការរាប់លានដុល្លារ
ចន្លោះមិនឃើញ
ជាតារាសម្ដែងល្បីឈ្មោះ ទ្រព្យសម្បត្តិហូរហៀរ និងមានស្នេហាផ្អែមដូចទឹកឃ្មុំជាមួយតារាស្រី Liu Shi Shi តែគ្មានអ្នកណាដឹងទេថាតារាតៃវ៉ាន់ Nicky Wu ធ្លាប់ឆ្លងកាត់កុមារភាពដ៏ពិបាកវេទនា។
រើសសំរាម លីសែងទំនិញដើម្បីជីវភាព
Nicky Wu ចាប់កំណើតនៅថ្ងៃទី៣១ ខែតុលាឆ្នាំ ១៩៧០ នៅតៃវ៉ាន់ក្នុងគ្រួសារកូនច្រើននិងក្រីក្រមួយ។ ដោយសារតែមិនចង់ឲ្យឪពុកម្ដាយបារម្ភពីខ្លួន Nicky Wu ធ្វើខ្លួនជាមនុស្សឯករាជ្យ មិនពឹងផ្អែកលើអ្នកផ្ទះ។
អាជីវកម្មរបស់ឪពុកដួលរលំ រុញគ្រួសាររបស់ Nicky Wu ឲ្យចូលស្ថានភាពទាល់ក្របំផុត។ ឪពុករបស់ Nicky Wu មិនចង់ប្រកាសក្ស័យធនបណ្ដាលឲ្យសមាជិកទាំងអស់ក្នុងគ្រួសារមិនថាចាស់ក្មេងត្រូវជួយរកលុយដើម្បីទប់សេដ្ឋកិច្ចគ្រួសារ។ Nicky Wu ត្រូវក្រោកពីម៉ោង ៥ភ្លឺ ទៅលីសែងឥវ៉ាន់ឲ្យឈ្មួញក្នុងផ្សារ ស៊ីឈ្នួលលាងម៉ូតូឲ្យគេ និងមានពេលខ្លះត្រូវរើសសំរាមទៀតផងដើម្បីជួយរំលែកបន្ទុកឪពុកម្ដាយ។
ភ័ព្វសំណាងបានមកដល់ Nicky នៅពេលលោកត្រូវបានតារាចម្រៀង Angus Tung រកឃើញទេពកោសល្យនិងផ្ដល់ឱកាសឲ្យចូលរួមក្នុងក្រុមចម្រៀង Little Tiger Team ជាមួយនឹង Alec Su និង Julien Chen។ កំឡុងពេលនោះ Nicky Wu ប្រឹងធ្វើការដូចមនុស្សយន្ត។ លោកឆក់យកគ្រប់ឱកាសទាំងអស់ដែលមកដល់ខ្លួន ហើយឆ្លៀតពេលទៅធ្វើការក្រៅម៉ោងនៅសាលាទៀតផង។ ធ្វើការដូចនេះ ក្នុងរយៈពេល ១០ឆ្នាំ Nicky បានសងបំណុលទាំងអស់ជួសឪពុកខ្លួន។ ទោះបីជាត្រូវហត់នឿយខ្លាំង តែ Nicky មិនដែលបន្ទោសអ្នកមានគុណសូម្បីតែម្ដង។ ផ្ទុយមកវិញ លោកថែមទាំងដឹងគុណដល់កំឡុងពេលនេះទៀតផងដែលបានហ្វឹកហាត់ខ្លួនឲ្យក្លាយជាមនុស្សមាំមួនម្នាក់ ចេះជម្នះគ្រប់ឧបសគ្គមិនទន់ខ្សោយ។
មនុស្សស្លាប់រស់នឹងការងារ
