Peypey Dy តែង​ខ្លួន​​ស្រី និង​កម្មវិធី​កម្សាន្ត​ច្រើន​ទៀត មាន​នៅ AEON Mall រសៀល​នេះ

  • 2016-05-04 16:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ម៉ោង៣.៣០នាទី​រសៀល​​នេះ ​នៅជាន់​ផ្ទាល់​ដី​នៃ ផ្សារ​ទំនើប​អ៊ីអន និង​មាន​ការ​​​ចាក់​បញ្ចាំង Premiere រឿង “ប៉ុបពីទៅហូលីវូដ” នៅរោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall ដោយ​នៅ​ក្នុង​កម្មវិធី​នេះ Peypey Dy រួម​ជា​មួយ​តារា៣ នាក់​ផ្សេង​ទៀត និង តុបតែង​ខ្លួន​ជា​ស្រី ដើម្បី​ចូល​រួម​​បើ​សម្ពោធ​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ សម្ពោធ​នេះ។

 

 

 

តារា​៣នាក់​ផ្សេង​ទៀត ដែល​ចូល​រួម​តែង​ខ្លួន​ជា​ស្រី​មាន Nita Mimi និង Poppy ដោយ​​ពួក​គេ​​ជា​តារា​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​ខាង​លើ​តែ​​ម្ដង។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​​រៀបចំ​កម្មវិធី ភ្ញៀវ​ដែល​ត្រូវ​បាន​​អញ្ជើញ​មាន​ប្រហែល​ជាង៣០០នាក់ ដែល​ភាគ​ច្រើន​ត្រូវ​បាន​អញ្ជើញ​តាម​រយៈ​អ្នក​ឧបត្ថម្ភ​ការ​ផលិត​ខ្សែភាពយន្ត​នេះ និង​តាម​រយៈ​តារា​សម្ដែង។ ទន្ទឹម​គ្នា​នោះ​ដែរ ទស្សនិកជន ​ក៏​អាច​មក​ទស្សនា​ពិធី​បើក​សម្ពោធ​នេះ​ដោយ​សេរី​ផង​ដែរ។

 

កម្មវិធី នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៣​រសៀល​ត​ទៅ ដោយ​មាន​ការ​សម្ដែង​ និង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន ដែល​ចូល​រួម​ដោយ​សិល្បករ និង​ភ្ញៀវ​កិត្តិយស។ លុះដល់​ម៉ោង ៧យប់ ភាពយន្ត "ប៉ុបពី​ទៅ​ហូលីវូដ" នឹង​ត្រូវ​ចាក់​បញ្ចាំង​​ជូន​ទស្សនា។

 

រឿង​ "ប៉ុបពីទៅ​ហូលីវូដ" ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​ត្រូវ​បាន​សង្គម​រើសអើង លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។ ​ចុង​បញ្ចប់​នៃ​សាច់​រឿង​នេះ ប្រកប​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​ឲ្យ​សង្គម​បាន​ទទួលស្គាល់ ​និង​រាប់​រក​ក្រុម​មនុស្សភេទទី៣ តាម​រយៈ​ការ​តស៊ូ​អត់​ធ្មត់​របស់​ពួក​គេ ។

 

 

ផ្នែក​សំខាន់​នៃ​សាច់​រឿង​ «ប៉ុបពីទៅ​ហូលីវូដ»​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​ សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។

 

តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។ រសៀល​នេះ បទ “ចាស់​ជូរអែម” របស់​​រាជនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ “រៀប​ការ​នឹង​បង​បាន​ទេ” មេឡូឌី​ថ្មី ក៏​ត្រូវ​យក​មក​ច្រៀង ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ផង​ដែរ។

 

រឿង “ប៉ុបពីទៅ​ហូលីវូដ” ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

 

 

បន្ទាប់​ពី​បើក​សម្ពោធ​នៅ​រសៀល​នេះ រឿង “ប៉ុបពីទៅ​ហូលីវូដ”  នឹង​​បើក​ឲ្យ​​ទស្សនិកជន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី៥ ខែ ឧសភា នេះ​​តទៅ នៅ​​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង ប្រទេស​កម្ពុជា ​ឡាវ និង​ឥណ្ឌូណេស៊ី ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។

 

បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ផង​ដែរ។ ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺ​មាន​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT៕

 

 

អត្ថបទ៖ ខុត សីហា