ជំនឿបានប្រពន្ធ ក្រមុំ-មេម៉ាយ តាមសម្រែកយំតុកកែ
- 2016-05-19 22:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿបានប្រពន្ធ ក្រមុំ-មេម៉ាយ តាមសម្រែកយំតុកកែ
ចន្លោះមិនឃើញ
តុកកែ! ម៉ាយ... តុកកែ! មុំ...នេះពាក្យដែលមនុស្សប្រើសម្រាប់បន្ទរពីក្រោយ ពេលតុកកែយំ។ ចាស់ៗប្រាប់ថា បើតុកកែឈប់យំត្រឹមពាក្យ «ម៉ាយ» អ្នកនោះនឹងបានប្រពន្ធ មេម៉ាយ តែបើបាន «មុំ» អ្នកនោះនឹងបានប្រពន្ធ ក្រមុំ។ តោះ! ទៅស្ដាប់ទស្សនៈរបស់យុវវ័យ។ តើពួកគេយល់យ៉ាងណា?
មិនប្រកែកព្រោះខ្លួនធ្លាប់បន្ទរ លោក សុខ វ៉េងហាក់ ប្រាប់ថា លោកក៏មានអារម្មណ៍ភ័យណាស់ដែរ ពេលបន្ទរទៅស្រាប់តែតុកកែ ឈប់យំចំពាក្យ ម៉ាយ ប៉ុន្តែបើយ៉ាងនេះក្ដី យុវជនមានស្រុកកំណើតនៅភ្នំពេញរូបនេះ មិនជឿថា បានប្រពន្ធក្រមុំ ឬមេម៉ាយ តាមសម្រែកតុកកែនេះឡើយ។
វ៉េងហាក់ បញ្ជាក់ថា ៖ "មានអារម្មណ៍ថា ដូចជាភ័យខ្លួនដែរ តែខ្ញុំអត់ជឿទេ ព្រោះអត់អីសម្អាងថា វាជាការពិត"។
អាចនិយាយថាកាលពីតូច យុវជន សៀ សុវណ្ណារ័ត្ន ជាក្មេងឆោតម្នាក់ដូចក្មេងដទៃដែរ ព្រោះពេលតុកកែឈប់យំត្រឹមពាក្យ ម៉ាយ យុវជនរូបនេះ ខឹងយ៉ាងខ្លាំងរហូតរកវ៉ៃសត្វជើងស្អិតនេះទៀតផង។
លោក សុវណ្ណារ័ត្ន និយាយថា៖ "នៅក្មេងឆោតណាស់បងអើយ... បាន ម៉ាយ បងប្អូនបង្អាប់ចុះបង្អាប់ឡើង ខ្ញុំខឹងនោះខឹង! ពេលខ្លះចង់វ៉ៃតុកកែទម្លាក់ពីលើផ្ទះ។ តែបើបានមុំវិញ ខ្ញុំអាញឹមក្បួច"។
យ៉ាងណា អ្នកខេត្តបាត់ដំបង សុវណ្ណារ័ត្ន មិនជឿរឿងបានប្រពន្ធ មេម៉ាយ ឬក្រមុំ តាមសម្រែកតុកកែដូចគ្នា។
មានស្រុកកំណើតនៅខេត្តពោធិ៍សាត់លោក ឈឿន សីហា រៀបរាប់ថា រឿងបានប្រពន្ធក្រមុំ ឬមេម៉ាយនេះ គ្រាន់តែជាការបោកប្រាស់របស់ចាស់ៗប៉ុណ្ណោះ តាមពិតគ្មានជំនឿបែបនេះឡើយ។
លោក សីហា ថា ៖ “ស្រុកខ្ញុំចាស់បោកថា ពេលតុកកែយំ គេកំណត់រាប់ចាប់ពីមេម៉ាយមុន។ បើវាឈប់យំត្រឹម ម៉ាយ ខ្ញុំនឹងបានប្រពន្ធ មេម៉ាយ (បើគាត់រាប់ ម៉ាយ-មុំ)។ បើឈប់ត្រឹម មុំ ខ្ញុំនឹងបានប្រពន្ធ ក្រមុំ"។
មកពីខេត្តពោធិ៍សាត់ដូចគ្នា លោក នៅ រ៉ាវី បានឱ្យ Sabay ដឹងថា នៅតំបន់របស់លោក គេមិននិយាយដូច្នេះទេ ពោលគឺគេធ្វើការប្រៀបធៀបវិញ។
លោក រ៉ាវី បន្ថែមថា ៖ "ខាងខ្ញុំគេរាប់ពីមេម៉ាយដូចគ្នា ប៉ុន្តែបើតុកកែឈប់យំត្រឹម ម៉ាយ គេថាអ្នកហ្នឹងបានប្រពន្ធល្អ ហើយស្អាត។ បើបាន មុំ បានន័យថា បានប្រពន្ធឡិកឡក់។ អត់ល្អ!”។
ចំពោះជំនឿនេះ រ៉ាវី ថ្លែងថា គ្រាន់តែជាល្បិចបោករបស់ចាស់ៗ ដើម្បីកុំឱ្យក្មេងៗខ្លាចតុកកែប៉ុណ្ណោះ មិនខុសអីនឹង ញ៉ាំចុងអំពៅ ចេះហែលទឹកទេ ហើយរូបលោកក៏មិនជឿលើជំនឿដឹង តាមតែគ្នានេះដែរ។
ក្នុងភូមិរបស់អ្នក មានចាស់ៗនិយាយអ៊ីចឹងទេ? អ្នកជឿអត់?
ចុចអាន៖ ហេតុអ្វីខ្មែរអាចរៀបការថ្ងៃចូលឆ្នាំថ្មីបាន ប៉ុន្តែចិនមិនអាច?
ចុចអាន៖ ឪពុកម្ដាយកើតឆ្នាំវក គួរយកបុត្រធីតាឆ្នាំណាល្អ ?
អត្ថបទ៖ អ៊ុំ សុភក្តិ