កាន់​តែ​ច្បាស់​ ពី​ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ ទៅ​បៃតង ​​នៅ​កែប

  • 2016-04-20 00:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រែប្រួល​ពណ៌​ទឹកសមុទ្រ​ទៅ​ជា​បៃតង​នៅ​កែប​ កាល​ពី​ថ្មីៗ​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ រហូត​​ប្រជា​នេសាទ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​​សាក​ល្បង​នូវ​ប្រភេទ​​ខ្យង​ហូល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់គេហទំព័រ ​ក្នុង​ស្រុក​មួយ។ តើ​បញ្ហា​នេះ​ បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​ខ្យង​ហូល ឬ​បណ្ដាល​មក​ពី​អ្វី​ឱ្យ​ប្រាកដ​?

 

ផ្ដល់​បទសម្ភាសន៍​ជាមួយ Sabay តាម​រយៈ​ទូរសព្ទ ឯកឧត្ដម កែន សត្ថា អភិបាល​ខេត្តកែប មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា ការ​ប្រែ​ពណ៌​ទឹកសមុទ្រ​ទៅ​ជា​បៃតង មិន​មែន​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​ខ្យង​ហូល លើ ​ទំហំ​ផ្ទៃ​សមុទ្រ ១០ ហិតា​​នៅ​ក្នុង​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ ដូច​ការ​សង្ស័យ​​​របស់​ប្រជា​នេសាទ​នោះ​ទេ។

 

ឯកឧត្ដម​ថ្លែង​​យ៉ាង​ដូច្នេះ៖ "ការ​ចិញ្ចឹម​ខ្យង​ហូល​មិន​អាច​ធ្វើ​ឱ្យ​ទឹកសមុទ្រ​ប្រែ​ពណ៌​ទេ។ អ្នក​នេសាទ​ហ្នឹង ​គាត់​អត់​ដឹង​លក្ខណៈ​បច្ចេកទេស​យ៉ាងម៉េចទេ […] ស្ថានភាព​ទឹក​សមុទ្រ​ឥលូវ​អត់​អី​ទេ ធម្មតា​ទេ"។

 

ចំណែក​​លោក អឹម បញ្ញារិទ្ធ មន្ត្រី​​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បាន​ឱ្យ​ដឹង​​ដែរ​ថា ការ​ប្រែប្រួល​នៃ​ពណ៌​ទឹកសមុទ្រនេះ គឺ​បណ្ដាល​មក​ពី​​បម្រែបម្រួល​អាកាសធាតុ។

 

“មូលហេតុ​មិន​​មក​ពី​ការ​ចិញ្ចឹម​ខ្យង​ហូល​ទេ។ វា​ជា​កត្តា​ធម្មជាតិ ហើយ​យើង​កំពុង​តែ​តាមដាន ស្រាវជ្រាវ​បន្ត​ដែរ តាម​ដាន​ថា វា​នឹង​វិវត្ត​ទៅ​ជា​យ៉ាង​ម៉េច​ទៀត។ ប៉ុន្តែ​​បច្ចុប្បន្ន​ដូច​មិន​អី​ទេ វា [ទឹក]​ ប្រែ​ពណ៌​ដូច​ធម្មតា​​វិញ វា [​ប្រែពណ៌បៃតង​] តែ​មួយ​រយៈ​ពេល​ក្ដៅ​ខ្លាំង"។

 

ថ្មីៗ​នេះ​ ឯកឧត្ដម អភិបាលខេត្ត បាន​បញ្ជាក់​ថា ការ​ប្រែ​ពណ៌​បៃតងនៃទឹក​សមុទ្រ គឺ​បណ្ដាល​មក​ពី​ប្រតិកម្ម​អាកាសធាតុ​ជាមួយ​ស្មៅ​ក្នុង​ទឹកសមុទ្រ ព្រោះ​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខេត្ត​កែប​បាន​ឡើង​កម្ដៅ​រហូត​ដល់ ៤០ អង្សាសេ និង​រាំង​ភ្លៀង​ជាង ២ ខែ​ ដែល​​បណ្តាល​ឲ្យ​កើត​មាន​ស្ថានភាព​យ៉ាង​ដូច្នេះ។ ពេល​នេះ​​ស្ថានភាព​បាន​ល្អ​ប្រសើរ ពោល​គឺ​ទឹកសមុទ្រ​ប្រែថ្លាល្អឡើងវិញ ហើយ​​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ កំពុង​បន្ត​តាមដាន​។

 

យ៉ាងណាមិញ លោក គុជ វិរៈ ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​​កែប​​ថ្លែង​ថា បញ្ហា​​ដែល​កំពុង​រសើប​នេះ មិន​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​ខ្យង​ហូល​​ជា​លក្ខណៈ​គ្រួសារ​ចំនួន ៥ ម្ចាស់​នោះ​ទេ។ លោក​​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ថា បាតុភូត​នេះ​បណ្ដាល​មក​ពី​​ប្លុង​តុង​មួយ​ប្រភេទ និង​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ទឹក។

 

“ខ្ញុំ​ចង់​ជម្រាប​ថា ការ​ឡើង​ពណ៌​ហ្នឹង​អត់​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​ខ្យង​ហូល​ទេ។ វា​បណ្ដាល​មក​ពី​ប្លុង​តុង​មួយ​ប្រភេទ​នៅ​តំបន់​ទឹក​រាក់។ ប្លុង​តុង​ទាំង​នោះ បាន​​វិវត្ត​ខ្លួន​ទៅ​ជា​បណ្ដុំ​សារាយ​​ពណ៌​បៃតង​ខ្ចី អណ្ដែត​លើ​ផ្ទៃ​ទឹកសមុទ្រ​ខុស​ប្រក្រតី និង​​មាន​ការ​កើន​ឡើង​សីតុណ្ហភាព​ខ្ពស់​ក្នុង​សមុទ្រ។ អត់​មាន​ពាក់​ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ខ្យង​ហូល​ទេ។ បច្ចុប្បន្ន​ទឹកសមុទ្រ​ មាន​សភាព​ល្អ​ដូច​ពី​មុន​អ៊ីចឹង"។

 

លោក​បាន​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ចិញ្ចឹម​ខ្យង​ហូល​ក្នុង​ភូមិ​ ឃុំ ស្រុក​ខាងលើ​មែន ប៉ុន្តែ​ការចិញ្ចឹម​នេះ​ មាន​ច្បាប់​អនុញ្ញាត​​ត្រឹមត្រូវ ហើយ​ក្រុម​អ្នក​ជំនាញ ក៏​បាន​សិក្សា និង​​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ច្បាស់​លាស់ មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ។

 

ជុំវិញ​បញ្ហា​នេះ ឯកឧត្ដម​ អភិបាលខេត្តកែប កែន សត្ថា បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ទទួល​ព័ត៌មាន​មិន​ច្បាស់លាស់ អាច​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍ ហើយ​លោក​សុំ​ឱ្យ​ប្រជាជន​តាម​ដាន សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​កែប​ឱ្យ​បាន​ល្អ ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ៕

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