ជីវិតជូរចត់ ត្រូវគេបោះបង់ចោលគ្មានប្រណីរបស់ប្រពន្ធដើម លី លានជា
- 2016-04-05 13:11:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតជូរចត់ ត្រូវគេបោះបង់ចោលគ្មានប្រណីរបស់ប្រពន្ធដើម លី លានជា
ចន្លោះមិនឃើញ
មកទល់ពេលនេះ រឿងតារាក្បាច់កុន លី លានជា បោះបង់ប្រពន្ធទី១ ដើម្បី "ជនទី៣" នៅតែជាមូលហេតុដែលធ្វើឲ្យលោកត្រូវគេរិះគន់នៅឡើយ។
បច្ចុប្បន្ននៅពេលនិយាយដល់ពាក្យ "ភរិយា" តារាសម្ដែងចិន Jet Li តែងរំលឹកពី Nina Li។ លោកលើកតម្កើងនាងមិនផុតពីមាត់ ហើយអះអាងថានាងជានារីតែមួយគត់ក្នុងជីវិតរបស់ខ្លួន។ ប៉ុន្តែនៅក្នុងវិស័យសិល្បៈចិន អ្នកណាក៏ដឹងដែរថា Nina គឺជា "ជនទី៣"។ អតីតបវរកញ្ញាអាស៊ីគឺជាមូលហេតុចម្បងដែលធ្វើឲ្យលី លានជាក្បត់ប្រពន្ធដើមកាលនៅគ្រាក្រលំបាក។
មិត្តភ័ក្ដិស្លាប់រស់
Huang Qiuyan ប្រពន្ធដើមរបស់ លី លានជាមានអាយុច្រើនជាងលោក២ឆ្នាំ។ នាងនិងលោកគឺជាមិត្តភ័ក្ដិស្លាប់រស់តាំងពីកុមារភាពនិងជាសិស្សរួមគ្រូក្នុងសាលាគុនតែមួយ។ នៅពេលដែល Jet Li មិនទាន់មានអ្នកណាស្គាល់សោះ Huang Qiuyan ជាមួយនឹងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួនបានក្លាយជា "ទីបង្អែក" ដ៏រឹងមាំរបស់លោក។
ឆ្នាំ ១៩៨២ ជាមួយនឹងតួសម្ដែងក្នុងរឿង "Shaolin Temple” លី លានជាបានល្បីក្លាយជាតារាសម្ដែងល្បីឈ្មោះក្នុងមួយប៉ប្រិចភ្នែក។ ខណៈពេលនេះ លោកបានសរសើរពីភាពស្មោះត្រង់របស់ Huang Qiuyan ដែលមានចំពោះខ្លួន។
នៅកំឡុងឆ្នាំ ១៩៨៥ Jet Li ត្រូវរងរបួសនៅពេលថតរឿង "Martial Arts of Shaolin”។ វេជ្ជបណ្ឌិតបានប៉ាន់ស្មានថាតារាសម្ដែងប្រុសនេះអាចមានលទ្ធភាពត្រូវពិការមួយជីវិតព្រោះបាក់ឆ្អឹងជើង។ Qiuyan មិនខ្វល់ពីទុក្ខលំបាក នៅក្បែរមើលថែទាំស្វាមីទាំងថ្ងៃទាំងយប់។ ក្រោយមកនាងត្រូវបានសារព័ត៌មានស្ងើចសរសើរពីទង្វើនេះ។
គ្មានពិធីមង្គលការ បានត្រឹមចុះឈ្មោះអាពាហ៍ពិពាហ៍
ឆ្នាំ ១៩៨៧ នៅទីបញ្ចប់ លី លានជា ក៏សម្រេចចិត្តរៀបការជាមួយ Huang Qiuyan ប៉ុន្តែមង្គលការរបស់អ្នកទាំង២ត្រូវប្រព្រឹត្តឡើងយ៉ាងតូចតាចបំផុត។ ពួកគេបានត្រឹមចុះឈ្មោះអាពាហ៍ពិពាហ៍តែគ្មានកម្មវិធីជប់លៀងដើម្បីទទួលភ្ញៀវកិត្តិយសអ្វីទាំងអស់។ សូម្បីតែគ្រួសារទាំងសងខាងក៏បានដឹងរឿងនេះតាមសារព័ត៌មានដែរ។
Yanqiu និងកូនស្រីទាំង២
“សម្រាប់ខ្ញុំ វាគឺជាសុភមង្គល ខ្ញុំគ្រាន់តែចង់នៅក្បែរបុរសម្នាក់នោះតែប៉ុណ្ណោះ"។ Huang Qiuyan ចែករំលែកជាមួយអ្នកយកព័ត៌មានរបស់ QQ។
