នាយ កុយ ប្រកាស​ធ្វើ​បុណ្យ​ថ្វាយ​លោក​យាយ ម៉ៅ

  • 2016-04-12 20:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជូង ជី ហៅ​នាយ កុយ បាន​ប្រកាស​ថា ​គ្រួសារ​របស់​លោក​ត្រៀម​ធ្វើ​បុណ្យ​ថ្វាយ​លោក​យាយ ម៉ៅ ពេជ្រ​និល​ម្ដង​ទៀត នៅ​ក្រោយ​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។

 

 

តារា​កំប្លែង​រូប​នេះ​បន្ត​ថា ពិធី​បុណ្យ​នេះ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២១ មេសា ២០១៦ ខាង​មុខ។ ក្រៅ​អំពី​ការ​ឧទ្ទិស​ថ្វាយ​យាយ ម៉ៅ ហើយ​នោះ បុណ្យ​នេះ​មាន​គោល​បំណង​ប្រមូល​បច្ច័យ ដើម្បី​កសាង​វត្ត​ពេជ្រ​និល ខណៈ​កំពុង​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​កសាង​សមិទ្ធផល​នានា សម្រាប់​បម្រើ​ឱ្យ​វិស័យ​ព្រះ​ពុទ្ធ​សាសនា។

 

“ខ្ញុំ​សង្ឃឹម​ថា សប្បុរសជន​ទាំង​អស់​មេត្តា​ជួយ​តាម​សទ្ធា​ជ្រះ​ថ្លា​របស់​អស់​លោក​ផង​ចុះ ព្រោះ​វត្ត​កំពុង​មាន​ការ​ខ្វះ​ខាត​ច្រើន​ណាស់"។ នាយ កុយ ថ្លែង​មក​កាន់ Sabay ។ តារា​កំប្លែង​ជើង​ចាស់​ខាង​លើ​បន្ថែម​ថា ជា​រៀងរាល់​ឆ្នាំ​លោក​តែង​ផ្ដួច​ផ្ដើម​កម្មវិធី​បុណ្យ​នេះ​ឡើង។ ហើយ​សម្រាប់​ឆ្នាំ​នេះ លោក​សង្ឃឹម​ថា អ្នក​រួម​អាជីព និង​សប្បុរសជន​ចូលរួម​បាន​ច្រើន។

 

លោក​បញ្ជាក់​ថា ក្នុង​ឱកាស​នោះ​ក៏​មាន​ក្រុម​សិល្បៈ​កំប្លែង​របស់​លោក​សម្ដែង​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទស្សនា ព្រម​ទាំង​មាន​ការ​ចែក​អំណោយ​ដល់​ពួក​គាត់​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