ខែធ្នូឆ្នាំ ១៩៩១ ក្រុមចម្រៀងយុវវ័យ Little Tiger Team ត្រូវរំសាយធ្វើឲ្យអ្នកគាំទ្រជាច្រើនសោកស្ដាយ ដោយសារតែ Julien Chen ចូលបម្រើកងទ័ព និង Alec Su ត្រូវបន្តការសិក្សានៅបរទេស។ នៅពេលនេះ Nicky Wu ចាប់ផ្ដើមអាជីពចម្រៀងទោលរបស់ខ្លួន។ លោកចាប់ផ្ដើមរៀនភាសាចិនកុកងឺនិងធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីចាប់ផ្ដើមអាជីពថ្មី។ ជាមួយនឹងទឹកចិត្តមោះមុតដូចមុន មិនយូរប៉ុន្មានកេរ្តិ៍ឈ្មោះរបស់ Nicky Wu ចាប់ផ្ដើមមានអ្នកស្គាល់។
គិតមកទល់ពេលនេះ Nicky Wu បានប្រឡូកក្នុងសិល្បៈបានរយៈពេល ២៥ឆ្នាំហើយ។ តារាសម្ដែងប្រុសនេះធ្លាប់ចែករំលែកថា លោកបោះជើងចូលវិថីមួយនេះជាមួយនឹងក្ដីបំណងតែមួយគត់គឺជួយចែករំលែកបន្ទុករបស់គ្រួសារ តែនៅពេលចូលហើយទើបដឹងថាខ្លួនឯងមានមហិច្ឆតាខ្ពស់។ ពីតារាចម្រៀងម្នាក់ លោកចាប់ផ្ដើមមានអ្នកស្គាល់ច្រើនក្នុងតួនាទីជាតារាសម្ដែង ក្រោយមកក្លាយជាផលិតករ ថែមទាំងបានសាកល្បងខាងជំនួញទៀតផង។ លោកមិនអនុញ្ញាតឲ្យខ្លួនឯងសម្រាកសូម្បីតែមួយថ្ងៃ។
រកឃើញចំណតស្នេហាពិតប្រាកដក្រោយភាពល្វីងជូរចត់ទាំងឡាយក្នុងជីវិត
អាជីពការងារអាចយកការព្យាយាមមកដោះដូរបានតែចំពោះស្នេហា លះបង់គ្រប់យ៉ាងក៏មិនប្រាកដថាគ្រប់គ្រាន់ដែរ។ ដូចជាករណីរបស់ Nicky Wu ជាដើម បុរសម្នាក់ដែលខំប្រឹងអស់ពីសមត្ថភាពដើម្បីគ្រួសារបែរជាជួបរឿងរដិបរដុបរាប់ភ្លេចក្នុងវិថីស្នេហាទៅវិញ។
Nicky Wu និង Ma Yashu កាលនៅផ្អែមល្ហែម
ឆ្លងកាត់ស្នេហាជាច្រើនដែលគ្មានលទ្ធផលជាមួយតារាសម្ដែងស្រីដូចជា Vivian Hsu និង Ada Choi តារាល្បី Nicky Wu បានរៀបមង្គលការជាមួយតារាសម្ដែងស្រី Ma Yashu។ អ្នកទាំង២ចាប់ផ្ដើមមានមនោសញ្ចេតនាជាមួយគ្នានៅពេលសហការក្នុងរឿងភាគ "The Eleventh Son”។ នឹកស្មានថា នៅទីបញ្ចប់ តារាសម្ដែងត្រកូល Wu បានរកឃើញសុភមង្គលរបស់ខ្លួនហើយ តែទេវតាហាក់ដូចជាចង់លលេងជាមួយមនុស្ស។ អាពាហ៍ពិពាហ៍ទី១របស់ Nicky Wu បានឈានដល់ទីបញ្ចប់ក្រោយរស់នៅជាមួយគ្នាបានរយៈពេល៣ឆ្នាំ។ ប្រភពជាច្រើនបានឲ្យដឹងថា Nicky Wu ត្រូវអតីតភរិយាបោកប្រាស់ព្រោះបែកគ្នាមិនបានប៉ុន្មានផងនាងក៏រៀបការម្ដងទៀត។ ក្នុងនាមជាសុភាពបុរស Nicky Wu សម្រេចចិត្តរក្សាភាពស្ងៀមស្ងាត់។ មិនត្រឹមតែប៉ុណ្ណោះ លោកបានទុកទ្រព្យសម្បត្តិសឹងតែទាំងអស់ឲ្យអតីតភរិយាទាំងគ្មានការស្ដីបន្ទោសកន្លះម៉ាត់។
