ប្រាក់១៥៦លានដុល្លារសម្រាប់កសាងពហុកីឡដ្ឋានត្រៀមស៊ីហ្គេម២០២៣
- 2016-04-23 17:03:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់១៥៦លានដុល្លារសម្រាប់កសាងពហុកីឡដ្ឋានត្រៀមស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
កម្ពុជាគ្រោងចំណាយប្រាក់ចំនួន ១៥៦លានដុល្លារអាមេរិក សម្រាប់កសាងពហុកីឡដ្ឋានមរតកតេជោសែន (Main Stadium) ដែលបានសម្រេចកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តផែនការមេត្រៀម SEA GAMES សម្រាប់ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ថវិកាសម្រាប់ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោសែន ជាជំនួយហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលចិន ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៥៦លានដុល្លារអាមេរិក។ ពហុកីឡដ្ឋាននេះគ្រោងចាប់ផ្ដើម បើកការដ្ឋានសាងសង់ដើមឆ្នាំ២០១៧ និងបញ្ចប់ឲ្យបានរួចរាល់ទាំងស្រុងនាឆ្នាំ២០២០។
សម្ដេចតេជោនាយករដ្ឋមន្ត្រីជ្រើសរើសប្លង់ស្ថាបត្យកម្មរួចហើយ។ ចំណែកការកសាងពហុកីឡដ្ឋានមរតកតេជោដំណាក់កាលទី១ គឺអាងហែលទឹក កីឡាក្នុងសាល អគារស្នាក់នៅកីឡាករចំនួន ៣០០នាក់ និងតារាងបាល់ទាត់ខាងក្រៅ តារាងវាយកូនបាល់ តារាងបាល់ទះ និងផ្លូវលូមួយគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០១៦នេះ។ ដំណាក់កាលទី២ គឺ Main Stadium សម្រាប់រៀបចំការប្រកួតបាល់ទាត់ និងដំណាក់កាលទី៣ នឹងកសាងទីលានកីឡាមួយចំនួនទៀត៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា