ខេម ខាតប្រាក់ជាង៣ម៉ឺនដុល្លារ ពីការសម្ភាសន៍ធ្លាក់ពីរលើកនៅទូតអាមេរិក
- 2014-10-27 21:33:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេម ខាតប្រាក់ជាង៣ម៉ឺនដុល្លារ ពីការសម្ភាសន៍ធ្លាក់ពីរលើកនៅទូតអាមេរិក
ចន្លោះមិនឃើញ
ការយកពេលដើម្បីសម្ភាសនៅទូតអាមេរិក ពីរលើកដោយមិនទទួលលទ្ធផលអ្វីសោះ ធ្វើឱ្យ ខេម ខាតបង់ប្រាក់អស់ជាង ៣ម៉ឺនដុល្លារ។
តារាចម្រៀងកំពុងលេចធ្លោក្នុងផលិតកម្ម Town លោក ខេម និយាយថា៖"បងគិតទៅរយៈពេលខ្ញុំរង់ចាំសម្ភាសនៅទូតអាមេរិក២លើក ធ្លាក់ទាំងពីរ ខ្ញុំលុបចោល ការប្រគំតន្ត្រី (Concert) ២០ ទៅ៣០។ គិតត្រួសៗទៅក៏ដឹងដែរបើកម្មវិធីមួយ ១ពាន់ដុល្លារ ៣០កម្មវិធីល្មមដែរហ្នឹង"។
ដោយមិនរំពឹងពីការជាប់ទៅច្រៀងនៅប្រទេសមហាអំណាចខាងលើ ទើបតារាចម្រៀងសំឡេងស្អករូបនេះ បោះបង់ចោលការសម្ភាសន៍លើកទីបីចោល នៅពេលស្ថានទូតអញ្ជើញទៅសម្ភាសន៍ម្ដងទៀត។
ខេម ក្នុងកម្មវិធីសិល្បៈកាលពីពេលកន្លងទៅ
ការរំពឹងសម្ភាសន៍ជាប់ ឬធ្លាក់លើកទីបីមិនមែនជាហេតុផលចម្បងរបស់តារាចម្រៀង ប៉ុន សុណារិន ហៅ ខេម ឡើយ។ កត្តាធ្វើឱ្យលោកមិនចង់សម្ភាសន៍លើកទី៣ ក៏ព្រោះតែលោកចុះកុងត្រាច្រៀងឱ្យកម្មវិធីក្នុងស្រុកនានាពេញអស់ហើយ ចាប់ពីខែតុលានេះ។ ដូច្នេះហើយទើបស្ថានទូត អាមេរិកអញ្ជើញសម្ភាសន៍ម្ដងទៀតលោកបានបដិសេធ។
តារាចម្រៀងមានប្រភពមកពីខេត្តកំពុងឆ្នាំខាងលើ បន្តថាការសម្ភាសន៍ធ្លាក់ពីរលើកនៅទូត អាមេរិកកន្លងមក មិនមែនមកពីខ្លួនអសមត្ថភាពឡើយ គឺដោយសារតែស្ថានទូតមិនសូវជាទុកចិត្តតារាខ្មែរក្រោយសម្ដែងហើយមិនត្រឡប់មកស្រុកវិញ។ ប្រការនេះលោកអះអាងថាបានធ្វើឱ្យប៉ះពាល់ដល់សិល្បករ សិល្បនារិនីដទៃទៀត ជាពិសេសមុខមាត់សិល្បៈខ្មែរទាំងមូល។
“មិនមែនតែខ្ញុំឯណាបងធ្លាក់ តារាសម្ភាសន៍ជំនាន់ខ្ញុំជាង ១០នាក់ធ្លាក់ទាំងអស់។ មិនដឹងជាយ៉ាងម៉េចគេមិនសូវទុកចិត្តតារាយើង ...អារឿងទៅហើយមិនវិលមកវិញហ្នឹង"។ ខេម បន្ថែម។
តារាចម្រៀងឈានមុនរបស់ Town ខេម មិនធ្លាប់ទៅសម្ដែងនៅអាមេរិកទេនាពេលកន្លងមក។ មុននឹងមានភាពល្បីឈ្មោះដល់ពេលបច្ចុប្បន្នលោកធ្លាប់ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងក្នុងអាជីពជាអ្នកចម្រៀង។ ខេម បាននិយាយថា៖"ខ្ញុំមិនភ្លេចទេជីវិតក្រោយជាប់កម្មវិធី Boy Band របស់ CTN គឺញ៉ាំបាយមួយពេល ៣ពាន់រៀល គ្នា៤នាក់ ជាពិសេសក្រោមដំណក់ទឹកភ្លៀង"៕
អានអត្ថបទបន្ត៖កុមារខ្មែរពីររូបសម្ដែងលើឆាកអន្តរជាតិផ្អើលបរទេស
អានអត្ថបទបន្ត៖ សាន់ដេថា ចំណូលពី “សង្សារខ្មោច” អាចមានផលប៉ះពាល់ខ្លះៗ
អត្ថបទ៖ អ៊ីង សុឡា