Apple ទំនង​ជា​លក់​ iPhone បាន​១​ប៊ី​លាន​គ្រឿង​ត្រឹម​ខែ​កក្កដា​ឆ្នាំ​នេះ​

  • 2016-04-07 17:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ Apple បាន​លក់​ចេញ​ទូរសព្ទ​ iPhone សរុប​ ៨៩៦​លាន​គ្រឿង​ ហើយ​ប្រសិន​បើ​ការ​ព្យាករ​កាល​ពី​​ថ្មីៗ​នេះ​​របស់​ Wall Street ពិត​ជា​ត្រឹម​ត្រូវ​​មែន​​ នោះ​ក្រុមហ៊ុន​​នឹង​លក់​ចេញ​​ iPhone គ្រប់​ម៉ូដែល​ទាំង​អស់​ បាន​​ចំនួន​១​ប៊ីលាន​គ្រឿង​នៅ​អំឡុង​ខែ​កក្កដា​ឆ្នាំ​នេះ​ហើយ។

 

 

​១​ប៊ីលាន​បាន​ក្លាយ​ជា​ចំនួន​ធម្មតា​មួយ​ចំពោះ​ក្រុមហ៊ុន​ Apple ដោយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ក្រុមហ៊ុន​នេះ​លក់​ Gadget iOS បាន​ចំនួន​១​ប៊ី​លាន​គ្រឿង​ ដែល​រួម​មាន​ iPhone, iPad និង​ iPod touch ជា​ដើម។ កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​ដែរ ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​បាន​ប្រកាស​ថា​​មាន​ឧបករណ៍​របស់​ខ្លួន​ចំនួន​ ១​ប៊ីលាន​គ្រឿង​កំពុង​​នៅ​ក្នុង​ដៃ​អ្នក​ប្រើ​ប្រាស់​បច្ចុប្បន្ន។

 

យ៉ាង​ណា​ក្ដី​​​ការ​លក់​ចេញ​ផលិតផល​តែ​មួយ​មុខ​ ឲ្យ​បាន​មួយ​ប៊ី​លាន​គ្រឿង​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​នោះ​ទេ​ ហើយ​​គេ ​រំពឹង​ថា​ iPhone នឹង​គ្រង​ដំណែង​នេះ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

គួរ​រំលឹក​ថា​ iPhone បាន​ចេញ​លក់​លើ​ទីផ្សារ​រយៈ​ពេល​​​ជិត​៩​ឆ្នាំ​មក​ហើយ​ ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០០៧ ហើយ​បើ​គិត​លើ​សន្ទុះ​របស់​ iPhone នា​ពេល​បច្ចុប្បន្ន​នេះ​គេ​រំពឹង​ថា​​វា​នឹង​លក់​ចេញ​បាន​២​ប៊ីលាន​គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ ២០២០៕​​​​​​​​​

 

ចុច​អាន៖ សហរដ្ឋអាមេរិក​កំពុង​ព្រួយបារម្ភ​ពី​កាំភ្លើង​ខ្លី​ រូបរាង​ដូច​ទូរសព្ទ​ iPhone

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖ CNNMoney​​​​​​​​​

អត្ថបទថ្មី