​វិសាខ​បូ​ជា​ មាន​ឥទ្ធិពល​ធំ​ជាង​ហែ​អ្នក​តា​ចិន​ និង​បុណ្យ​នា​នា​នៅ​កម្ពុជា

  • 2016-05-19 18:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ធម្មការ​និង​សាសនា អះ​អាង​ថា វិសាខបូជា ជា​បុណ្យ​សាសនា​ធំ​មួយ​ដែល​សាសនា​ដទៃ​​នៅ​កម្ពុជា​ពុំ​មាន​ឥទ្ធិពលស្មើ​នោះ​ឡើយ។

 

​មាន​ការ​ហូរ​ចូល​សាសនា​ជា​ច្រើន​មក​កម្ពុជា ​ ហើយ​កន្លង​មក​គេ​ឃើញ​បុណ្យ​គ្រឹស្តសាសនាបាន​គ្រប​ដណ្ដប់​ចិត្ត​គំនិត​យុវវ័យ និង​ពិធី​ហែ​អ្នកតា​ចិន​មាន​ក្បួន​ដង្ហែ​ព្រោង​ព្រាត​ស្ទើរ​ស្ទះ​ផ្លូវ​គ្រប់​កន្លែង​។ ទោះ​យ៉ាង​ណា ​លោក សេង សុ​មុ​នី អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ធម្មការ​និង​សាសនា ចាត់​ទុក​ថា បុណ្យ​វិសាខ​បូជា​មាន​ឥទ្ធិពល​ធំ​ជាង។

 

 

លោក ថា៖ "នេះ​គ្រាន់​ជា​មើល​ឃើញ​មួយ​ជ្រុង​តូច។ ជាក់​ស្ដែង​វិសាខ​បូជា​មាន​ឥទ្ធិពល​ធំ​ជាង​បុណ្យ​ទាំង​នោះ" ។ បុណ្យ​ហែ​អ្នក​តា​ឬ​គ្រឹស្តសាសនាធ្វើ​ឡើង​តែ​ក្នុង​រាជ​ធា​នី​ភ្នំពេញ​ឬ​តំបន់​ណា​មួយ​ប៉ុណ្ណោះ​។ ចំណែក​វិសាខ​បូជា​ប្រារព្ធ​ឡើង​ទូទាំង​ប្រទេស​គ្រប់​វត្តអារាម ព្រម​ទាំង​មាន​ថ្នាក់​ដឹក​នាំ​ជាតិ​ចូល​រួម​ទៀត​ផង។

 

លើស​ពី​នេះ ប្រការ​សំខាន់​មួយ​ទៀត​គឺ​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​វិសាខបូជា​ ជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ​ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំង​ឡាយ​របស់​អង្គការ​ សហប្រជាជាតិ​នៅ​លើ​​ពិភពលោក។ ​​

 

លោក​បាន​ច្រាន​ចោល​ដែល​ថា​ព្រះពុទ្ធសាសនា​បាន​ធ្លាក់​ចុះ ហើយ​បុណ្យ​ទាក់​ទង​នឹង​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​រដ្ឋ​ហាក់​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន។

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

វិសាខបូជា​ឬ​ពិសាខបូជា ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា​មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា។ បុណ្យ​នេះ​តែង​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ ១៥​កើត ខែ​ពិសាខ ។

 

សម្រាប់​ស្អែក​នេះ លោក សុ​មុ​នី ប្រាប់​ថា​នឹង​មាន​ការ​ដង្ហែ​ព្រះ​សិរីរិកធាតុ​ពី​រាជធានី​ភ្នំពេញ​ទៅ​ភ្នំ​ឧដុង្គ​ រួម​ទាំង​មាន​ពិធី​រាប់​បាត្រ​ដោយ​ចូលរួម​ពី​ពុទ្ធសាសនិកជន​ជា​ច្រើន៕

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី