វិធី​ទិញ​ផ្ទះ​ឲ្យ​មាន​សេចក្ដី​សុខ តាម​ក្បួន​ហុងស៊ុយ

  • 2016-04-22 21:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ជ្រើស​រើស​ផ្ទះ​សម្រាប់​ស្នាក់​អាស្រ័យ មនុស្ស​មួយ​ចំនួន​តែង​ប្រកាន់​នូវ​ជំនឿ​ផ្សេង​ៗ ទាំង​តាម​ជំនឿ​បុរាណ​និង​ជំនឿ​តាម​ក្បួន​ហុងស៊ុយ។ ខាង​ក្រោម​នេះ ជា​ជំនឿ​អំពី​ហុង​ស៊ុយ​ក្នុង​ការ​ទិញ​ផ្ទះ​ដើម្បី​រស់​នៅ​បាន​ត្រជាក់ត្រជុំ មាន​សេចក្ដី​សុខ៖

 

១. ទ្រង់​ទ្រាយ គួរ​ជ្រើស​រើស​ផ្ទះ​ណា​ដែល​មាន​ទ្រង់​ទ្រាយ​សម​ស្រប​អាច​ជា​រាង​៤​ជ្រុង​ស្មើ ឬ​៤​ជ្រុង​ទ្រ​វែង។ ពុំ​គួរ​ទិញ​ផ្ទះ​ដែល​មាន​រូប​រាង​ប្លែក​ពេក​នោះ​ទេ ព្រោះ​អាច​នឹង​បាត់​មុំ ឬ​ជ្រុង​ណា​មួយ​នៃ​ផ្ទះ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខាត​លាភ​នៅ​ផ្នែក​ណា​មួយ។ ឧ៖ ផ្ទះ​ដែល​ផត ឬ​គ្មាន​មុំ​ឬ​ជ្រុង​ទិសខាងលិច ធ្វើ​ឲ្យ​គូ​ស្វាមី​ភរិយា​ពិបាក​មាន​បុត្រ​ជា​ដើម។

 

២. បរិវេណ ការ​រចនា​ម៉ូត អ្នក​គួរ​ពិនិត្យ​បរិវេណ​ផ្ទះ និង​ធ្វើការ​សង្កេត តើ​មាន​កន្លែង​ណា​មាន​លូ​ទឹក ខ្សែភ្លើង កន្លែង​កប់​ខ្មោច ឬ​ប៉ា​ឆា ឬ​អ្វី​ផ្សេង​ទៀត​ឬ​អត់? ព្រោះ​វត្ថុ​ទាំង​នោះ​អាច​នាំ​គ្រោះ​អាក្រក់​បាន។ មួយ​វិញ​ទៀត អ្នក​ត្រូវ​មើល​លើ​ជ្រុង ដំបូល​ផ្ទះ និង​ការ​រចនា​ម៉ូត។ មិន​គួរ​ឲ្យ​មាន​សសរភ្លើង​ស្ថិត​នៅ​ចំ​ពី​មុខ ឬ​បុក​ចំ​ទ្វា​ចូល​ផ្ទះ​នោះ​ឡើយ។

 

 

៣. ទ្វារ នៅ​ពេល​មើល​ពី​ទ្វារ​ផ្ទះ​ចូល​ទៅ​ក្នុង គួរ​ជា​ទី​ធ្លា​ទទួល​ភ្ញៀវ​ធំ​ទូលាយ ពុំ​មែន​តូច​ចង្អៀត ព្រោះ​អាច​រាំង​ស្ទះ​ភាព​ចម្រើន​រុង​រឿង​ចូល​ក្នុង​ផ្ទះ។ ម្យ៉ាង​ទៀត ទ្វារ​ចេញចូល​គួរ​មាន​ភាព​រឹងមាំ ដែល​គេ​ជឿ​ថា​នាំ​លាភ​សំណាង។ លើស​ពី​នេះ ទ្វារ​ធំ​ខាង​មុខ មិន​ត្រូវ​ឲ្យ​ទល់​មុខ​គ្នា​នឹង​ផ្ទះបាយ ឬ​ទ្វារ​ក្រោយ​ទេ​ ព្រោះ​លក្ខណៈ​នេះ អាច​ធ្វើ​ឲ្យ​មាន​ប្រាក់​ហូរចេញ​ពី​ក្រុម​គ្រួសារ និង​មិន​អាច​រក្សា​ភាព​គង់វង្ស​បាន។ លោក​អ្នក​ក៏​មិន​គួរ​ព្យួរ​កញ្ចក់​នៅមុខ​ទ្វារ​ចេញចូល​ផង​ដែរ ព្រោះ​ជា​ការ​បណ្ដេញ​ភ្ញៀវ​ដែល​ធ្វើ​ឲ្យ​គ្មាន​ញាតិ​មិត្ត បង​ប្អូន​នោះ​ឡើយ។

 

៤. ផ្ទះ​បាយ កុំ​ទិញ​ផ្ទះ​ដែល​មាន​ផ្ទះបាយ​ស្ថិត​នៅ​ទិស​លិច​ឆៀង​ខាង​ជើង​នៃ​ផ្ទះ ព្រោះ​អាច​នឹង​ផ្ដល់​ផល​អាក្រក់​ដល់​អ្នក​ជា​ឪពុក រួម​ទាំង​ការ​អសមត្ថភាព​ធ្វើ​ជា​ឪពុក​ផង​ដែរ។ ក្នុង​ករណី​ដែល​អ្នក​ជ្រុល​ទិញ​ផ្ទះ​មាន​លក្ខណៈ​បែប​នេះ​ហើយ ត្រូវ​ប្រាកដ​ថា​ចង្ក្រាន​បាយ​មិន​ស្ថិត​នៅ​ទិស​ពាយ័ព្យ​នៃ​ផ្ទះ​បាយ​ឡើយ។ យក​ល្អ​គួរ​ផ្លាស់​ប្តូរ​ទីតាំង​ផ្ទះ​បាយ​ទាំង​មូល​តែ​ម្តង ទើប​ជា​ការ​ប្រសើរ។

 

៥. បន្ទប់​គេង កុំ​ដាក់​ក្បាល​ដំណេក​ជាប់​នឹង​ជញ្ជាំង​បន្ទប់ទឹក ព្រោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ជីវិត​អាពាហ៍ពិពាហ៍​​ឬ​សម្ព័ន្ធ​​ផ្សេង​ៗ​នា​អនាគត។ អ្នក​គួរ​ពិនិត្យមើល​ពិតាន គ្រប់​ជ្រុង​ផង​ដែរ ដើម្បី​ឲ្យ​ប្រាកដ​ថា អ្នក​មិន​បាន​គេង​ក្រោម​ធ្នឹម ទុយយោ​ទឹក នៃ​បន្ទប់ទឹក​ឬ​បង្គន់​នោះ​ទេ។

 

 

 

អត្ថបទ៖ លីម សុនា ប្រភព៖ តម្រា​ហុងស៊ុយ​ទិញ​ផ្ទះ