គេ​គ្មាន​សង្សារ តែ​មិនព្រម​​ស្រលាញ់​អ្នក គួរ​​តាម​គេ​ទៀត​​អត់?

  • 2016-05-18 16:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ មនុស្ស​ភាគច្រើន​​ តែង​មាន​បទពិសោធន៍​ស្នេហា ហើយ​អ្នក​ខ្លះ​ក៏​ធ្លាប់​​ខកចិត្ត ព្រោះ​តែ​​ពួកគេ​ទទួល​បាន​ចម្លើយ «No»។ ចំពោះ​យុវវ័យ​ខ្លះ បើ​ទោះ​បាន​ចម្លើយ​អវិជ្ជមាន​ក្ដី ក៏​ពួកគេនៅ​​តែ​តាមស្រលាញ់​ ដោយ​​ប្រើ​ទស្សនៈ​ថា "តាម​គេ​​ស្អិត គេ​គង់​តែ​បាក់​​ចិត្ត​ស្រលាញ់​ទេ"។ ចុះ​បើ​គេ​មិន​ស្រលាញ់​ តើ​គួរ​តាម​ចែចូវ​គេ​ទៀត​ទេ ឬ​ត្រូវ​សម្លាប់​ចិត្ត​​ស្រលាញ់​ចោល ទៅ​ស្វែង​រក​មនុស្ស​ដែល​ស្រលាញ់ខ្លួន​វិញ?

 

លោក ច័ន្ទមុនី អាជីវករ​មួយ​រូប បានបញ្ចេញ​ទស្សនៈ​​​ថា បើ​សិន​ជា​នារី​ម្នាក់​នោះ មិន​ទាន់​​មាន​គូ​កំណាន់​ចិត្តទេ អ្នក​គួរ​​តាម​ស្រលាញ់​ និង​ព្យាយាម​ធ្វើ​យ៉ាង​​ណា ឱ្យ​នារី​ម្នាក់​នោះ​យល់​ពី​ចិត្ត និង​ទង្វើ​របស់​អ្នក។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​ត្រូវ​​យល់​សិន​ថា នាង​មាន​ចរិត​ម៉េច? ជា​មនុស្ស​របៀប​ណា? ចូលចិត្ត​អ្វី?

 

លោក​ បញ្ជាក់​ថា៖ "ខ្ញុំ​មិន​ជឿ​ថា មិន​បាន​ផល​ទេ ប៉ុន្តែ​​បើខំ​ហើយអត់​បាន​ផល គួរ​បញ្ឈប់​វា​​ទៅ!”។

 

 

ចំណែក​កញ្ញា សុជាតិ គណនេយ្យករ​​​​ នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​លើក​ឡើង​ថា បើ​​គេ​នោះ​​មិន​ស្រលាញ់​អ្នក អ្នក​គួរ​បន្ត​ស្រលាញ់​គេ​ទៀត បើ​អ្នក​គិត​ថា បុរសឬ​នារី​នោះ ​ជា​មនុស្សតែ​​​ម្នាក់ ដែល​អាច​ឆក់​យក​បេះដូង​​អ្នក​បាន។ ប៉ុន្តែ​វា​​ជាស្នេហា​ឆ្កួត​បំផុត ដែល​ក្ដី​​​ស្រលាញ់​​​មាន​តែ​ម្ខាង ប្រៀប​បី​ដូចជា «ច្រៀង​ឱ្យ​ថ្ម​ស្ដាប់»។

 

បើ​រឿង​នេះ​មាន​លើ​សុជាតិ​វិញ សុជាតិ​ យល់​ថា នាង​នៅ​តែ​ស្រលាញ់ បើ​ទោះ​បុរស​ម្នាក់​នោះ បាន​រស់​នៅ​ជាមួយ​អ្នក​​ដែល​គេ​ស្រលាញ់។

 

"ខ្ញុំ​នៅតែ​ស្រលាញ់គេ ប៉ុន្តែមិន​បាន​ន័យ​ថា ឱ្យ​យើង​​ស្រលាញ់គេ និង​រង់ចាំគេ​ទេ។ យើង​សប្បាយ​ចិត្ត ពេល​​​យើង​ឃើញ​គេ មាន​ក្ដី​សុខ​ជាមួយ​មនុស្ស​គេ​ស្រលាញ់។ ប៉ុណ្ណឹង​ខ្ញុំ​អស់​ចិត្ត​ហើយ!"។

 

កញ្ញាបន្ថែម​ថា ស្នេហា​មិន​អាច​បង្ខំ​បាន​ទេ ​ព្រោះ​​មនុស្សម្នាក់ៗ មាន​សិទ្ធិ​ជ្រើសរើស ​អ្នក​ដែល​គេ​ស្រលាញ់។

 

ចំណែក​លោក សីហា បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​រៀបរាប់​ថា បើ​សិន​បុរស-នារី​ណា​ម្នាក់ មាន​សង្សារហើយ​នោះ អ្នក​គួរ​បញ្ឈប់​ការ​​ស្រលាញ់​​ទៅ ព្រោះ​បើ​ព្យាយាម​តាមទៀត គេ​អាច​នឹង​ស្អប់​ក៏​ថា​បាន។

 

តាម​ឬ​មិន​តាម វាអាស្រ័យ​លើបុគ្គល​ម្នាក់ៗ ប៉ុន្តែ​​សម្រាប់យុវជន សីហា វិញ​យល់​​ឃើញ​ថា បើ​​​ករណី​នេះ​កើត​លើរូប​​លោក លោកនឹង​​មិន​បោះបង់​ចិត្ត​ស្រលាញ់​ឡើយ​ ហើយ​នឹង​ព្យាយាម ​ធ្វើអ្វី​ល្អៗ​ជាមួយ​នាង និង​បើក​ចិត្ត​ឱ្យ​ទូលាយជានិច្ច។

 

មនុស្ស​មាន​អត្តចរិត​ផ្សេង​គ្នា តែ សីហា ថា ៖ "​ចំពោះ​ខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ល្អ​ជាមួយ​គេ បារម្ភ​ពីគេ​ តែ​មិន​បាច់​ប្រាប់​ថា​ ស្រលាញ់​គេ​ទេ។ បើ​ចិត្ត​ឱ្យ​ទូលាយ ថ្ងៃ​ណា​មួយ គេ​នឹង​យល់​ពី​យើង"។

 

ចុះ​អ្នក​វិញ​យល់​ម៉េច​ដែរ?

 

ចុចអាន៖ នាង​​សំណាង​ណាស់ ព្រោះមាន​​​​អ្នក​មាន​ចិត្ត​ស្មោះ ដណ្ដឹង​ធ្វើ​ប្រពន្ធ​​

ចុចអាន៖ ស្រីៗ​​​យល់​បែប​ណា​ដែរ ពេល​ឃើញ​មិត្ត​ប្រុស និង​ ស្វាមី​​ដាក់​​​​ស្រោម​តាម​ខ្លួន?

 

អត្ថបទ៖ អ៊ុំ សុភក្តិ