ក្រោយពេលមង្គលការបែកបាក់ទៅ Nicky Wu បានបង្រួមខ្លួនឯងឲ្យតូច បិទច្រកបេះដូងមិនទទួលយកអ្នកណាទាំងអស់។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០១១ Nicky Wu បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយមិត្តរួមការងារ Liu Shishi ជាថ្មីម្ដងទៀត។ មិនប្រាកដខ្លួនឯងថាថានេះគឺជាស្នេហាឬគ្រាន់តែការស្រលាញ់មួយឆាវ អ្នកទាំង២បានឃ្លាតគ្នា២ឆ្នាំដើម្បីឲ្យពេលវេលាជាអ្នកសម្រេច។ ក្រោយនោះគ្រប់២ឆ្នាំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ Liu Shishi និង Nicky Wu ចាប់ផ្ដើមស្រលាញ់គ្នាជាផ្លូវការ។ ព័ត៌មានអ្នកទាំង២ស្រលាញ់គ្នាបានធ្វើឲ្យអ្នកគាំទ្ររបស់ភាពយន្តភាគ "Scarlet Heart” ត្រេកត្រអាលជាទីបំផុត។
ខែវិច្ឆិកា ឆ្នាំ ២០១៥ Nicky Wu ចែករំលែកសំបុត្រអាពាហ៍ពិពាហ៍ក៏ដូចជាចិញ្ចៀនមង្គលការរបស់ខ្លួននៅលើបណ្ដាញសង្គម។ ភ្លាមៗក្រោយនោះ Liu Shishi បានផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រថា៖ "ពួកខ្ញុំពិតជាមានសុភមង្គលមែន"។
ថ្ងៃទី២០ ខែមីនាឆ្នាំ ២០១៦ Liu Shishi និង Nicky Wu បានដឹកដៃគ្នាចូលរោងការជាមួយនឹងពាក្យជូនពរដ៏ប្រពៃរបស់មិត្តភ័ក្ដិនិងក្រុមគ្រួសារនៅដែនកោះបាលីដ៏ស្រស់ស្អាត។ ពេលធ្វើពិធីស្បថស្បែចំពោះគូអនាគត Nicky Wu បានធ្វើឲ្យ Liu Shishi ក្លាយជានារីមានសុភមង្គលបំផុតក្នុងលោកនៅពេលសច្ចាថា៖ "បងធ្លាប់ខឹងទេវតាមិនតិចជាងមួយដងនោះឡើយ។ កាលពីមុន បងគិតថាទ្រង់គ្មានភាពយុត្តិធម៌ចំពោះបង តម្រូវឲ្យបងឆ្លងកាត់រឿងគ្រោតគ្រាតរាប់មិនអស់។ តែពេលនេះ បងយល់ហើយថាហេតុអីទ្រង់ធ្វើដូចនេះហើយ ព្រោះទ្រង់បានរក្សាស្នេហាដែលអស្ចារ្យបំផុតឲ្យបងនៅវគ្គចុងក្រោយ។ ចាប់ពីពេលនេះទៅ បងនឹងស្ដាប់តាមអូនជានិច្ច"៕
ចុចអាន៖ជីវិតស្ដុកស្ដម្ភតែគ្មានប្រពន្ធកូនរបស់ចាន់ចាវក្នុងវ័យ ៥៦ឆ្នាំ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing