ប៉ែន ចំរុង បានឡប់ៗម្ដងទៀតក្នុងរឿង "អាចារ្យ៣សាសន៍"!
- 2014-10-28 17:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ែន ចំរុង បានឡប់ៗម្ដងទៀតក្នុងរឿង "អាចារ្យ៣សាសន៍"!
ចន្លោះមិនឃើញ
សិល្បករកំពុងមានប្រជាប្រិយភាពផ្នែកសម្ដែង និង ពិធីករ ប៉ែន ចំរុង បាននិយាយថា ពេលនេះលោកបានក្លាយជាមនុស្សឡប់ៗម្ដងទៀតហើយ តាមរយៈរឿង "អាចារ្យ៣សាសន៍" របស់ផលិតកម្ម Rock ដែលបានសម្ពោធចាក់បញ្ចាំងនៅរោងភាពយន្តPlatinum Cineplex កាលពីយប់មិញនេះ។
ប៉ែន ចំរុង និយាយថា៖ “ហ្នឹងហើយ!...បានដើរតួឡប់ៗទៀតហើយខ្ញុំ ព្រោះដូចខានយូរដែរ មិនដឹងយ៉ាងណាយ៉ាងណីទេ តែសង្ឃឹមថា មានទស្សនិកជនគាំទ្រជាមិនខាន"។
តារារូបនេះ ធ្លាប់បានទទួលជោគជ័យលើការសម្ដែងជាតួបែបកំប្លែងឡប់ៗ ក្នុងរឿង"នាយឡប់ជំពប់ស្នេហ៍" របស់ផលិតករ ពាន់ ភូង បុប្ផា និងរឿងមួយចំនួនទៀត នាពេលកន្លងមក។ ដោយភាពប៉ិនប្រសព្វក្នុងការសម្ដែង ធ្វើឲ្យសិល្បករម្នាក់នេះ ទទួលបានពានរង្វាន់ជាតារាសម្ដែងឆ្នើមប្រចាំឆ្នាំ និងពានប្រជាប្រិយប្រចាំពីកម្មវិធី"អាណាចក្រតារា" ទៀតផង។ ទោះបីជាយ៉ាងណា ចំរុង បានចាត់ទុកថា ជាការចាប់ផ្ដើមថ្មី ក្នុងនាមជាតួសម្ដែងបែបឡប់ៗដូច្នេះ។
“ទោះបីជាយ៉ាងណា ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយក្នុងការសម្ដែង ព្រោះហាក់ដូចជាស្ទាត់ជំនាញសម្ដែងបែបឡប់ៗហ្នឹងទៅហើយដែរ"។ មានការកត់សម្គាល់ថា កាយវិការក្រមិចក្រមើមក្នុងនាមជាតួអាចារ្យក្មេងរបស់ ប៉ែន ចំរុង បានធ្វើឲ្យទស្សនិកជនមិនអាចទប់សំណើចបានតាំងពីដើមរហូតដល់ចប់។
ប្រការនេះធ្វើឲ្យ លោក លី ម៉េង ជំនួយការនាយកផលិតកម្ម Rock បានបង្ហាញសុទិដ្ឋិនិយមថា ភាពយន្តថ្មីនេះ អាចច្បាមបានអ្នកគាំទ្រមិនខាន។ លោកបន្តថា ទោះបីជា Rockមានការផលិត សម្ពោធបញ្ចាំងជាញឹកញាប់យ៉ាងណាក្ដី ប៉ុន្តែលោកបានគិតគូរពីគុណភាពជាចម្បង ជាក់ស្ដែងរឿង" អាចារ្យ៣សាសន៍" ជាដើម។
ជាមួយគ្នានោះ លោកបានបន្តឲ្យដឹងថា ផលិតកម្មកំពុងមានគម្រោងបោះទុនធំក្នុងចំនួនទឹកប្រាក់ជាច្រើន ដើម្បីផលិតរឿងស្តង់ដារអន្តរជាតិមួយ សម្រាប់ចាក់បញ្ចាំងក្នុងស្រុក និងនាំទៅកាន់ប្រទេសនានា។ ចំពោះរឿង "អាចារ្យ៣សាសន៍" នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃ៤ ខែវិច្ឆិកា ២០១៤ តទៅនៅរោងភាពយន្ត Platinum Cineplex ផ្សារទំនើបសុរិយាជាន់ទី៥ និង Major Cineplex by Cellcard ផ្សារទំនើបAEON។
ក្រៅពីនេះរឿង"អាចារ្យ៣សាសន៍" ក៏នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Legend ទាំង៣សាខា និងរោងភាពយន្តបារាយណ៍អណ្ដែត ខេត្តសៀមរាបផងដែរ។
http://youtu.be/oEOCsjKRBUA
អានអត្ថបទ៖ អ៊ុន សិទ្ធា និយាយក្បោះក្បាយពីគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
អានអត្ថបទ៖ នេះនែ!...សំលៀកបំពាក់ច្នៃពីការ៉ុង ថង់ប្លាស្ទិច និងក្រចៅរបស់កូនចៅខ្មែរ
អត្ថបទ៖ សំ ជំនាញ