2NE1 ជិតផុតកុងត្រា Minzy ស្វែងរកផលិតកម្មថ្មី
- 2016-04-05 17:15:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
2NE1 ជិតផុតកុងត្រា Minzy ស្វែងរកផលិតកម្មថ្មី
ចន្លោះមិនឃើញ
ព័ត៌មានបែកបាក់គ្នារបស់ក្រុមចម្រៀងនារីកូរ៉េ 2NE1 ត្រូវបានលេចឡើងសារជាថ្មីខណៈសមាជិក Minzy កំពុងដើរស្វែងរកផលិតកម្មថ្មី។
ប្រភពខាងក្នុងសិល្បៈកូរ៉េបានប្រាប់ទៅកាន់បណ្ដាញព័ត៌មាន TV Daily កាលពីថ្ងៃទី ៤ ខែមេសាថា៖ "កុងត្រារវាងក្រុមចម្រៀង 2NE1 និងផលិតកម្ម YG នឹងដាច់នៅពេលខាងមុខ ហើយលទ្ធភាពខ្ពស់នោះគឺ ក្រុមចម្រៀង៤សមាជិករូបនេះនឹងបែកគ្នា។ អាស្រ័យហេតុនេះ Gong Minzy សមាជិកប្អូនពៅរបស់ 2NE1 កំពុងតែដើររកផលិតកម្មថ្មីសម្រាប់ខ្លួនឯង"។
ប្រភពដដែលបានបន្តទៀតថា៖ "ការពិតទៅ Minzy បានទៅចរចារឿងកុងត្រាជាមួយផលិតកម្មថ្មីរួចហើយតែមិនទាន់ឈានដល់ដំណាក់កាលសម្រេចដោយសារតែនាងទាមទារប្រាក់ខ្ពស់ពេក"។ ជាមួយគ្នានេះដែរ ប្រភពដទៃទៀតបានឲ្យដឹងថា Minzy កំពុងដើរស្ទាបស្ទង់ជាមួយផលិតកម្មផ្សេងៗថាតើតម្លៃរបស់នាងអាចបានខ្ពស់ប៉ុណ្ណា។
ជាមួយនឹងព័ត៌មាននេះ YG Entertainment បានឲ្យដឹងថាពួកគេនឹងបើកសន្និសីទកាសែតមួយឆ្លើយតបនឹងព័ត៌មានបែកក្រុមរបស់ 2NE1 ក៏ដូចជាការដើរចេញរបស់ Minzy ផងដែរនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៥ខែមេសានេះ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុមចុងក្រោយរបស់ 2NE1 “Crush” ត្រូវបានបញ្ចេញតាំងពីខែកុម្ភៈឆ្នាំ ២០១៤ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមកគឺមានរយៈពេល ២ឆ្នាំ ២ខែមកហើយតែ ក្រុមចម្រៀងបង្ហាញមុខឆ្នាំ ២០០៩ នេះមិនទាន់មានសកម្មភាពជាក្រុមអ្វីទាំងអស់ ដោយ សមាជិក CL កំពុងត្រៀមបង្ហាញមុខនៅទីផ្សារអាមេរិក Sandara ធ្វើពិធីករ Minzy បើកសាលាបង្រៀនរាំ និង Park Bom គ្មានសកម្មភាពក្នុងសិល្បៈអ្វីទាំងអស់។ ទន្ទឹមនឹងគ្នានេះដែរ ថ្មីៗនេះ គេទើបតែប្រទះឃើញ Park Bom នៅលើផ្លូវក្នុងប្រទេសចិន តែមិនដឹងថានាងមកទីនេះក្នុងគោលដៅអ្វីនោះឡើយ៕
ចុចអាន៖CL តែងខ្លួន កាច់រាងកប់ក្នុងឈុតពាណិជ្ជកម្មគ្រឿងសម្អាងអាមេរិក
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖soompi