កុំ​មើល​កញ្ចក់​ពេល​យប់... ប្រយ័ត្ន...!

  • 2014-10-27 15:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​មួយ​ ខ្ញុំ ​បងប្អូន និង​ឪពុកម្ដាយ​​បានចេញ​ពី​ស្រុក​​ទៅ​លេង​​សមុទ្រ ដែល​​ជា​កន្លែង​ពេញ​និយម​មួយ​។ ពេល​ដល់គោលដៅ​​ ពួក​យើង​បាន​ជួល​បន្ទប់​​​​ផ្ទះសំណាក់​​​​ស្នាក់​​នៅ។

រូបតំណាង

បន្ទប់​នោះ​​មាន​គ្រែ​ពីរ។ គ្រែមួយ​ក្បែរ​បង្អួច​​និង​ទ្វារ ចំណែក​​គ្រែ​ខ្ញុំ​​នៅ​​ទល់​មុខ​បន្ទប់​ទឹក។ ក្រោយញ៉ាំអាហារ​សមុទ្រ និង​ដើរ​លេង មុជទឹក​យ៉ាង​សប្បាយ ពួក​យើងក៏​​​នាំ​គ្នា​លាងខ្លួន មក​សម្រាក​នៅ​​ផ្ទះសំណាក់វិញ។ យប់​នោះដោយសារអស់កម្លាំងពេក  ​​ឪពុកម្ដាយ និងប្អូន​របស់​ខ្ញុំគេងលក់​អស់ ចំណែកខ្ញុំ​​​នៅ​យប់ជាងគេ។

 

ម៉ោងប្រហែល១២ ជិត​១ ខ្ញុំបាន​​បិទកុំព្យូទ័រ ​និង​បិទភ្លើង ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​មាន​មនុស្ស​​កំពុង​សម្លឹង​​ខ្ញុំ។ គ្មានខ្យល់ ​វាំងនន​បង្អួច​អត់​បើក រីឯ​​ឪពុកម្ដាយ​ និង​ប្អូន​​គេង​លក់​អស់ តែ​​យ៉ាងណាខ្ញុំធ្វើ​ធម្មតាដូចគ្មាន​រឿងអ្វី​កើតឡើង រួច​ដើរចូល​បន្ទប់​ទឹកលាង​​​ជូតខ្លួនបន្តិច។

 

ពេល​លុបមុខ ហើយមើល​កញ្ចក់ ស្រាប់​ចេញ​ស្រី​សក់​វែង​គ្របមុខ ស្លៀក​សឈរក្រោយខ្នង។ អស់ហើយ​ព្រលឹង​ក្នុង​ខ្លួន ខ្ញុំសម្រុក​ចេញ​​ទាំងកម្រោលទៅកាន់​គ្រែ។

 

ភ្លើង​ចេញ​ពី​ម៉ាស៊ីនត្រជាក់ បំភ្លឺ​​គ្រប់គ្រាន់​អាច​មើលឃើញ​គ្រែរបស់​​ខ្ញុំ និង​បន្ទប់​ទឹក​។ ខ្ញុំ​បាន​លួច​ក្រលៀស​ភ្នែក​មើលបន្ទប់ទឹក ហើយ​ក៏​នៅ​តែ​​ឃើញ​ស្រីម្នាក់​នៅ​ក្នុង​កញ្ចក់។ ខ្ញុំ​ព្យាយាម​​បិទ​ភ្នែក​ដេក តែ​ភ្នែក​ខ្ញុំ​នៅ​តែ​ចង់​មើល​​ថា​មាន​អ្វី​កើតឡើងទៀត។ ​​

 

​ខ្ញុំ​ប្រឹង​សម្ងំ​បិទ​ភ្នែក ហើយ​​បង្ហើប​ភួយ​តិចៗ ស្រាប់​តែ​កញ្ចក់​ចេះតែខ្ពស់​ឡើងៗ បេះដូង​ខ្ញុំ​លោត​​ញាប់ ឌុកឌាក់ៗ ព្រឺរោមច្រាង ឈឺ​នោម​បន្តិច ឈឺ​ជុះ​បន្តិច។ ខ្ញុំ​​ក៏​បាន​រត់​ទៅ​ដេក​ជិត​ប្អូន​ប្រុស​ពៅ​ខ្ញុំ ហើយ​គ្រប​ភួយ​ជិតឈឹង លែងហ៊ានមើល។

 

ព្រឹកឡើង​ទ្វារ​បន្ទប់​ទឹក​បិទ ខណៈ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ភ័យខ្លាច​ថា​នឹង​មាន​អ្នកណា មើល​ខ្ញុំ​ទៀត។ ដោយឡែក​ម្ដាយ​របស់​ខ្ញុំ​​ បាន​ថត​រូប​ជុំវិញ​បន្ទប់ ហើយ​គាត់​និយាយ​ថា៖" វ៉ោវ! ​បន្ទប់​របស់​យើងមាន​ខ្មោច​លង។ មើល​រូបនែ៎ក!”។

 

ក្នុង​រូបថតមានស្រមោល​ខ្មោច​ស្រី​ ខ្ញុំមើល​រូប​ភ្លាម ​ខ្ញុំ​ព្រឺក្បាល​ខ្ញាក ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​រឿង​ ដែល​ខ្ញុំ​ឃើញទាំងប៉ុន្មាន​ដល់​ឪពុក​ម្ដាយ​ខ្ញុំ។ ក្រោយ​មាន​រឿង​បែប​នេះ ពួក​យើង​ក៏​សុំ​គេ​ដូរ​បន្ទប់ ហើយ​ស្អែល​​ឡើង​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​មិន​សប្បាយ​ចិត្ត។

 

ចាស់ៗ​ច្រើន​និយាយ​ថា ពេល​យប់​ជ្រៅ​កុំ​មើល​កញ្ចក់ ក្រែង​មើល​ឃើញ​អ្វីៗ​មិន​ល្អ ដូច​ជា​ខ្មោច​ព្រាយបិសាច ចង់​បន្លាច​យើង។ តើ​អ្នកជឿអត់? ​(បទ​ពិសោធន៍​របស់​​ជន​ជាតិ​អាមេរិក​វ័យ​១៧ឆ្នាំ)

 

ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក! ចុច​អាន

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ Yourghoststorie

អត្ថបទពេញនិយម