មួយរយៈក្រោយមក អ្នកទាំង២បានទៅរស់នៅអាមេរិកដើម្បីឲ្យ Jet Li បន្តអភិវឌ្ឍអាជីពរបស់ខ្លួន។ នៅពេលនោះ Qiuyan កំពុងមានផ្ទៃពោះនៅខែទី៧។ កំឡុងពេលនេះ លី លានជាចំណាយពេលភាគច្រើនហាត់គុននិងបន្ថែមចំណេះដឹងខាងសម្ដែង។ ជីវិតគ្រួសារត្រូវបាន Qiuyan ជាអ្នករ៉ាប់រងទាំងស្រុង។ នៅអាមេរិក អ្នកទាំង២មានកូនជាមួយគ្នា២នាក់ (ចាប់កំណើតក្នុងឆ្នាំ ១៩៨៨ និង ១៩៨៩)។
ឆ្នាំ ១៩៩០ លី លានជា ត្រលប់មកហុងកុងវិញដើម្បីថតរឿង។ ខណៈពេលនេះ លោកបានក្លាយជាតារាល្បីឈ្មោះមួយរូបរួចទៅហើយ។ ជួបជាមួយនឹងបវរកញ្ញាអាស៊ី Nina Li នៅពេលសហការជាមួយគ្នា លោកបានមានមនោសញ្ចេតនាជាមួយនាងយ៉ាងរហ័ស។ មិនខ្វល់នឹងគុណស្រ័យជាមួយនឹងប្រពន្ធដើមនិងការរិះគន់របស់មហាជន លោកដាច់ចិត្តដាក់ពាក្យលែងលះជាមួយ Qiuyan។
រស់នៅសាមញ្ញ គេចពីបណ្ដាញព័ត៌មាន
ឪពុកម្ដាយ លី លានជាមិនពេញចិត្តនឹងមង្គលការទី១របស់កូនប្រុស តែ Qiuyan មិនធ្លាប់បន្ទោសអតីតស្វាមីសូម្បីមួយដង។ នាងបានទៅសម្ងំរស់នៅអាមេរិកដើម្បីចិញ្ចឹមកូនស្រីទាំង២។ ថ្មីៗនេះ នៅពេលបង្ហាញខ្លួននៅលើដងផ្លូវនៅអាយុ ៥៥ឆ្នាំ Huang Qiuyan នៅតែរក្សាបានសម្រស់ស្រស់ស្អាតរបស់ខ្លួនដដែល។ នាងចែករំលែក៖ "ខ្ញុំនៅតែរក្សាទំនាក់ទំនងមិត្តភ័ក្ដិជាមួយ Jet Li។ សម្រាប់ម្ដាយគាត់ ខ្ញុំនិងគាត់គ្មានអ្វីខុសពីមុននោះទេ"។
លី លានជានិង ភរិយាថ្មី
លី លានជា បានឲ្យដឹងថា សម្រាប់ Huang Qiuyan លោកគិតថាវាជាការដឹងគុណ ជាជាងស្នេហា។ អាស្រ័យហេតុនេះ នៅពេលយល់ថាអ្វីជា "ស្នេហា" ពិតប្រាកដ លោកហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីទៅតាមអ្វីដែលបេះដូងខ្លួនចង់បាន។ Jet Li ក៏បានបន្ថែមថា ដើមឡើយលោកយល់ព្រមរៀបការគឺដោយសារចាស់ទុំ។ "មនោសញ្ចេតនារបស់ខ្ញុំសម្រាប់នាងបានត្រឹម ១០%ប៉ុណ្ណោះ ឯនាងមានចំពោះខ្ញុំគឺរហូតដល់ ៩០%”។
Yanqiu ពេលបច្ចុប្បន្ន
យ៉ាងណាមិញ លី លានជា ត្រូវមហាជនរិះគន់ជាខ្លាំងនៅពេលលោកស្រលាញ់កូនលំអៀង។ កូនស្រីទាំង២របស់លោកជាមួយប្រពន្ធចុងត្រូវបានចិញ្ចឹមបីបាច់ថ្នាក់ថ្នមដូចព្រះនាងតាំងពីតូច។ លោកថែមទាំងបានទិញភូមិគ្រឹះដើម្បីទុកជាកេរដំណែលឲ្យពួកគេទៀតផង តែបែរជាមិនខ្វាយខ្វល់នឹងកូនស្រីទាំង២ជាមួយប្រពន្ធដើមទៅវិញ។ និយាយពីកូនស្រីដើមទាំង២ នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៤ លី លានជាលើកឡើងថា៖ "កូនស្រីទាំង២របស់ខ្ញុំនៅបរទេស ឥលូវធំដឹងក្ដីហើយ អាចរស់នៅដោយខ្លួនឯងបាន"៕
ចុចអាន៖ខ្សែជីវិត Nicky Wu ពីក្មេងរើសសំរាមរហូតដល់មានមង្គលការរាប់លានដុល្លារ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing