តំណាង​អង្គការ UNESCO៖ រៀងរាល់​ ៥​ថ្ងៃ អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​សម្លាប់

  • 2016-05-04 19:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា លោកស្រី Anne Lemaistre បាន​ថ្លែង​​ថា ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ មក​ដល់ត្រឹម​ថ្ងៃ ០៣ ខែឧសភា អ្នកសារព័ត៌មាន​នៅ​លើ​ពិភពលោកចំនួន​​ ៨២នាក់​ត្រូវ​បាន​សម្លាប់ ដែល​ ស៊ីរី ម៉ិកស៊ីកូ និង​អាមេរិក​ខាងត្បូង ជា​​កន្លែងដ៏​​គ្រោះថ្នាក់ជាងគេ​​បំផុត។

 

លោកស្រី Anne Lemaistre ថ្លែង​យ៉ាង​ដូច្នេះ៖ "អនុញ្ញាត​ឱ្យ​ខ្ញុំ​រំលឹក​ដែរ​ថា រៀងរាល់ ៥ថ្ងៃ អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​សម្លាប់"។ លោកស្រីបានបញ្ជាក់​​ឱ្យ​ដឹងថា ក្នុង​ប្រទេស​នានា អ្នកសារព័ត៌មាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា ការ​ចាប់​ខ្លួន ការ​ដាក់ទោស ការ​គំរាមកំហែង និង​រង​អំពើ​ហិង្សា។

 

 លោកស្រី Anne Lemaistre

 

បើ​ងាក​មក​មើល​​កម្ពុជាវិញ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយនេះ មិន​ទាន់​មានបុគ្គលិក​ស្ថាប័ន​ព័ត៌មានណាមួយ​ ត្រូវ​បាន​គេ​សម្លាប់​ និង​បង្ក​ឱ្យ​មាន​របួស​ស្នាម​នោះ​ទេ។ នេះ​តាម​សម្ដី​បស់​លោក ឆាយ សុផល សមាជិក​គណៈនាយក​ក្លឹប​អ្នកកាសែតកម្ពុជា។

 

"ចាប់​តាំង​ពី ខែឧសភា ឆ្នាំ ២០១៥ មក​ដល់​ (ខែឧសភា) ២០១៦ មាន​​បណ្ដឹង​ ៤ករណី។ បណ្ដឹង​នេះ​ទាក់ទិន​នឹង​បរិហារកេរ្តិ៍ ប៉ុន្តែ​បណ្ដឹង​នេះ​មិន​ទាន់​ដោះស្រាយ​ទេ អ្នក​កាសែត​របស់​យើង​នៅ​ក្រៅ​ឃុំ។ ករណី​ចាប់​ខ្លួន និង​ឃាត់​ខ្លួន​មាន​ ១៩ នាក់ ហើយ​ភាគច្រើន​ទាក់ទិន​តែ​រឿង​ជំរិត​ទារ​ប្រាក់​គេ។ ​មួយ​ទៀត​គឺ​ការ​គំរាម​កំហែង​បែប​ផ្លូវកាយ និង​បោក​សម្ភារៈ មាន ២០ ករណី តែ​មិន​មាន​របាយការណ៍ ទាក់ទង​នឹង​របួស​ និង​សម្លាប់​នោះ​ទេ។ ១៩នាក់​ហ្នឹង​ ចាប់​បាន​ ១ថ្ងៃ​អ៊ីចឹង គឺ​ដោះ​លែង​ទៅ​វិញ"។ លោក ឆាយ សុផល បញ្ជាក់។

 

ថ្លែង​ស្ដីពី​ការ​បង្កើត​ច្បាប់​ ការពារ​អ្នកសារព័ត៌មាន ក្នុង​ទិវា​សេរីភាព​សារព័ត៌មានពិភពលោក ​២០១៦ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ម្សិលមិញ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​​ថ្លែងឱ្យ​ដឹង​ដែរ​​ថា ដើម្បី​ការពារ​អ្នកសារព័ត៌មាន​​បាន លុះត្រា​អ្នកសារព័ត៌មាន ​ត្រូវ​មាន​ក្រមសីលធម៌​ល្អ ដើម្បីអភិវឌ្ឍន៏​​កម្ពុជា​ឱ្យ​រីកចម្រើន។

 

ឯកឧត្ដម ខៀវ កាញារីទ្ធ ថ្លែង​ថា៖ "...កន្លង​មកយើង​បាន​​ប្រជុំ​ម្ដង​ហើយ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក៏​មាន​និយាយ​អំពី​ តើ​មាន​ច្បាប់​អី​ការពារ​អ្នកការសែត​ទេ? ខ្ញុំ​បាន​ប្រាប់​ហើយ​ថា អ្នកកាសែតក៏​ដូចជា​ជនទូទៅ​ដែរ​ គឺសុទ្ធ​តែ​​មាន​ច្បាប់​ការពារ។ មិនមែន​អ្នកកាសែត​ មាន​លក្ខខណ្ឌ​ដោយឡែក​ទេ គឺ​ជា​ច្បាប់​ដែលយើង​​ត្រូវ​ការពារ​ពលរដ្ឋ។ ប៉ុន្តែ​សំខាន់​ដែរ ក៏​សុំ​​អ្នកកាសែត​របស់​យើង​ គឺ​ត្រូវ​មាន​ក្រមសីលធម៌មួយ​ដ៏​​រឹងមាំ ព្រោះ​យើង​មិនអាចថា ​អ្នកកាសែត​មានរឿង​ហើយ គឺ​អ្នក​កាន់​ជើង​អ្នកកាសែត​គ្នា​យើង​ទេ គឺ​អត់​​ត្រូវទេ យើង​ត្រូវ​កាន់​ថា​ អ្នកនេះ​ខុស ​អ្នកនេះ​ត្រូវ។ អ៊ីចឹង​បាន​យើង​ឱ្យ​តម្លៃ​អ្នកសារព័ត៌មាន​យើង។ នេះ​ជា​រឿង​សំខាន់​ណាស់! ដើម្បី​ការពារបាន​ យើង​ត្រូវ​មាន​ក្រមសីលធម៌​ខ្លាំង ហើយ​ទទួល​យក​បាន​ទាំងអស់​គ្នា..."៕

 

អាន៖ សេរីភាព​​សារព័ត៌មាន​​កម្ពុជា ​ជាប់​​លេខ​១ ក្នុង​ចំណោម​​ប្រទេស​​អាស៊ាន​​ទាំង​​១០

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី