ត្រាច់ចរ​រុញ​រទេះ​មួយ​ថ្ងៃ ១៥​ម៉ោង ដើម្បី​ប្រាក់ ២​ម៉ឺន​រៀល

  • 2016-05-19 20:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង ១០​យប់ ជា​វេលា​សម​ល្មម​សម្រាប់​គ្រប់​គ្នា​ចូល​និន្ទ្រា​បិទ​ទ្វារ​ផ្ទះ​រៀងៗ​ខ្លួន ប៉ុន្តែ​បុរស​ចំណាស់​​ម្នាក់​នៅ​តែ​បន្ត​ត្រាច់​ច​ររុញ​រទេះ លក់​ការ៉េម​កី​ទាំង​វ័យ ៦៥​ឆ្នាំ។ មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ឡើយ ព្រោះ​ជា​ទម្លាប់​ទៅ​ហើយ ដែល​អ៊ំ​ប្រុស សាន់ សេង ត្រូវ​រុញ​រទេះ​បែប​នេះ​ក្នុង​មួយ​ថ្ងៃ​ប្រហែល​ ១៥​ម៉ោង ដើម្បី​ប្ដូរ​ប្រាក់​កម្រៃ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ។

 

 

លោក សាន់ សេង មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្គរទូង ឃុំភ្នំកុង ស្រុក​អង្គរជ័យ ខេត្ត​កំពត។ ដោយសារ​ជីវភាព​ក្រីក្រពិបាក​ត្រដរ​រស់​នៅ​ស្រុក​ស្រែ​ចម្ការ​តទៅ​ទៀត អ៊ំប្រុស សេង ក៏​សម្រេច​ចិត្ត​ត្រាច់ចរ​មក​ភ្នំពេញ​កាល​ពី ១០​ឆ្នាំ​មុន និង​បន្ត​របរ​លក់​ការ៉េម​ដែល​ជា​អាជីព​ប្រចាំ​ជីវិត​ជាង ២០​ឆ្នាំ​មក​ហើយ។

 

កំពុង​បន្លឺ​សំឡេង​កណ្ដឹង​លក់​ការ៉េម​តាម​ផ្លូវ នៅ​វេលា​ម៉ោង ១០​យប់ អ៊ំប្រុស សេង បាន​ងាក​មក​ប្រាប់ Sabay ថា៖ "មក​ពី​ក្រីក្រ​អូន... គ្មាន​អី​សោះ បាត​ដៃ​ទទេ គឺ​ឡើង​មក​លក់​តែ​ម្នាក់​ឯង ហើយ​មួយ​ថ្ងៃ​ផាត់​ហើយ​បាន​តែ ២​ម៉ឺន ២​ម៉ឺន​ជាង​អី​ហ្នឹង... ហ្នឹង​បើ​អស់ បើ​សល់​អត់​ចំណេញ​ទេ ជំពាក់​ថៅកែ"។

 

និយាយ​ពី​របរ​ដ៏​យ៉ាប់​យឺន​នេះ អ៊ំប្រុស សេង បាន​រៀបរាប់​ទាំង​ទឹក​មុខ​ស្រពាប់​ស្រពោន​ថា ការ៉េម​ព្រឹក​ឡើង​ត្រូវ​យក​ពី​ថៅកែ ចេញ​ទៅ​លក់​នៅ​តាម​មាត់​ទន្លេ​ម្ដុំ​អរិយក្សត្រ​តាំង​ពី​ព្រលឹម​ម៉ោង ៧​ព្រឹក រួច​រុញ​រទេះ​ដើរ​លក់​ហូរហែ​រហូត​ម៉ោង​ប្រហែល ១០យប់ ទើប​ត្រលប់​ទៅ​កន្លែង​ដើម​វិញ​នៅ​ម្ដុំ​សំណង់​១២។ ពេល​យប់ អ៊ំប្រុស​ស្នាក់​នៅ​ជាមួយ​អ្នក​លក់​ការ៉េម​ផ្សេង​ទៀត ដែល​ជា​កន្លែង​ផ្ដល់​ដោយ​ថៅកែ។ ​

 

 

តាម​ពិត លោក សាន់ សេង ក៏​មាន​ប្រពន្ធ ថែម​ទាំង​មាន​កូន​ប្រុស​ពេញ​កម្លាំង ២​នាក់​ទៀត ប៉ុន្តែ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ព្រោះ​សុទ្ធតែ​ធ្វើការ​មួយ​ថ្ងៃ​ដើម្បី​មួយ​ថ្ងៃ​ដូច​គ្នា។ កូន​ប្រុស​ច្បង អាយុ ២០​ឆ្នាំ បាន​រៀន​ចប់​បាក់ឌុប មក​ធ្វើការ​នៅ​ភ្នំពេញ តែ​អភ័ព្វ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាក់​ជើង ទៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ជា​មួយ​ម្ដាយ​វិញ។ ចំណែក​កូន​ប្រុស​ទី២ អាយុ ១៨​ឆ្នាំ កំពុង​ធ្វើការ​សំណង់​នៅ​ស្រុក​កំណើត​​បាន​ត្រឹម​មួយ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ៕

 

 

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម