អ៊ុន សិទ្ធា និយាយក្បោះក្បាយពីរឿងគ្រោះថ្នាក់ចរាចរណ៍យប់ម្សិលមិញ
- 2014-10-28 15:42:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន សិទ្ធា និយាយក្បោះក្បាយពីរឿងគ្រោះថ្នាក់ចរាចរណ៍យប់ម្សិលមិញ
ចន្លោះមិនឃើញ
តួឯករឿង "វិញ្ញាណលោកម្ចាស់គ្រញូង" លោក អ៊ុន សិទ្ធា បានប្រាប់ថា លោកខ្លួនឯងស្រឡាំងកាំង ពេលត្រូវសារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា លោកជាបុគ្គលម្នាក់ស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តធ្ងន់ធ្ងរ ដែលកើតឡើងកាលពីយប់ម្សិលមិញ។
“ខ្ញុំឃើញព័ត៌មាន ខ្ញុំភាំងដែរថា អ្ហាកមិត្តភ័ក្ដិខ្ញុំគាត់អ្នកបុក អ្នកមានរឿងអីណោះ ម៉េចមកចុះផ្សាយដាក់ឈ្មោះខ្ញុំទៅវិញ ខ្ញុំអត់បាននៅក្នុងហេតុការណ៍ទេ វាកើតយ៉ាងម៉េចអីយ៉ាងម៉េច ខ្ញុំអត់ដឹងផង។គ្រាន់តែរឿងហ្នឹង មិត្តភ័ក្ដិផង ប៉ាម៉ាក់ បងប្អូនពូមីងខ្ញុំនៅឯស្រុកផងទូរសព្ទមកសួរ ខ្ញុំប្រាប់ថាអត់អីទេ គ្រាន់តែជាការយល់ច្រឡំ ប៉ុន្តែមួយថ្ងៃហ្នឹងទូរសព្ទខ្ញុំបញ្ចូលថ្មអស់បីដង បើខ្ញុំមិនបិទទូរសព្ទទេ ខ្ញុំមិនបាច់ធ្វើការអីកើតទេ ចាំតែលើកទូរសព្ទហ្នឹង"។
ប្រាប់ Sabay នៅក្នុងពិធីសម្ពោធរឿង "កំណប់បះសក់" យប់មិញ លោក សិទ្ធា បញ្ជាក់បន្ថែមថា លោកបានវត្តមាននៅកន្លែងកើតហេតុ បន្ទាប់ពីហេតុការណ៍បានកើតឡើងរួចទៅហើយទេ អ្នកដែលជួបគ្រោះនោះតែម្ដង គឺជាមិត្តភ័ក្ដិលោក ហើយឡាន ក៏ជាឡានរបស់មិត្តភ័ក្ដិដែរ ឯលោកគ្រាន់តែមកដើម្បីជួយមិត្តភ័ក្ដិប៉ុណ្ណោះ។
"ក្រោយពេលគេជួបគ្រោះថ្នាក់ហើយ មិត្តភ័ក្ដិខ្ញុំគេស្លុតផងអីផង ក៏ទូរសព្ទហៅខ្ញុំ ហើយខ្ញុំក៏រត់ទៅជួយ ព្រោះនៅឆ្ងាយពីគ្នាមិនដល់ ១០០ម៉ែត្រផង ខ្ញុំនៅពិធីខួបកំណើតមិត្តភ័ក្ដិនៅក្លឹប C2 ជិតគ្នាហ្នឹង...ធម្មតាទេ ខ្ញុំគិតថាជួយមនុស្សសំខាន់ជាងកេរ្តិ៍ឈ្មោះខ្ញុំ។ អីចឹងគាត់ឃើញខ្ញុំ ស្គាល់ខ្ញុំ ទំនងគិតថា ខ្ញុំជាអ្នកនៅក្នុងហេតុការណ៍ហ្នឹង ផ្សំខ្ញុំរបួសដៃដោយសារលូកដៃទៅយកឯកសារ ប៉ះកញ្ចក់ធ្វើឲ្យមុតផង ទើបនាំឲ្យមានការភ័ន្តច្រឡំ!"។
ពាក់ព័ន្ធនឹងហេតុការណ៍ តារាសម្ដែងអតីតជាវិចិត្រករលោករូបនេះ រៀបរាប់ថា ពីដំបូងទាំងលោក និងមិត្តភ័ក្ដិ គឺនៅក្នុងកម្មវិធីខួបកំណើតមិត្តភ័ក្ដិម្នាក់ទៀតជាមួយគ្នា ធ្វើនៅក្លឹប C2។ ប៉ុន្តែបន្តិចក្រោយមកមិត្តភ័ក្ដិដែលជួបគ្រោះថ្នាក់បានចេញឡាន បម្រុងទៅយកមិត្តភ័ក្ដិម្នាក់ទៀតដែលដល់ម៉ោងត្រូវចេញពីធ្វើការ ប៉ុន្តែចេញមកបានបន្តិចក៏ជួបគ្រោះថ្នាក់នោះ ដោយត្រូវរថយន្តម្ខាងទៀតបើកមកបុកតែម្ដង។
ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តម្ខាងទៀត បានរត់ចោលរថយន្តបាត់។ ចំណែកលោក អ៊ុន សិទ្ធា ដែលមកតាមការហៅរបស់មិត្តភ័ក្ដិ នៅដោះស្រាយអូសរថយន្តរហូតដល់កន្លែងប៉ូលិសទើបត្រឡប់ទៅផ្ទះ។ គិតត្រឹមយប់មិញនេះ តាមលោក អ៊ុន សិទ្ធា ប្រាប់ ភាគីទាំងពីរកំពុងចរចាគ្នាលើសំណង ដោយជំហានដំបូងនេះ ភាគីអ្នកបង្កបានចេញសំណងចំនួន២៥០ដុល្លារមកភាគីខាងមិត្តភ័ក្ដិលោក។
"ទើបនិយាយគ្នាទេ ដំណាក់កាលដំបូងគាត់ជួយ ២៥០ដុល្លារសិន ព្រោះដូចដឹងស្រាប់ហើយភ្លាមៗអីចឹងគាត់ទៅរកលុយឯណាមកសងបាន អីចឹងអត់ទាន់ចប់ទេ នៅនិយាយគ្នាច្រើនទៀត"៕
អត្ថបទផ្សេងៗស្ដីពីសកម្មភាពតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទផ្សេងៗជុំវិញតារាជាតិ មាននៅទីនេះ…!!!
អត្ថបទ៖ ទារិកា