សំរាមនឹងកើនដល់ជិត ២០០០ តោន នៅរាជធានីភ្នំពេញក្នុងឱកាសបុណ្យអុំទូក
- 2014-10-27 23:27:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំរាមនឹងកើនដល់ជិត ២០០០ តោន នៅរាជធានីភ្នំពេញក្នុងឱកាសបុណ្យអុំទូក
ចន្លោះមិនឃើញ
មានការប៉ាន់ប្រមាណថា សំរាម និងកាកសំណល់ផេ្សងៗ ក្នុងរាជធានីភ្នំពេញនឹងអាចកើនដល់ជិត ២០០០ ពាន់តោន ក្នុងពេលបីថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តិទៅនៅ ដើមខែក្រោយ ។ បរិមាណសំរាម ក្នុងថ្ងៃធម្មតាមានប្រមាណ ១៤០០ តោនប៉ុណ្ណោះ។
លោក ងួន ស៊ីផេង ប្រធានការិយាល័យសម្អាតក្រុង និងការដ្ឋាន នៃក្រុមហ៊ុនស៊ិនទ្រីបានប្រាប់ Sabay ថា សំរាមនឹងអាចកើនរហូតដល់ ១០០ តោន ទៅ ២០០ តោននៅថ្ងៃទី១ និងទី២។ ចំណែកថ្ងៃទី៣ នឹងអាចកើនដល់ ៣០០ តោនលើបរិមាណថ្ងៃធម្មតាចំនួន១៤០០ តោន។ ដូច្នេះបរិមាណនេះនឹងអាចកើនឡើង រហូតដល់ជិត ២០០០តោន។ លោកថា ក្រុមហ៊ុនស៊ិនទ្រី នឹងដាក់ពង្រាយកម្មករប្រមាណ ៥៣៤ នាក់ បោសសំអាត ក្នុងបរិវេណព្រះរាជពិធីបុណ្យ ដោយចែកចេញជាពីរវេន ឡានដឹកសំរាម ៥៧គ្រឿង និងកញ្ឆេដាក់សំរាមចំនួន ១០២០។ "ដូច្នេះ តាមបទពិសោធន៍របស់ខ្ញុំ សំរាម នឹងកើនដូចការប៉ាន់ប្រមាណខាងលើ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសូមអំពាវនាវដល់អ្នកលក់ដូរ និងបងប្អូនអ្នកដើរកំសាន្តទុកដាក់សំរាមឲ្យបានត្រឹមត្រូវផង។ ម្យ៉ាងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចក៏គួរហាមឃាត់រថយន្ត កុំឲ្យជិះចូល ក្នុងបរិវេណព្រះរាជពិធីបុណ្យអុំទូកឲ្យសោះ ព្រោះវាមានភាពលំបាក ក្នុងការបោសសំអាតសំរាម”។
យ៉ាងណាក៏ដោយសាលារាជធានីភ្នំពេញក៏បានដាក់ចេញវិធានការ រក្សាអនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាព នៅអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះដែរ។ នេះបើតាមគេហទំព័រសាលារាជធានីភ្នំពេញ។ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាជាលើកទី២ ស្តីពីការរៀបចំផែនការសំអាត និងដឹកជញ្ជូនសំរាម និងការរៀបចំតុបតែងលំអរសោភ័ណ្ឌភាព និងអនាម័យនៅពេលពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមួយតំណាងក្រុមហ៊ុនស៊ីនទ្រី និងមន្ត្រីអជ្ញារដែលពាក់ព័ន្ធ។
ជាញឹកញាប់នៅក្រោយចប់ ព្រះរាជពិធីបុណ្យអុំទូកម្តងៗ គេសង្កេតឃើញមានសំរាម និងកាកសំណល់ជាច្រើន ស្ថិតនៅរ៉ាយប៉ាយ នៅតាមសួនច្បារ និងដងផ្លូវសំខាន់ៗ ជាច្រើន ដែលករណីនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសរាជធានី ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា៕
អានអត្ថបទ៖មកពីគិតថាស្រណុក ទើបនិស្សិតសម្រុកចង់ធ្វើការនៅធនាគារ?ចុចត្រង់នេះ
អត្ថបទ៖មៃ សុខលីម