“កំណប់បះសក់" ដាក់សម្ពោធ មិនញញើតភាពយន្តថៃ
- 2014-10-28 17:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“កំណប់បះសក់" ដាក់សម្ពោធ មិនញញើតភាពយន្តថៃ
ចន្លោះមិនឃើញ
អ្នកដឹកនាំរឿង "កំណប់បះសក់" ភាពយន្តបែបកំប្លែង បានអះអាងថា បើទោះនេះជាស្នាដៃដំបូងរបស់ផលិតកម្ម X Seven ក៏ពិតមែន ប៉ុន្តែលោកហាក់មិនមានការព្រួយបារម្ភឡើយ ពីការមកដល់ជាថ្មីនៃភាពយន្តថៃ ដែលត្រូវបានបើកទ្វារឲ្យចរាចរណ៍ឡើងវិញកាលពីខែមុននេះ។
លោក សន ចាន់តារារិទ្ធ អ្នកដឹកនាំរឿង "កំណប់បះសក់" ថ្លែងក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងភាពយន្តរបស់ខ្លួនយប់មិញ ដោយចំពេលភាពយន្តថៃចាប់ដាក់បញ្ចាំងឡើងវិញលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ “ភាពយន្តថៃ គេល្អមែនហើយ ប៉ុន្តែសម្រាប់ខ្ញុំ មិនជាបញ្ហាឡើយ រឿងដែលត្រូវគិតគឺភាពយន្តក្នុងស្រុកយើងទៅវិញ។ ខ្ញុំក៏អត់មានព្រួយបារម្ភដែរជាមួយភាពយន្តក្នុងស្រុក គឺយើងគ្រាន់តែពង្រឹងគុណភាពទៅគឺបានហើយ"។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាក្រសួងព័ត៌មានដែលចូលរួមជាកិត្តិយសយប់មិញ ក៏ថ្លែងដែរថា យើងអាចខ្លាច ប៉ុន្តែមិនត្រូវខ្លាចដូចជាសត្វត្រដេវវិច ដែលដេកយកជើងទ្រមេឃនោះទេ ប៉ុន្តែត្រូវកែប្រែការភ័យខ្លាចនោះ ទៅជាគន្លឹះអភិវឌ្ឍន៍ខ្លួនដើម្បីគេចពីភាពភ័យខ្លាចនេះ នោះយើងនឹងរឹងមាំ។ "សូមឲ្យផលិតករ សិល្បករយើងបើកចិត្តទូលាយ និងត្រូវចេះស្វែងរកការបណ្ដុះបណ្ដាលនានាដើម្បីលើកកម្ពស់ខ្លួនឯង ខ្ញុំចង់សង្កត់ធ្ងន់ថា សូមកុំឲ្យភាពគ្រប់គ្រាន់និយម"។ ឯកឧត្តមបន្ថែម។
វិលមក លោក ប៉ាន់ ខែមប៊ុនថន ប្រធានផលិតកម្មវិធីនៅទូរទស្សន៍អប្សរាវិញ ថ្លែងដូចគ្នាថា នេះជាឱកាសដ៏ល្អសម្រាប់ ផលិតករ សិល្បករ កែប្រែសមត្ថភាពហើយ ដូច្នេះមិនត្រូវមានការព្រួយបារម្ភនោះឡើយ ព្រោះមានតែការប្រកួតប្រជែងប៉ុណ្ណោះដែលអាចឲ្យយើងដើរទៅមុខបាន។
ទន្ទឹមគ្នានេះ លោក ប៊ុនថន នៅបានស្នើសុំការគាំទ្រចំពោះភាពយន្តបែបកំប្លែង "កំណប់បះសក់" ដែលបានសម្ពោធដាក់បញ្ចាំងនៅយប់មិញនេះដែរ។ លោក ថា "កំណប់បះសក់" គឺជានេះជាស្នាដៃសុទ្ធសាធរបស់ខ្មែរ ដូច្នេះដើម្បីឈានដល់កម្រិតអាចប្រកួតប្រកួតជាមួយគេបាន គឺផ្ដើមចេញពីការគាំទ្ររបស់ទស្សនិកជនក្នុងស្រុក ផ្សំនឹងការផលិតប្រកបដោយគុណភាពផង។
លោក ប៉ាន់ ខែមប៊ុនថន ប្រធានផលិតកម្មវិធីនៅទូរទស្សន៍អប្សរា
ភាពយន្តបែបកំប្លែងរឿង “កំណប់បះសក់" គឺជាវណ្ណកម្មដំបូងរបស់ផលិតកម្ម X Seven ដែលបានចំណាយពេលផលិតរហូតរួចរាល់អស់ពេលជាច្រើនខែ។ លោក បុត្រ រំដួលរង្សី ជាតួឯកប្រុស ព្រមទាំងជាចាងហ្វាងផលិតកម្ម និងជាអ្នកដឹកនាំរឿងថ្លែងថា បើទោះជាផលិតកម្មរបស់លោកថ្មីថ្មោង ប៉ុន្តែអ្នកធ្វើការលើការផលិតសុទ្ធជាចាស់ទុំក្នុងវិស័យភាពយន្ត។ យ៉ាងណាក៏ដោយ លោកជឿថា នៅមានចន្លោះប្រហោងខ្លះ ដូច្នេះសុំការយោគយល់ និងគាំទ្រលើកទឹកចិត្តពីប្រិយមិត្ត។
លោក បុត្រ រំដួលរង្សី ចាងហ្វាងផលិតកម្ម X Seven ព្រមជាអ្នកដឹកនាំ និងជាតួឯកប្រុស
លោក រង្សី អះអាងថា បន្ទាប់ពី "កំណប់បះសក់" នេះ លោកគ្រោងនឹងផលិតរឿងថ្មីមួយទៀតក្នុងពេលឆាប់ៗ ដោយចំណាយទុនធំ។ បន្ទាប់ពីសម្ពោធយប់មិញ ភាពយន្តកំប្លែងសើចសប្បាយមួយនឹងដាក់បញ្ចាំងផ្លូវការនៅដើមខែវិច្ឆិកា២០១៤នេះ នៅរោងភាពយន្ត Major Cineplex By Cellcard, Platinum Cineplex និង Legend (សាខា City Mall, TK និងស្ទឹងមានជ័យ)៕លោក បុត្រ រំដួលរង្សី និងអ្នកមានគុណទាំងពីរ
លោក សន ចាន់តារារិទ្ធ
កញ្ញា សៀក សក្ដិរុណា តួឯកស្រី
កញ្ញា សៀក សក្ដិរុណា និងលោក ភីម៉ៃ
កញ្ញា សោភណ្ឌ លីនដា
កញ្ញា យ៉ា ដាវ
http://youtu.be/Jcr8PelFdaYអត្ថបទ៖ ទារិកា